ម៉ាក់ៗកំពុងពពោះ តស់ស្វែងយល់អំពីជំងឺលើសសម្ពាធឈាម

  • 2023-08-02 07:33:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកដឹងទេ? ក្នុងចំណោមស្រ្ដីមានផ្ទៃពោះ ១០នាក់ មានម្នាក់ កើតជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះ ដែលអាចបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរ ឬអាចមានគ្រោះថ្នាក់ខ្ពស់ដល់អាយុជីវិតថែមទៀតផង។

តើអ្វីទៅជាជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះ?

ជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះ ជាជំងឺដូចទៅនឹងជំងឺលើសសម្ពាធឈាមលើស្ត្រី ដែលគ្មានផ្ទៃពោះដែរ ដោយសម្ពាធឈាមខាងលើ (Systolic) លើសពី១៤០mmHg និងសម្ពាធខាងក្រោម (Diastolic) លើសពី៩០mmHg។

ជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះត្រូវបានចែកចេញជា ៤ប្រភេទ៖

១. ជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ (Pre-existing or chronic hypertension)៖ អ្នកជំងឺលើសសម្ពាធឈាមមុន ២០សប្ដាហ៍នៃគភ៌(ពពោះ)។

២. ជំងឺលើសសម្ពាធឈាមពេលមានផ្ទៃពោះ (Gestational hypertension)៖ ជាការលើសសម្ពាធឈាមក្រោយ២០សប្ដាហ៍នៃការពពោះ។

៣.ជំងឺបម្រុងក្រឡាភ្លើង (Preeclampsia)៖ អ្នកជំងឺលើសសម្ពាធឈាម ហើយមានជាតិប្រូតេអ៊ីននៅក្នុងទឹកនោម (proteinuria) លើសពី៣០០មីល្លីក្រាម ក្នុងរយៈពេល២៤ម៉ោង។

យ៉ាងណាមិញ ក្នុងការណែនាំថ្មីនៃការធ្វើរោគវិនិច្ឆ័យជំងឺបម្រុងក្រឡាភ្លើង រោគសញ្ញាដទៃទៀតរួមមាន៖

  • ស្រវាំងភ្នែក
  • ការប៉ះពាល់ទៅលើមុខងារថ្លើម ដោយសម្គាល់បានដោយឈឺនៅឆ្អឹងជំនីរក្រោមខាងស្ដាំ
  • ការឡើងខ្ពស់នៃអង់ស៊ីម Transaminase
  • ការប៉ះពាល់ទៅលើតម្រងនោមដោយមានការកើនឡើងនៃ Creatinine
  • និងអាចឃើញមានជំងឺហើមសួត (Pulmonary edema)។

៤. ជំងឺបម្រុងក្រឡាភ្លើង រួមនឹងជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ៖ មានន័យថា អ្នកជំងឺមានលើសសម្ពាធឈាមមុនពពោះ រួមជាមួយរោគសញ្ញា នៃជំងឺបម្រុងក្រឡាភ្លើង ក្រោយ២០សប្តាហ៍នៃការពពោះ។

តើជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះបណ្តាលមកពីកត្តាអ្វីខ្លះ?

កត្តាដែលស្ត្រីមានផ្ទៃពោះងាយប្រឈមមុខនឹងជំងឺលើសសម្ពាធឈាមមានដូចជា៖

  • ស្រ្ដីដែលមានផ្ទៃពោះមានអាយុលើសពី ៤០ឆ្នាំ ឬតិចជាង ១៨ឆ្នាំ
  • ស្រ្ដីធាត់ខ្លាំង
  • ស្រ្ដីធ្លាប់មានជំងឺបម្រុងក្រឡាភ្លើងពីមុនមក
  • ស្រ្ដីពពោះកូនភ្លោះ
  • ស្រ្តីមានជំងឺលើសឈាម
  • ស្រ្ដីមានវិបត្តិតម្រងនោម
  • ស្រ្ដីមានជំងឺពាក់ព័ន្ធទៅនឹងប្រព័ន្ធប្រឆាំងរាងកាយ (autoimmune disease)
  • ឬស្រ្ដីមានជំងឺទឹកនោមផ្អែម

តើជំងឺនេះផ្តល់ផលប៉ះពាល់បែបណាខ្លះទៅលើម្ដាយ និងកូន?

