នារីជនជាតិ​ចិន​ម្នាក់​ស៊ូរស់នៅក្នុងឡានដើម្បីកាត់បន្ថយថ្លៃជួលផ្ទះ

  • 2023-08-01 06:51:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដូចគ្នានឹងមនុស្សវ័យក្មេងជាច្រើនទៀតនៅទីក្រុងធំៗដែរ អ្នកនាង Twiggy He អាយុ២៨ឆ្នាំ រស់នៅទីក្រុង Shenzhen ប្រទេសចិន ក៏ស្វែងរកដំណោះស្រាយសន្សំលុយខណៈថ្លៃឈ្នួលផ្ទះកាន់តែកើនពីមួយថ្ងៃទៅមួយថ្ងៃ។

បុគ្គលិកធ្វើការក្នុងវិស័យបច្ចេកវិទ្យារូបនេះ បានប្ដូរមករស់នៅក្នុងឡាន RV ដោយមានបំពាក់ផ្ទះបាយ ក៏ដូចជាព្យាណូជាដើម។ មុនពេលរើមកនៅក្នុងឡាន នាងត្រូវចំណាយលុយជួលផ្ទះ ២៥០០យាន់ (៣៤៩ដុល្លារ) ក្នុងមួយខែ។

តែនៅពេលនេះ នាងត្រូវចំណាយលុយជួលឡានតែ ៦០០យាន់ (៨៣ដុល្លារ) និងថ្លៃផ្ញើឡាន ២ដុល្លារមួយថ្ងៃតែប៉ុណ្ណោះ។ អ្វីដែលពិសេសនោះគឺ នាងចំណាយពេលតែ២នាទីប៉ុណ្ណោះ ដើម្បីទៅធ្វើការ ព្រោះនាងចតឡានក្នុងចំណតឡានរបស់ក្រុមហ៊ុនផ្ទាល់តែម្ដង។

នារីវ័យក្មេងរូបនេះ បានបង្ហើបថាខ្លួនមានគម្រោងទិញផ្ទះនៅទីក្រុងតូចមួយ​នៅពេលខាងមុខ ប្រសិនបើសន្សំលុយបានគ្រប់គ្រាន់។ ចំណែកលោក Zhang Xi វិញ ក៏​មិន​ខុស​ពី អ្នកនាង Twiggy He ដែរ ដោយសារតែ​​តម្លៃជួលផ្ទះខ្ពស់នៅទីក្រុង Shenzhen ក៏ជាមូលហេតុធ្វើឲ្យលោករើចូលមកនៅក្នុងឡានដូចគ្នា។

“តម្លៃជួលផ្ទះនៅទីនេះ សម្រាប់បុគ្គលិកធម្មតាដូចជាខ្ញុំគឺមិនអាចបង់រួចឡើយ” លោក Zhang Xi ប្រាប់ទៅកាន់បណ្ដាញព័ត៌មាន។ ការស្ទង់មតិកាលពីថ្មីៗនេះ បានរកឃើញថា ថ្លៃជួលផ្ទះគឺចំណាយអស់ ៤៩%នៃប្រាក់ខែរបស់បុគ្គលិកធ្វើការនៅទីក្រុង Shenzhen ទៅហើយ៕

ប្រភព៖ ប្រភព ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម