ស្ថានភាពមួយចំនួនអាចនាំ​ឲ្យ​ជំងឺហឺតធ្វើទុក្ខកាន់តែខ្លាំង

  • 2023-08-29 08:06:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យើងធ្លាប់បានដឹង និងបានស្គាល់ហើយអំពីជំងឺហឺត ដែលជាទូទៅត្រូវបានគេស្គាល់ថាជាជំងឺផ្លូវដង្ហើម និងអាចជាបញ្ហាអស់មួយជីវិតថែមទៀតផង។ ទោះបីជាជំងឺនេះ កើតឡើងលើមនុស្សគ្រប់វ័យ និងត្រូវបានគេស្គាល់ជាញឹកញាប់ ក៏មនុស្សមួយចំនួននៅពុំទាន់ស្វែងយល់ស៊ីជម្រៅពីជំងឺនេះនៅឡើយ។

ថ្ងៃនេះ កញ្ញានឹងនាំអ្នកទាំងអស់គ្នាមកស្វែងយល់អំពីជំងឺហឺត។

អ្វីទៅជាជំងឺហឺត?

ជំងឺហឺត ជាជំងឺរលាកទងសួតរ៉ាំរ៉ៃ ដែលបង្កឡើយដោយប្រតិកម្មទងសួតជាមួយនឹងអាឡែកហ្សែន (សារធាតុបង្កអាលែកហ្ស៊ី) បន្ទាប់មកធ្វើឲ្យមានការត្បៀតទងសួតជាហេតុបណ្តាលឲ្យមានការលំបាកក្នុងការដកដង្ហើមចេញ។ ជំងឺ​នេះត្រូវបានគេស្គាល់ថាជាជំងឺផ្លូវដង្ហើម ដែលមានអាការៈស្តែងចេញជារោគសញ្ញាផ្សេងៗច្រើនសណ្ឋានដូចជា ឡេះឡះ ប្រកាច់ និងមានការពិបាកដកដង្ហើម។

សម្រាប់អ្នកកើតជំងឺហឺត គេអាចស្តាប់រកសំឡេងដង្ហើមដូច​សំឡេងឆ្មា សំឡេងងឺតៗ ហើយវែង ជាពិសេសនៅពេលដកដង្ហើមចេញ។ ហើយនៅពេលដែលអ្នកជំងឺដកដង្ហើមចូល ស្បែកដែលនៅលើឆ្អឹងដងកាំបិត និងចន្លោះឆ្អឹងជំនីររបស់ពួកគេអាចផតចូល ដោយសារគេប្រឹងស្រូបយកខ្យល់។ ក្នុងករណីគេមិនអាចស្រូបយកខ្យល់ឲ្យបានគ្រប់គ្រាន់ ក្រចក និងបបូរមាត់របស់អ្នក​ជំងឺ​នឹងឡើងខៀវ ហើយសរសៃឈាមវ៉ែននៅកអាចឡើង​ប៉ោង។

តើកត្តាអ្វីខ្លះបណ្តាលឲ្យជំងឺហឺតធ្វើទុក្ខ?

ការធ្វើទុក្ខនៃជំងឹហឺត អាចបង្កឡើងដោយ៖

  • ការបរិភោគអាហារប្រភេទខ្លះ
  • ការដកដង្ហើមចូលនូវសាធាតុ​បង្កអាលែកហ្ស៊ីណាមួយ​
  • ចំពោះកុមារតូចៗ ជំងឺហឺតចាប់ផ្តើមធ្វើទុក្ខដោយសារមានជំងឺគ្រុនផ្តាសាយ
  • ចំពោះមនុស្សខ្លះ ជំងឺហឺតធ្វើទុក្ខនៅពេលមានអារម្មណ៍ភ័យខ្លាច ឬការព្រួយបារម្ភខ្លាំង
  • ជំងឹហឺតក៏អាចបណ្តាលមកពីខ្យល់អាកាសមិនស្អាត (ផ្សែងពុល) ដូចជាផ្សែងបារី ផ្សែងដុតសំរាម ឬផ្សែងពីចង្ក្រាន និងផ្សេងពីការដុតនៅតាមវាលស្រែ ឬផ្សែងយានយន្ត និងផ្សែងតាមរោងចក្រឧស្សាហកម្មផ្សេងៗជាដើម។

តើអ្នកជំងឺហឺតអាចមានការព្យាបាលដូចម្តេច?

