អ្នកវិទ្យាសាស្រ្ដអបអរក្រោយតម្រងនោមជ្រូក​នៅបន្ត​ដំណើរការក្នុង​ខ្លួន​មនុស្ស​

  • 2023-08-17 02:50:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រូពេទ្យ​វះ​កាត់​នៅ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា​តម្រង​នោម​ជ្រូក​ដែល​ពួកគេ​បាន​វះ​កាត់​ដាក់​ចូល​ក្នុង​ខ្លួន​​​អ្នក​ជំងឺ​ដែល​ជា​មនុស្ស​រុក្ខជាតិ​នៅ​បន្ត​ដំណើរ​ការ​ជា​ធ្មតា​ក្នុង​រយៈពេល​ជាង​មួយ​ខែ​មក​នេះ ដែល​នេះ​ជា​សញ្ញាវិជ្ជមាន​មួយ​សម្រាប់​តម្រូវ​ការ​ប្ដូរ​សរីរាង្គ​ដែល​មនុស្ស​លើ​ពិភព​លោក​ជា​ច្រើន​ត្រូវ​ការ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​Aljazeera ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២៣​។​

ក្រុម​គ្រូពេទ្យ​វះ​កាត់​នៅ​New York University Langone Transplant Institute​មាន​ប្រសាសន៍​ថានេះ​ជា​ជោគជ័យ​មួយ​ដែល​តម្រង​នោម​ជ្រូក​បាន​បន្ត​ដំណើរ​ការ​នៅ​ក្នុង​រាង​កាយ​មនុស្ស បើ​ទោះបី​ជា​អ្នក​នោះ​ជា​មនុស្ស​រុក្ខជាតិ​ហើយ​ក្ដី​។​​​​​​​

ប្រ​ធាន​វិទ្យា​ស្ថាន​នេះ​មាន​ប្រសាសន៍​ថា​លទ្ធ​ផល​នេះ​នឹង​ផ្ដល់​ការ​ធានា​បន្ថែម​ទៀត​សម្រាប់​ការ​សិក្សា​បន្ត​លើ​មនុស្ស​រស់​។

​តាម​រយៈ​ការ​សិក្សា​នេះ ក្រុម​អ្នក​វិទ្យាសាស្រ្ត​សង្ឃឹម​ថា​ការ​ប្ដូរ​តម្រង​នោម​ពី​ជ្រូក​មក​មនុស្ស​នេះ​នឹង​ជួយ​ដល់​មនុស្ស​ជាច្រើន​ដែល​កំពុង​រង់​ចាំ​ការ​ប្ដូរ​សរីរាង្គ​នេះ​ដើម្បី​បន្ត​ជីវិត​។​

នៅ​សហរដ្ឋអាមេរិក​មាន​មនុស្ស​ជាង​១០៣ ០០០​នាក់​កំពុង​រង់​ចាំ​ការ​ប្ដូរ​សរីរាង្គ ក្នុង​នោះ​មាន​៨៨ ០០០​នាក់​ត្រូវ​ការ​ប្ដូរ​តម្រង​នោម​ ខណៈ​មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​ស្លាប់​ពេល​កំពុង​រង់​ចាំ​នេះ​។

ប្រភព៖ Aljazeera អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម