មូហេតុ​មួយ​ចំនួន​ធ្វើ​ឲ្យស្រ្តីមានផ្ទៃពោះ​ប្រឈមនឹង​ការ​រលូត​កូន

  • 2023-08-27 00:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្តីស្រមៃរបស់ស្ត្រីពពោះគ្រប់រូបតែងចង់បានការ​សម្រាលដោយសុវត្ថិភាព និងមានសុខភាពល្អ។​ ផ្ទុយពីនេះ ភាពភ័យខ្លាចបំផុតរបស់ស្ត្រីកំពុងពពោះគឺការរលូតកូន ដែលវាប្រៀបបាននឹងសុបិន្តដ៏អាក្រក់មួយសម្រាប់ម្តាយគ្រប់រូប។ ថ្ងៃនេះកញ្ញា នឹងនិយាយអំពីបញ្ហារលូតកូន រោគសញ្ញា និងមូលហេតុបណ្តាលឲ្យមានការរលូតកូន ដើម្បីឲ្យម៉ាក់ៗអាចបង្ការ និងការពារខ្លួន។

តើការរលូតកូនជាអ្វី?

រលូតកូន គឺជាការខ្ជាក់ចេញនៃទារក ឬគត៌ពីស្បូនមុន ២៤សប្តាហ៍ ទោះជាគត៌ឈប់វិវត្ត ឬទារកនៅរស់ក៏ដោយ។

ជាទូទៅ គេចែកការរលូតកូនជាបី ដោយញែកដាច់ពីគ្នា៖

១. ការរលូតកើតឡើងនៅត្រីមាសទី១: ជាញឹកញាប់ ការរលូតនេះកើតដោយចៃដន្យ ដោយមូលហេតុបណ្តាលមកពីកូនខ្លួនឯង។

២. ការរលូតកើតឡើងនៅត្រីមាសទី២: មូលហេតុបណ្តាលមកពីស្បូនកើតឡើងច្រំដែល។

៣. ការរលូតកើតឡើងនៅពេលដែលស៊ុតលែងលូតលាស់: ទាក់ទងទៅនឹងភាពមិនប្រក្រតីនៃក្រូម៉ូសូម ឬការឆ្លងរោគ។

តើការរលូតកូនមានរោគសញ្ញាអ្វីខ្លះ?

ការរលូតកូនមានរោគសញ្ញាពីរដំណាក់កាលបន្តបន្ទាប់ដូចខាងក្រោម៖

១. គំរាមរលូត មានសញ្ញាដូចជា ៖

  • ធ្លាក់ឈាម តិច ឬច្រើន ប្រសិនជាពណ៍ខ្មៅជាករណីស៊ុតលែងលូតលាស់
  • ឈឺពោះ តិច ឬខ្លាំង ដែលបណ្តាលមកពីស្បូនកន្រ្តាក់

២. កំពុងរលូត មានសញ្ញាដូចជា ៖

  • ធ្លាក់ឈាមខ្លាំង, ច្រើន
  • ឈឺពោះ ញឹក, ខ្លាំង
  • មាត់ស្បូនបើកខ្ជាក់កូនមកក្រៅទ្វារមាស

តើការរលូតកូនមានផលវិបាកអ្វីខ្លះ?

ជាទូទៅនៅពេលគត៌រលូតនៅដំណាក់កាលដំបូង វាកម្រនឹងឲ្យផលវិបាកណាស់ ហើយក្នុងករណីរលូតមិនអស់ នឹងតម្រូវឲ្យធ្វើការបូមសម្អាត។

តើការរលូតកូនបណ្តាលមកពីមូលហេតុអ្វី?

ការរលូតកូនបណ្តាលមកពីកត្តាច្រើនដូចជាកត្តាស៊ុត កត្តាស្បូនស្ត្រីជាម្តាយ កត្តាឆ្លងរោគ កត្តាអ័រម៉ូន និងកត្តាទូទៅ។​

១) កត្តាបណ្តាលមកពីស៊ុត

  • កត្តាកូនភ្លោះ
  • ការជំរុញបង្កកំណើត
  • កូនពង
  • ភាពមិនប្រក្រតីនៃក្រូម៉ូសូម (50% -60%)

២)កត្តាបណ្តាលមកពីស្បូន

  • ស្បូនខុសប្រក្រតី
  • ស្បូនព្រែក
  • ស្បូនតូច
  • ស្បូនដុះសាច់
  • មាត់ស្បូនចំហ

៣) កត្តាឆ្លងរោគ

  • រោគផ្តាសាយ
  • រលាកបំពង់ក
  • គ្រុនពោះវៀន
  • រោគសង្គម

៤) កត្តាអ័រម៉ូន

  • ជំងឺពក-ក
  • លើស អង់ដ្រូសែន
  • កង្វះលុយតេអាល់

៥) កត្តាទូទៅ

  • ជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ
  • មានផ្ទៃពោះញឹកញាប់
  • បាក់កំលាំង
  • ធ្វើដំណើរផ្លូវឆ្ងាយពេក
  • កត្តាផ្លូវចិត្ត
  • កត្តាភាពស៊ាំ

តើយើងអាចបង្ការ និងព្យាបាលការរលូតកូនតាមរបៀបណាខ្លះ?

១) ករណីគម្រាមរលូត

  • សម្រាកពីការងារ
  • បំបាត់ឈឺស្បូន
  • ព្យាបាលដោយអ័រម៉ូន

២) ករណីកំពុងរលូត បើគត៌មានអាយុលើសពី ១០សប្តាហ៍ត្រូវធ្វើការបូមសម្អាត។

ដើម្បីបង្ការ ករណីរលូតកូនញឹកញាប់ ត្រូវមកជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសសម្ភពនិងរោគស្រ្តីមុន និងកំឡុងពេលចាប់ផ្តើមមានគត៌នៅត្រីមាសដំបូង។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital អត្ថបទដោយ៖ សុលក្ខិណា