រាងកាយខ្វះសារជាតិចិញ្ចឹមទាំងបីនេះអាចធ្វើឲ្យសក់ជ្រុះ
- 2023-09-01 07:36:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាងកាយខ្វះសារជាតិចិញ្ចឹមទាំងបីនេះអាចធ្វើឲ្យសក់ជ្រុះ
សក់ជ្រុះអាចមកពីមូលហេតុច្រើនយ៉ាង ដូចជាបញ្ហាអ័រម៉ូន ការប្រើប្រាស់ថ្នាំ ឬបញ្ហាសុខភាពផ្សេងទៀត។ យ៉ាងណាក្នុងអត្ថបទនេះ កញ្ញា នឹងលើកយកសារធាតុចិញ្ចឹមបីសំខាន់សម្រាប់សុខភាពសក់ ហើយបើរាងកាយខ្វះសារធាតុចិញ្ចឹមទាំងបីនេះ ក៏អាចធ្វើឲ្យយើងប្រឈមនឹងបញ្ហាជ្រុះសក់ដែរ។
ជាតិដែកមិនត្រឹមតែល្អសម្រាប់សុខភាពរាងកាយប៉ុណ្ណោះទេ តែក៏ល្អសម្រាប់សក់ផងដែរ។ អ្នកមានបញ្ហាខ្វះជាតិដែកមិនត្រឹមតែអាចប្រឈមនឹងបញ្ហាស្លេកស្លាំងប៉ុណ្ណោះទេ តែក៏ប្រឈមនឹងបញ្ហាជ្រុះសក់ដូចគ្នា។ ជាតិដែកជួយឲ្យសក់មានសុខភាពរឹងមាំ ភ្លឺរលួង ជួយចិញ្ចឹមគល់សក់ និងធ្វើឲ្យសក់លូតលាស់បានលឿន។ បើខ្វះជាតិដែក សក់នឹងបាត់បង់នូវអ្វីទាំងនេះ និងអាចនាំឲ្យជ្រុះ។ ញ៉ាំអាហារសម្បូរជាតិដែកដូចជាបង្គា ខាត់ណាខៀវ ស៊ុត សាច់មាន់ សាច់គោ និងតៅហ៊ូ ជាដើម សុទ្ធតែល្អចំពោះសុខភាពសក់។
កង្វះវីតាមីន D ក៏អាចធ្វើឲ្យយើងប្រឈមនឹងបញ្ហាសក់ជ្រុះបានដែរ ព្រោះថាវីតាមីនមួយនេះមាននាទីសំខាន់ក្នុងការជួយឲ្យសក់លូតលាស់បានល្អ។ វីតាមីន D ជួយឲ្យរាងកាយស្រូបកាល់ស្យូមបានល្អ ដែលកាល់ស្យូមមាននាទីជួយឲ្យសក់លូតលាស់ល្អ និងរក្សាសក់ឲ្យមានសុខភាពល្អ។ ករណីខ្វះវីតាមីន D ក៏នឹងបង្កការរំខានដល់ការលូតលាស់របស់សក់ផងដែរ។ ញ៉ាំអាហារសម្បូរវីតាមីន D ដើម្បីឲ្យសក់មានសុខភាពល្អ ដែលអាហារទាំងនោះមានដូចជាខ្លាញ់ត្រី ស៊ុត និងទឹកដោះគោបន្ថែមវីតាមីន D ជាដើម។
ប្រូតេអ៊ីនក៏ជាសារជាតិចិញ្ចឹមដែលមានសារៈសំខាន់ក្នុងការធានាឲ្យសក់មានសុខភាពល្អ និងលូតលាស់បានល្អដូចគ្នា។ កង្វះប្រូតេអ៊ីន នឹងធ្វើឲ្យយើងប្រឈមនឹងបញ្ហាជ្រុះសក់ដែរ។ សក់កើតឡើងដោយមានការរួមផ្សំនៃប្រូតេអ៊ីនដែលមានឈ្មោះថា Karatin ហើយរបបអាហារដែលសម្បូរប្រូតេអ៊ីនគឺមានផ្ទុកអាស៊ីតអាមីណូ ដែលអាស៊ីតនេះជួយដល់សុខភាពសក់។ ញ៉ាំអាហារមានប្រូតេអ៊ីនគ្រប់គ្រាន់ជួយឲ្យសក់រឹងមាំ និងមានសុខភាពល្អ។ អាហារសម្បូរប្រូតេអ៊ីនមានដូចជាសាច់មាន់ សាច់ក្រហម ស៊ុត និងតៅហ៊ូ ជាដើម។ យ៉ាងណា ការញ៉ាំអាហារសម្បូរប្រូតេអ៊ីនច្រើនលើសកម្រិតក៏អាចមានផលអវិជ្ជមានដល់សក់វិញដែរ ដូចនេះគួរញ៉ាំក្នុងកម្រិតសមល្មម។