- ការប៉ះពាល់ផ្នែកខាងម្ដាយ៖ ស្រ្ដីជាម្ដាយអាចប្រឈមទៅនឹងការដាច់សរសៃឈាមខួរក្បាល ឬកើតមានជំងឺហើមសួត (Pulmonary Edema)។ ស្រ្តីច្រើនមានរោគសញ្ញាហត់ខ្លាំង អាចប្រកាច់ បែកគ្រាប់ឈាម ថយចុះនៃចំនួនប្លាកែត ព្រមទាំងមានវិបត្តិថ្លើម និងតម្រងនោមធ្ងន់ធ្ងរទៀតផង។ ហើយប្រសិនបើពុំមានការព្យាបាលត្រឹមត្រូវនោះទេ អ្នកជំងឺនឹងឈានទៅរកសេចក្ដីស្លាប់រហូតទៅដល់ ១០ ទៅ ១៥%។

- ការប៉ះពាល់ផ្នែកខាងកូន៖ ទារកអាចប្រឈមទៅនឹងការកើតមិនគ្រប់ខែ មានការលូតលាស់យឺតយ៉ាវជាងក្មេងធម្មតា ឬមានជំងឺវិបត្តិផ្លូវដង្ហើមស្រួចស្រាល់ ឬអាចមានគ្រោះថា្នក់ដល់ជីវិតតែម្ដង។

តើជំងឺលើសសម្ពាធឈាមត្រូវព្យាបាលយ៉ាងដូចម្តេច?

យើងអាចធ្វើការព្យាបាលទៅលើជំងឺនេះបាន ប៉ុន្តែយើងមិនអាចប្រាកដថាមិនមានគ្រោះថ្នាក់ដល់ជីវិត១០០%នោះទេ ដោយក្នុងនោះមាន១០% ទៅ ១៥% ជាករណីដែលមិនអាចគ្រប់គ្រងបាន។

ប៉ុន្តែជាទូទៅ ប្រសិនបើអ្នកជំងឺស្ថិតក្នុងក្រុមដែលលើសសម្ពាធឈាមពេលមានផ្ទៃពោះ ឬភាសាបច្ចេកទេសហៅថា “Gestational Hypertension” ការលើសសម្ពាធឈាមនឹងត្រឡប់ទៅរកសភាពធម្មតាវិញបន្ទាប់ពីសម្រាលកូនរួច ៣ ទៅ ៤សប្តាហ៍ ឬ ៣ខែក្រោយ ដែលវាអាស្រ័យទៅលើស្ថាន​ភាពបុគ្គលម្នាក់ៗ។

ចំណែកឯអ្នកជំងឺដែលស្ថិតក្នុងក្រុមលើសសម្ពាធឈាមរ៉ាំរ៉ៃវិញ ការលើសសម្ពាធឈាមនឹងមិនបាត់ទៅវិញឡើយ ដែលតម្រូវឲ្យអ្នកជំងឺប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាមយូរអង្វែង។

តើជំងឺនេះអាចបង្ការបានយ៉ាងដូចម្តេច?

ចំពោះវិធីបង្ការវិញ ប្រសិនបើស្រ្តីដែលធ្លាប់កើតមានជំងឺនេះម្ដងរួចទៅហើយ ដូច្នេះគាត់ត្រូវតែទៅតាមដានជាមួយគ្រូពេទ្យជំនាញឲ្យបានជាប់លាប់ បើសិនជាគាត់ចង់មានគភ៌លើកក្រោយទៀត ដើម្បីចៀសវាងគ្រោះថ្នាក់ក្នុងការកើតជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះម្ដងទៀត។

ប្រសិនបើស្រ្តីមានផ្ទៃពោះ រួចសង្ស័យថាខ្លួនមានរោគសញ្ញាដូចជា ឈឺក្បាល ស្រវាំងភ្នែក ឬចុកចុងដង្ហើម សូមប្រញាប់ប្រញាល់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីកាត់បន្ថយអត្រាការស្លាប់របស់ម្ដាយ និងទារកអំឡុងពេលមានផ្ទៃពោះ និងពេលសម្រាល។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital អត្ថបទដោយ៖ សុលក្ខិណា