ការព្យាបាលជំងឹហឺតទាមទារឲ្យមានការជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីស្វែងយល់អំពីជំងឺ ការវិវត្ត និងជំរើសផ្សេងៗនៃការព្យាបាល។

  • បើជំងឺហឺតមានសភាពកាន់កាន់តែធ្ងន់ធ្ងរនៅពេលស្នាក់នៅក្នុងផ្ទះ អ្នកជំងឺ​គួរចេញទៅខាងក្រៅផ្ទះ នៅកន្លែងដែលមានខ្យល់អាកាសល្អបំផុត
  • ផ្តល់ទឹកឲ្យអ្នកជំងឺឲ្យបានច្រើន ព្រោះទឹកជួយធ្វើឲ្យស្លេស្មរាវ និងធ្វើឲ្យងាយដកដង្ហើម។ ក្រៅពីនេះ ការហឺតចំហាយទឹកក្តៅក៏អាចជួយអ្នកជំងឺឲ្យបានធូរស្រាលខ្លះដែរ។
  • ចំពោះពេលជំងឺ​ធ្វើទុក្ខ អ្នកជំងឺត្រូវព្យាបាលដោយប្រើប្រដាប់ហឺតថ្នាំសាល់ប៊ុយតាម៉ុល(Salbutamol) ឲ្យបានញឹកញាប់តាមត្រូវការ។ ថ្នាំនេះគឺជាថ្នាំបាញ់ដែលអ្នកត្រូវហឺតចូលយ៉ាងវែងតាមដែលអាចធ្វើបាន។ បញ្ជាក់៖ បើអ្នកជំងឺនៅតែមិនធូរស្រាលទេ សូមស្វែងរកជំនួយពីគ្រូពេទ្យដែលនៅជិតបំផុត។

តើអ្នកកើតជំងឺហឺតគួរធ្វើបែបណាដើម្បីបង្ការភាពកាន់តែធ្ងន់ធ្ងរនៃជំងឺ?

វិធីបង្ការមួយចំនួនសម្រាប់អ្នកជំងឺហឺតមានដូចជា៖

  • អ្នកជំងឹហឺតគួរតែជៀសវាងការបរិភោគអាហារ ឬការដកដង្ហើមចូលនូវសារធាតុ​ណាដេលបណ្តាលឲ្យជំងឹហឺតធ្វើទុក្ខ
  • ផ្ទះ ឬកន្លែងធ្វើការត្រូវរក្សាឲ្យបានស្អាតជានិច្ច
  • កុំឲ្យមានមាន់ ឬសត្វដទៃទៀតចូលក្នុងផ្ទះ
  • ដាក់កម្រាលពូកហាលថ្ងៃ
  • ជួនកាល ការដេកនៅខាងក្រៅផ្ទះ នៅកណ្តាលវាល ក៏អាចជួយដែរ
  • ផឹកទឹកយ៉ាងតិច ៨កែវ ក្នុងមួយថ្ងៃដើម្បីឲ្យស្លេស្មរាវ
  • អ្នកជំងឺហឺតអាចធូរស្រាល បើស្ថិតនៅកន្លែងដែលមានខ្យល់អាកាសល្អ
  • អ្នកមានជំងឺហឺត កុំជក់បារី ព្រោះការជក់បារីធ្វើឲ្យសួតខូចកាន់តែខ្លាំង ចំពោះអ្នកមានបញ្ហាជំងឺសួត ពិសេសជំងឺហឺត គួរមកទទួលការពិគ្រោះយោបល់ ដើម្បីដឹងអំពីការថែរក្សាសុខភាពសួត ជាមួយគ្រូពេទ្យជំនាញ។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital អត្ថបទដោយ៖ សុលក្ខិណា

អត្ថបទពេញនិយម