អ្វីជា​វិធីសាស្រ្តថែទាំកូនមិនគ្រប់ខែ ឬមិនគ្រប់គីឡូបែបកង់ហ្គូរ៉ូ?​

  • 2023-08-29 08:10:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានដែលឆ្ងល់អត់ថាទារកមិនទាន់គ្រប់ខែ ត្រូវបានគេថែទាំយ៉ាងដូចម្តេច? ឬថាតើការមើលថែទារកមិនគ្រប់ខែ មានលក្ខណៈខុសគ្នាដូចម្តេចខ្លះបើធៀបនឹងការថែទាំទារកគ្រប់ខែធម្មតា? ថ្ងៃនេះ កញ្ញានឹងនាំអ្នកទាំងអស់គ្នា មកស្វែងយល់អំពីទារកមិនទាន់គ្រប់ខែ តាមបែបកង់ហ្គូរ៉ូ។

តើការថែទាំទារកតូច ឬទារកមិនទាន់គ្រប់ខែ តាមបែបកង់ហ្គូរ៉ូជាអ្វី?

ការថែទាំទារកតូច ឬទារកមិនទាន់គ្រប់ខែ តាមបែបកង់ហ្គូរ៉ូ គឺជាការថែទាំទារកតូច ឲ្យប៉ះជាប់នឹងស្បែកម្តាយ ដើម្បីឲ្យទារកទទួលកំដៅពីម្តាយ។ វិធីសាស្រ្តនេះ ជាវិធីថែទាំដ៏សាមញ្ញ មិនមានភាពស្មុកស្មាញ តែមានប្រសិទ្ធភាពបំផុត សម្រាប់ជួយម្តាយដែលមានទារកកើតមិនគ្រប់ខែ ឬមានគីឡូតិចពីកំណើត (តិចជាង២៥០០ក្រាម) ។

ក) លក្ខខណ្ឌនៃការអនុវត្តវិធីសាស្រ្ត៖

វិធីសាស្រ្តនេះ អនុញ្ញាតឲ្យធ្វើការថែទាំបានលុះត្រាតែៈ

  • ទារករួចផុតពីជំងឺផ្លូវដង្ហើម ជំងឺឆ្លង និងរួចផុតពីសញ្ញាគ្រោះថ្នាក់ដទៃទៀត
  • ម្តាយមិនមានជំងឺឆ្លង
  • ម្តាយយល់ដឹងពីការអនាម័យច្បាស់
  • មានក្រុមគ្រួសារជួយ

ខ) វិធីនៃការដាក់ឲ្យទារកប៉ះជាប់និងស្បែកម្តាយ៖

វិធីនៃការដាក់ឲ្យទារកប៉ះជាប់និងស្បែកម្តាយ ត្រូវអនុវត្តដូចខាងក្រោមៈ

  • ចំពោះទារក ត្រូវស្លៀកតែខោទឹកនោម ខ្លួននៅទទេមិនបាច់ពាក់អាវទេ តែត្រូវពាក់មួក ស្រោមជើង និងស្រោមដៃដើម្បីជួយការពារការបាត់កម្តៅ
  • ចំពោះម្តាយ ត្រូវមានអាវជាតិអំបោះពាក់ខាងក្នុងមួយ និងអាវពាក់ពីក្រៅមួយហើយម្តាយត្រូវមានអនាម័យខ្លួន និងដៃឲ្យបានស្អាត
  • ដាក់ក្បាលទារក នៅចន្លោះទ្រូងម្តាយ
  • មុខទារក ត្រូវងាកមកឆ្វេង ឬស្តាំ ជៀសវាងមុខផ្គាប់លើទ្រូងម្តាយ
  • ជើងទាំងពីររបស់ទារក ត្រូវនៅក្នុងអាវម្តាយក្នុងសភាពដូចកង្កែប

តើវិធីសាស្រ្តនេះមានផលប្រយោជន៍អ្វីខ្លះដល់ទារក?

