ជិតមករដូវមុខឡើងមុន សភាពស្បែកប្រែប្រួល? ទាំងនេះជាមូលហេតុ
- 2023-08-15 04:15:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតមករដូវមុខឡើងមុន សភាពស្បែកប្រែប្រួល? ទាំងនេះជាមូលហេតុ
ស្បែក និងវដ្ដរដូវរបស់ស្រីៗមានទំនាក់ទំនងគ្នា តើជឿអត់? ពិតណាស់ស្រីៗយើងច្បាស់ជាដឹងរឿងនេះមិនខាន។ គ្នាយើងខ្លះអាចជួបបញ្ហាឡើងមុនពេលជិតមករដូវ ឬក៏មានការប្រែប្រួលពណ៌ស្បែកជាដើម។ តើរឿងទាំងនេះកើតឡើងបានយ៉ាងម៉េច?
អ័រម៉ូនដើរតួយ៉ាងសំខាន់ក្នុងការប្រែប្រួលរបស់ស្បែកក្នុងវដ្ដរដូវ។ ការឡើងចុះនៃកម្រិតអ័រម៉ូនអឺស្រ្តូហ្សែន និងប្រូហ្សេស្តេរ៉ូន អាចប៉ះពាល់ដល់ស្ថានភាពស្បែក លំនឹងជាតិទឹក និងអាចបង្កើនការផលិតជាតិខ្លាញ់នៅលើស្បែក បូករួមនឹងកោសិកាងាប់ អាចនាំឲ្យមានការរាំងស្ទះរន្ធញើសបង្កឲ្យទៅជាកើតមុន។
ខាងក្រោមនេះជាផលប៉ះពាល់របស់វដ្ដរដូវមកលើស្បែក និងគន្លឹះមួយចំនួនដោះស្រាយបញ្ហានេះ៖
ថ្ងៃទី១-៦ នៃវដ្ដរដូវ៖ ដំណាក់កាលនេះ កម្រិតអ័រម៉ូនអឺស្រ្តូហ្សែន និងប្រូហ្សេស្តេរ៉ូន អាចចុះទាបបំផុត ដែលអាចធ្វើឲ្យស្រីៗយើងមានអារម្មណ៍ថាស្បែកស្ងួត និងងាយប្រតិកម្ម។ ដើម្បីដោះស្រាយបញ្ហានេះ យើងត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ និងអាចប្រើផលិតផលដែលអាចផ្ដល់សំណើមដល់ស្បែក។
ថ្ងៃទី៧-១១ នៃវដ្ដរដូវ៖ បន្ទាប់ពីអស់ឈាមរដូវ ការផលិតអ័រម៉ូនអឺស្រ្តូហ្សែនចាប់ផ្ដើមកើតមានជាថ្មី និងជំរុញដល់ការផ្លាស់ប្ដូរកោសិកា។ ក្នុងកាលៈទេសៈនេះ វាជាពេលដ៏ស័ក្ដិសមសម្រាប់ស្រីៗយើងធ្វើការជម្រុះកោសិកាស្បែកងាប់ ដើម្បីការពារកុំឲ្យកកស្ទះនៅរន្ធញើស។
ថ្ងៃទី១២-១៦ នៃវដ្ដរដូវ៖ ដំណាក់កាលនេះអ័រម៉ូនអឺស្រ្តូហ្សែនបានឡើងដល់កម្រិតខ្ពស់បំផុត ដែលអាចធ្វើឲ្យស្រីៗយើងសម្គាល់ដឹងថាស្បែកហាក់មានសភាពរលួង។ យ៉ាងណា ត្រូវប្រាកដថាការពារស្បែកកុំឲ្យត្រូវពន្លឺថ្ងៃខ្លាំង ដោយអាចស្លៀកពាក់ជិតៗ ប្រើផលិតផលការពារស្បែក ឬកុំចាកចេញពីអាគារនៅពេលមេឃក្ដៅខ្លាំង។ ដូចគ្នាដែរ ដំណាក់កាលនេះក៏ជាដំណាក់កាលនៃការទុំធ្លាក់មេជីវិតញី ដែលអាចផ្ដល់ឱកាសឲ្យមានការបង្កកំណើតដែរ។
ថ្ងៃទី១៧-២៨ នៃវដ្ដរដូវ៖ អំឡុងពេលនេះអ័រម៉ូនប្រូហ្សេស្តេរ៉ូនបានកើនឡើងវិញម្ដង ដែលអាចធ្វើឲ្យស្រីៗយើងមួយចំនួនមានបញ្ហាស្បែកឡើងខ្លាញ់ និងមានមុនច្រើនជាងធម្មតា។ ក្នុងដំណាក់កាលនេះ យើងអាចប្រើផលិតផលរក្សាស្បែកដែលគ្មានជាតិប្រេង និងចៀសវាងយកដៃមិនស្អាតប៉ះផ្ទៃមុខ ដើម្បីការពារកុំឲ្យមុខឆ្លងមេរោគ ឬបាក់តេរី។