ញ៉ាំស្ករច្រើនធ្វើឲ្យកើតជំងឺទឹកនោមផ្អែម?
- 2023-08-21 07:50:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញ៉ាំស្ករច្រើនធ្វើឲ្យកើតជំងឺទឹកនោមផ្អែម?
ជំងឺទឹកនោមផ្អែម គឺជាការជាតិស្ករក្នុងឈាមខ្ពស់ជាងធម្មតា ហេតុនេះហើយទំនងជាមានគ្នាយើងជាច្រើនអាចគិតថាការញ៉ាំស្ករច្រើនជាដើមចមនៃការកើតជំងឺទឹកនោមផ្អែម? ជាការពិត ការញ៉ាំស្ករច្រើន ឬអាហារមានជាតិស្ករបន្ថែម ឬស្ករចម្រាញ់ច្រើនពិតជាបង្កើនហានិភ័យនាំឲ្យកើតជំងឺទឹកនោមផ្អែម។ ប៉ុន្តែមិនមែនជាតិស្ករតែមួយមុខអាចបង្កឲ្យយើងកើតជំងឺទឹកនោមផ្អែមនោះទេ។
កត្តារួមផ្សំមួយចំនួនទៀតដែលអាចរួមចំណែកឲ្យយើងកើតជំងឺទឹកនោមផ្អែម។ កត្តាទាំងនោះមានដូចជារបបអាហារប្រចាំថ្ងៃ បែបបទនៃការរស់នៅ និងហ្សែន ជាដើម។
ជំងឺទឹកនោមផ្អែមកើតឡើងនៅពេលដែលរាងកាយរបស់យើងមិនអាចគ្រប់គ្រងជាតិស្ករក្នុងឈាមបានតទៅទៀត។ ការគ្រប់គ្រងកម្រិតជាតិស្ករលែងបាន កើតឡើងពេលលំពែងឈប់ផលិតអាំងស៊ុយលីន ឬពេលដែលកោសិកាប្រឆាំងអាំងស៊ុយលីនដែលរាងកាយផលិត។ អាំងស៊ុយលីនគឺជាអ័រម៉ូនម្យ៉ាងជួយកម្ចាត់ជាតិស្ករចេញពីក្នុងចរន្តឈាម និងបញ្ជូនចូលទៅក្នុងកោសិកា។
កម្រិតជាតិស្ករក្នុងឈាមខ្ពស់ក្នុងរយៈពេលយូរ ក៏អាចធ្វើឲ្យមានផលវិបាកកើតឡើងច្រើនផ្សេងទៀតដូចជាបង្កហានិភ័យជំងឺបេះដូង ធ្វើឲ្យខូចប្រព័ន្ធប្រសាទ និងតម្រងនោមជាដើម។ ដូចនេះហើយ ការគ្រប់គ្រងជាតិស្ករក្នុងឈាមឲ្យនៅតម្រិងត្រឹមត្រូវគឺជារឿងចាំបាច់។
ជំងឺទឹកនោមផ្អែមប្រភេទ ១៖ កើតឡើងនៅពេលប្រព័ន្ធភាពស៊ាំរបស់យើងវាយប្រហារលើលំពែង ដែលបំផ្លាញដល់សមត្ថភាពក្នុងការផលិតអាំងស៊ុយលីន។
ជំងឺទឹកនោមផ្អែមប្រភេទ ២៖ កើតឡើងពេលលំពែងឈប់ផលិតអាំងស៊ុយលីនតាមតម្រូវការ ឬកោសិការាងកាយលែងឆ្លើយតបនឹងអាំងស៊ុយលីន ឬកើតឡើងទាំងពីរតែម្ដង។
ការសិក្សាជាច្រើនរកឃើញថាអ្នកដែលចូលចិត្តញ៉ាំភេសជ្ជៈផ្អែមមានហានិភ័យ២៥ភាគរយខ្ពស់ជាងអ្នកមិនសូវញ៉ាំក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទ ២។
ដូចគ្នាដែរ ប្រទេសដែលមានប្រជាពលរដ្ឋចូលចិត្តញ៉ាំស្ករច្រើន ក៏មានអត្រាអ្នកកើតជំងឺទឹកនោមផ្អែមខ្ពស់ដែរ បើធៀបទៅប្រទេសដែលមានប្រជាពលរដ្ឋញ៉ាំជាតិស្ករតិច្ច។
យ៉ាងណាការញ៉ាំផ្អែមមិនមែនជាមួលហេតុតែមួយគត់នៃការបង្កហានិភ័យជំងឺទឹកនោមផ្អែមនោះទេ គឺគេត្រូវមើលកត្តាប្រឈមផ្សេងទៀតដូចជាធាត់លើសទម្ងន់ ផឹកគ្រឿងស្រវឹងច្រើន និងមិនសូវហាត់ប្រាណជាដើម ដែលកត្តាទាំងនេះសុទ្ធតែរួមចំណែកបង្កើនហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ ២។
ការញ៉ាំស្ករច្រើនអាចបង្កហានិភ័យដោយប្រយោលក្នុងការកើតជំងឺទឹកនោមផ្អែម ដោយសារតែផលប៉ះពាល់របស់ Fructose ដែលជាមូលេគុលស្ករមួយប្រភេទ ទៅលើថ្លើម។ មូលេគុលនេះជំរុញឲ្យកើតមានជំងឺខ្លាញ់រុំថ្លើម និងរលាកថ្លើម និងធ្វើឲ្យមានបញ្ហាស៊ាំអាំងស៊ុយលីនផងដែរ។ ផលប៉ះពាល់ ទាំងនេះ អាចនាំឲ្យថ្លើមផលិតអាំងស៊ុយលីនខុសប្រក្រតី ដែលជាហេតុនាំឲ្យយើងប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ ២។
ការញ៉ាំអាហារ ឬភេសជ្ជៈមានជាតិស្ករបន្ថែមច្រើនអាចនាំឲ្យមានហានិភ័យកាន់តែខ្ពស់ក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទ ២ ដោយទំនងថាជាតិស្ករបានបង្កផលប៉ះពាល់ជាអវិជ្ជមានលើថ្លើម និងធ្វើឲ្យយើងប្រឈមនឹងបញ្ហាធាត់។ អង្គការសុខភាពពិភពលោកណែនាំឲ្យយើងទទួលកាឡូរីពីអាហារ ឬភេសជ្ជៈមានជាតិស្ករបន្ថែមមិនលើសពី១០ភាគរយនៃកាឡូរីសរុបប្រចាំថ្ងៃ។
ដូចគ្នាដែរ ការកម្រិតការញ៉ាំជាតិស្ករតែមួយមុខមិនទាន់គ្រប់គ្រាន់តែក្នុងការបង្ការជំងឺទឹកនោមផ្អែមប្រភេទ២ទេ។ យើងត្រូវញ៉ាំអាហារសម្បូរដោយបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ កាហ្វេមានស្ករតិច ឬគ្មានស្ករ និងញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតតិចតួច។ បន្ថែមពីនេះត្រូវរក្សាទម្ងន់ខ្លួនឲ្យនៅកម្រិតល្អ កុំឲ្យធាត់លើសទម្ងន់ និងហាត់ប្រាណឲ្យបានទៀងទាត់ដូចជាដើរ រត់ ជិះកង់ ឬហែលទឹក យ៉ាងតិច៣០នាទីក្នុងមួយថ្ងៃ។