ទារកបានទទួលកម្តៅគ្រប់គ្រាន់ពីម្តាយ

• ទារកដែលមានគីឡូពីកំណើតតិច ឬមិនគ្រប់ខែ សរីរាង្គងាយនឹងបាត់បង់កំដៅ ដោយសារប្រព័ន្ធការពារកំដៅខ្សោយ ហើយទារកតូចៗ ពុំមានស្រទាប់ជាតិខ្លាញ់នៅក្នុងខ្លួនទេ។ • ការបាត់បង់កំដៅចំពោះទារកតូចៗ និងមិនគ្រប់ខែ អាចបណ្តាលឲ្យទារកមានគ្រោះថ្នាក់ដល់អាយុជីវិតរយៈពេលខ្លី។

ទារកឆាប់ចង់បៅ

• ទារកទើបនឹងកើត ពុំអាចមើលឃើញមុខម្តាយទេតែអាចធំក្លិនម្តាយ ដែលក្លិននេះអាចរំញោចឲ្យទារកចង់បៅដោះម្តាយ ដែលជាហេតុធ្វើឲ្យទារកឆាប់ឡើងទម្ងន់។

ទារកអាចដកដង្ហើមបានទៀងទាត់

• ទារកមិនគ្រប់ខែ ប្រព័ន្ធផ្លូវដង្ហើមដែលមាននៅផ្នែកខួរក្បាលនៅខ្ចីនៅឡើយ ដែលងាយធ្វើឲ្យទារកឆាប់ភ្លេចដកដង្ហើម។ ការដាក់ទារកនៅលើទ្រូងម្តាយ ធ្វើឲ្យទារកស្តាប់ឮចង្វាក់បេះដូងម្តាយ ដែលការស្តាប់ឮនេះ រំញោចឲ្យទារកធ្វើការដកដង្ហើមទៀងទាត់មកវិញ។

កាត់បន្ថយការឆ្លងរោគក្នុងមន្ទីរពេទ្យ

ទារកតូច ឬមិនគ្រប់ខែមានប្រព័ន្ធការពារសរីរាង្គខ្ចី ឬខ្សោយ ដូចនេះទារកស្ថិតក្នុងកន្លែងសង្គ្រោះយូរ ងាយនឹងចាប់យកមេរោគពីខាងក្រៅ ដែលបង្កគ្រោះថ្នាក់ដល់ជីវិត។ ការដាក់ទារកឲ្យនៅជាមួយម្តាយ ធ្វើឲ្យទារកចង់បៅដោះម្តាយ ដែលទឹកដោះម្តាយសម្បូរទៅដោយប្រព័ន្ធការពារ(អង់ទីករ) ជួយទារករួចផុតពីការឆ្លងរោគក្នុងមន្ទីរពេទ្យ។

ក្រៅពីនេះ វិធីនេះជួយបង្កើតទំនាក់ទំនងស្និទ្ធស្នាលរវាងម្តាយនិងកូនតូច ដែលធ្វើឲ្យម្ដាយ​បាត់អារម្មណ៍តានតឹងពីការថែទាំកូន និងធ្វើឲ្យមានភាពម្ចាស់ការ ក្នុងការថែទាំទារកនៅពេលចេញពីមន្ទីរពេទ្យ​ ហើយការថែទាំតាមវីធីកង់ហ្គូរ៉ូនេះ ជួយកាត់បន្ថយការសម្រាកពេទ្យយូរ។

ម្តាយគ្រប់រូបនៅពេលសម្រាល​កូន​មានទម្ងន់តិច(ទារកមានគីឡូតិចជាង ២៥០០ក្រាម) ឬមិនគ្រប់ខែ តែងមានអារម្មណ៍ពិបាកចិត្តក្នុងការថែទាំកូនជាទីស្រលាញ់របស់ខ្លួន ហើយមួយទៀតកូនតូចត្រូវនៅឆ្ងាយពីខ្លួន មិនបានឱបជាប់និងខ្លួនដូចគេ ទារកក៏ដូចគ្នាគឺនៅឆ្ងាយពីម្តាយ។

ដូចនេះការថែទាំទារកមិនគ្រប់ខែ ឬមិនគ្រប់គីឡូតាមបែបវិធីសាស្ត្រកង់ហ្គូរ៉ូ បានជួយបង្កើតឲ្យម្តាយមានអារម្មណ៍ធូរស្រាលវិញនៅពេលឃើញកូនរាល់ថ្ងៃ។

ប្រសិទ្ធិភាពនៃការថែទាំតាមបែបវិធីសាស្ត្រនេះ គឺអាស្រ័យលើពេលវេលា។ បើម្តាយដាក់កាន់តែយូរ ប្រសិទ្ធិភាពកាន់តែល្អ ព្រោះកូនបានទទួលកំដៅពីម្តាយគ្រប់គ្រាន់ ធ្វើឲ្យទារកឡើងគីឡូបាន។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital អត្ថបទដោយ៖ សុលក្ខិណា