ហេតុ​អ្វី​ការ​ថែទាំ​សុខ​ភាព​ក្រោយ​សម្រាល​ជា​រឿង​ចាំបាច់​?​

  • 2023-08-29 02:35:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រយៈ​ពេល​ក្រោយ​សម្រាល​គឺ​រាប់​ចាប់​ពី​ពេល​សម្រាល​រហូត​ដល់​៦​សប្ដាហ៍ ឬ​ប្រាំ​បី​សប្ដាហ៍​ក្រោយសម្រាល​។ ក្នុង​រយៈ​ពេល​នេះ​ការ​ថែ​ទាំ​សុខ​ភាព​ម្ដាយ​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​គឺ​ជា​រឿង​ចាំ​បាច់​ ដើម្បី​ឲ្យ​ម្ដាយ​អាច​មាន​សុខ​ភាព​ល្អ​ដូច​ដើម​វិញ​។​

ក្នុង​ដំណាក់​កាល​នេះ​បើ​មិន​បាន​ថែ​ទាំ​សុខ​ភាព​ឲ្យ​បាន​ដិតដល់​ទេម៉ាក់ៗ​អាច​ប្រឈម​នឹង​បញ្ហា​សុខ​ភាព​មួយ​ចំនួន​។ បញ្ហា​សុខ​ភាព​ទាំង​នោះ​អាច​មាន​ដូច​ជា​ថប់បារម្ភ ធ្លាក់​ឈាម​ ឡើង​សម្ពាធ​ឈាម ឬ​បញ្ហា​ពិបាក​បំបៅ​ដោះ​កូន​ជា​ដើម​។​ តើ​ការ​ថែទាំ​ក្រោយ​សម្រាល​មាន​អ្វី​ខ្លះ?​

ក្នុង​ដំណាក់​កាល​នេះ​ស្រ្តី​ជា​ម្ដាយ​មាន​ការ​ប្រែ​ប្រួល​ច្រើន​ទាំង​ផ្នែក​រាង​កាយ​ និង​អារម្មណ៍​។ ដូច​នេះ​ការ​យក​ចិត្តទុក​ដាក់​លើ​រប​ប​អាហារ​ល្អ​ចំពោះ​សុខ​ភាព សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ ធ្វើ​លំហាត់ប្រាណ​តាម​ការ​ណែ​នាំ​របស់គ្រូពេទ្យ​គឺ​ជា​រឿង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​។​

បន្ថែម​ពី​នេះ​​ការ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​សុខ​ភាព​ក៏​ជា​រឿង​ចាំ​បាច់​ដែរ បើ​ទោះបី​ជា​យើង​​​មិន​មាន​បញ្ហា​អ្វី​ក៏​ដោយ​ ព្រោះ​ថា​បញ្ហា​សុខ​ភាព​ក្រោយ​សម្រាល​មួយ​ចំនួន​អាច​ដឹង​បាន​ដរាប​ណា​មាន​ការ​ពិនិត្យ​ដោយ​គ្រូពេទ្យ​ជំនាញ​។​

មួយ​វិញ​ទៀត​បើ​សិន​ជា​ម៉ាក់ៗ​ជួប​បញ្ហា​អាមរម្មណ៍​ប្រែ​ប្រួល​ បាត់​បង់​ចំណង់​អាហារ អស់​កម្លាំង​ខ្លាំង ​បាត់​បង់​ភាព​រីករាយ​បន្ទាប់​ពី​សម្រាល​រួច​ ពិបាក​មើល​ថែ​កូន និង​គ្មាន​អារម្មណ៍​ធ្វើ​កិច្ច​ការ​ផ្ទះ​មួយ​ចំនួន​បាន នោះ​ទំនង​ជា​ម៉ាក់ៗ​កំពុង​មាន​បញ្ហា​ថប់បារម្ភ​ហើយ​។ ការណ៍​នេះ ម៉ាក់ៗ​គួរ​ស្វែងរក​អ្នក​ប្រឹក្សា​យោបល់​ពី​មនុស្ស​ជុំ​វិញ​ខ្លួន​ ឬ​​​ត្រូវ​ទៅជួប​​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ក្នុង​ករណី​អាការៈ​មិន​ថម​ថយ​។

​ជា​រួម​ការ​ថែ​ទាំ​ខ្លួន​ក្រោយ​សម្រាល​នេះ​មិន​ត្រឹម​តែ​មាន​សារសំខាន់​សម្រាប់​សុខ​ភាព​ម្ដាយ​ទេ តែ​ក៏​សំខាន់​សម្រាប់​សុខ​ភាព​ទារក​ដែរ បើ​ម្ដាយ​មាន​សុខ​ភាព​ល្អ ការ​បំបៅ​ដោះ​កូន​ និង​ការ​មើល​ថែ​កូន​ក៏​បាន​ល្អ​ដូច​គ្នា។

ប្រភព៖ healthline | mayoclinic អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម