អ្វីទៅជាជំងឺទឹកនោមប្រៃ ហើយវាមានរោគសញ្ញាអ្វីខ្លះ?

  • 2023-12-18 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

១/ អ្វីទៅជាជំងឺទឹកនោមប្រៃ ហើយវាមានរោគសញ្ញាអ្វីខ្លះ?

ជាធម្មតា តម្រងនោមរបស់មនុស្សយើងមានចំនួន២ ហើយតម្រងនោមនីមួយៗ មានកោសិកាតម្រង ឬ Glomeruli ចំនួន១លានកោសិកា។ ជំងឺទឹកនោមប្រៃ កើតឡើងដោយសារការខូចខាតនូវមុខងាររបស់កោសិកាតម្រង (Glomeruli) និងបង្កអោយអ្នកជំងឺ ចាប់ផ្តើមមានវត្តមាន សារធាតុប្រូតេអ៊ីនក្នុងទឹកនោមយ៉ាងច្រើន (លើសពី ៣ក្រាម ក្នុងរយៈពេល ២៤ម៉ោង) ព្រមទាំងបាត់បង់សារធាតុសាច់ (Albumin) នៅក្នុងឈាម ដែលជាហេតុធ្វើអោយអ្នកជំងឺលេចចេញនូវអាការៈ ហើម ជាពិសេសនៅបរិវេណត្របកភ្នែក និងជើងទាំងសងខាង។

រោគសញ្ញាផ្សេងទៀតមានដូចជា៖

  • ទឹកនោមមានពពុះច្រើនខុសធម្មតា

  • ឡើងគីឡូលឿន ខុសធម្មតា ដោយសារហើម

  • អស់កម្លាំង ល្ហិតល្ហៃ

  • បាត់បង់ចំណង់ក្នុងការបរិភោគអាហារជាដើម។

២/ មូលហេតុអ្វីបានជា កើតជំងឺទឹកនោមប្រៃ?

ជំងឺទឹកនោមប្រៃ ចំពោះមនុស្សពេញវ័យ មានមូលហេតុច្រើន ប្រែប្រួលទៅតាមអាយុ និងភេទរបស់អ្នកជំងឺ។ មូលហេតុភាគច្រើន គឺបណ្តាលមកពី៖

  • ការខូចខាតនូវកោសិកាតម្រង Glomeruli (ជំងឺ Minimal change disease ជំងឺ Focal segment glomerulosclerosis) ។

  • ជំងឺ លូពីស (Lupus nephritis)

  • ជំងឺទឹកនោមផ្អែម រុំារ៉ៃយូរឆ្នាំ

  • ជំងឺបំរុងក្រឡាភ្លើង ឬ ក្រឡាភ្លើង ចំពោះស្រ្តីមានផ្ទៃពោះ

  • ការប្រើប្រាស់ថ្នាំដែលមានលទ្ធភាពពុលតម្រងនោម ដូចជា ថ្នាំបំបាត់ការឈឺចាប់ NSAIDs ថ្នាំ Lithium ថ្នាំ D-Penicillamine ជាដើម។

  • ផ្សេងៗទៀត ដូចជា ជំងឺឆ្លងមួយចំនួន (រលាកថ្លើម ឆ្លងមេរោគអេដស៍) ជំងឺមហារីកសួត មហារីកឈាម ជាដើម។

ការរុករកមូលហេតុពិតប្រាកដ ដែលបង្កអោយមានជំងឺទឹកនោមប្រៃ គឺពិតជាមានសារៈសំខាន់ណាស់ សំរាប់ការព្យាបាល និងការការពារកុំអោយមានផលវិបាករហូតដល់ខ្សោយតម្រងនោមរ៉ាំរ៉ៃ។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម