ម៉ាក់ៗកំពុងពពោះបារម្ភរឿងកូនបញ្ច្រាសជើងគួរដឹងពីមូលហេតុ និងការសម្រាលនេះ

  • 2023-08-03 07:17:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាការពិត ការសម្រាលកូនដោយសុវត្ថិភាព ដោយទាំងម្តាយ និងទារកមានសុខភាពល្អជាបំណងប្រាថ្នារបស់ឪពុកម្តាយគ្រប់គ្នា។ យ៉ាងណាមិញ ក្នុងលក្ខខណ្ឌខ្លះ កូនសម្រាលមកអាចជួបប្រទះបញ្ហាមួយចំនួន ដែលថ្ងៃនេះកញ្ញា​នឹងលើកយកបញ្ហាកូនបញ្ច្រាសជើង មកចែករំលែកដល់អ្នកទាំងអស់គ្នា ដែល​ព័ត៌មាន​នេះ​ដកស្រង់ចេញ​ពី​មន្ទីរពេទ្យ​កាល់ម៉ែត​។

តើអ្វីទៅជាការសម្រាលកូនទម្រង់បញ្ច្រាស?

ការសម្រាលកូនទម្រង់បញ្ច្រាស ជាការសម្រាលកូនដោយផ្នែក ដែលទម្រង់គូទ ឬជើងកើតចេញមកមុនហើយផ្នែកក្បាលចេញមកក្រោយទៅវិញ។ ជាទូទៅ ទម្រង់នេះមានពី ៣% ទៅ ៤% នៃស្ត្រីមានផ្ទៃពោះទាំងអស់។

តើមូលហេតុអ្វីបានជាកូនមានទម្រង់បញ្ច្រាស?

មូលហេតុដែលបណ្តាលឲ្យកូនមានទម្រង់បញ្ច្រាស មានដូចជា៖

  • កូនមិនគ្រប់ខែ
  • កូនភ្លោះ
  • កូនមិនគ្រប់លក្ខណៈ
  • ទឹកភ្លោះមានច្រើនលើសលប់ ឬតិចតួច
  • សុកពាំងមាត់ស្បូន
  • ទងសុកខ្លី ឬទងសុករុំ ក កូន
  • ម្តាយមានដុំស្បូន ឬដុំដៃស្បូន
  • ម្តាយធ្លាប់មានកូនច្រើនដងរួចហើយ
  • ម្តាយមានឆ្អឹងត្រគាកមិនប្រក្រតី
  • ករណីខ្លះគ្មានមូលហេតុ
ប្រភពរូបភាព៖ មន្ទីរពេទ្យកាល់ម៉ែត

តើធ្វើដូចម្តេចទើបដឹងថាកូនមានទម្រង់បញ្ច្រាស?

យើងអាចដឹងបានតាមរយៈ៖

  • ការស្ទាបពោះម្តាយ​ដោយ​ឆ្មប ឬគ្រូពេទ្យ​ជំនាញ​
  • ការស្តាប់បេះដូងកូន ដែលស្ថិតនៅផ្នែកលើនៃផ្ចិតម្តាយ
  • ការពិនិត្យអេកូសាស្ត្រ
  • ការលូកមើលតាមមាត់ស្បូនម្តាយ ដែលអាចធ្វើឡើងនៅពេលដែលមាត់ស្បូនបើកបានធំបន្តិចហើយ
ប្រភពរូបភាព៖ មន្ទីរពេទ្យកាល់ម៉ែត

តើស្ត្រីដែលមានទម្រង់កូនបញ្ច្រាសគួរធ្វើការវះកាត់ ឬអាចសម្រាលតាមធម្មជាតិបាន?

ស្ត្រីទាំងឡាយអាចធ្វើការសម្រាលតាមធម្មជាតិបានចំពោះទម្រង់កូនបញ្ច្រាសលុះត្រាតែ៖

  • ម្តាយមានអាងត្រគាកទូលាយល្អ និងមិនធាត់ខ្លាំង
  • ម្តាយមិនធ្លាប់ធ្វើការវះកាត់យកកូនពីមុន
  • ម្តាយគ្មានជំងឺផ្ទាល់ខ្លួន ដែលអាចប្រឹងក្នុងការសម្រាលកូនបាន
  • គ្មានសុកពាំងមាត់ស្បូន
  • ម្តាយគ្មានបញ្ហាក្នុងការសម្រាលកូនមុនៗ
  • កូនមានទំងន់ចន្លោះ ២ ៥០០ ទៅ ៣ ៨០០ក្រាម
  • ក្បាលកូនមិនមានទំហំធំខ្លាំង និងមិនងើយ
  • កូននៅក្នុងពោះមិនមានសញ្ញាថាខ្សោយ
  • កូនមិនមែនមិនគ្រប់ខែខ្លាំង
  • មិនមានការបែកទឹកភ្លោះមុនឈឺពោះសម្រាលរយៈពេលយូរ
  • មានការយល់ព្រមអំពីម្តាយ និងក្រុមគ្រួសារក្នុងការសម្រាលកូនបញ្ច្រាសតាមបែបធម្មជាតិ

ដូច្នេះ ម៉ាក់ៗកំពុងពពោះគួរឧស្សាហ៍ទៅពិនិត្យតាមដានកូនក្នុងផ្ទៃ ដើម្បីដឹងពីទីតាំង និងសុខភាពកូនមុនពេលសម្រាល។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital អត្ថបទដោយ៖ សុលក្ខិណា

អត្ថបទពេញនិយម