រោគសញ្ញា និងវិធីព្យាបាលដុំសាច់ក្នុងស្បូន ស្ត្រីគួរតែដឹង

  • 2023-08-03 07:36:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលនិយាយដល់ដុំសាច់ក្នុងស្បូន ស្រ្តីភាគច្រើនតែងគិតដល់ប្រភេទដុំសាច់កាច ដែលគេភាគច្រើនស្គាល់ថាជាដុំសាច់មហារីក។ ប៉ុន្តែវាមិនមែនជាការពិត​ទាំង​ស្រុុងទេ ដែលថារាល់ដុំសាច់ទាំងអស់ សុទ្ធតែជាប្រភេទដុំសាច់កាច។ ថ្ងៃនេះកញ្ញា នឹងនិយាយអំពីប្រភេទដុំសាច់ក្នុងស្បូន ដែលវាជាប្រភេទដុំស្លូត ឬគេហៅថា Uterine fibroids។

លោក​ស្រីវេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា ឯកទេសសម្ភព និងរោគស្ត្រី​នៅ​មន្ទីរ​សម្ភព​រ៉ូស បានពន្យល់ថា Fibroids ជាដុំគីសស្លូត ដែលកើតឡើងនៅទីតាំងខុសៗគ្នា ក្នុងបរិវេណសាច់ដុំស្បូន ដោយពុំមានហេតុផលជាក់លាក់ណាមួយនោះទេ​។ វាអាចកើតមាននៅជិតមាត់ស្បូន លើកំពូលស្បូន ពេលខ្លះមានទង ពេលខ្លះដុះផ្ទាល់ក្នុងតួស្បូន។

ការកើតដុំគីសស្លូត Fibroids អាចពាក់ព័ន្ធនឹងកត្តាតំណពូជ ភាពធាត់ និងបម្រែបម្រួលអ័រម៉ូនរបស់ស្ត្រីជាដើម។ មួយវិញទៀត ផលប៉ះពាល់ ឬផលរំខាន អាស្រ័យទៅនឹងទីតាំង ទំហំ និងចំនួនរបស់វា។

ផលប៉ះពាល់នៃដុំសាច់ក្នុងស្បូន

ការមានដុំគីសក្នុងស្បូន អាចបង្កផលប៉ះពាល់ ឬផលរំខានមួយចំនួនដល់ស្ត្រីដូចជា ការមករដូវច្រើន ការចុកចង្កេះ និងផលវិបាកក្នុងការមានកូនជាដើម។​​ យ៉ាងណាមិញ ដុំគីសក្នុងស្បូនភាគច្រើន ពុំបញ្ចេញនូវរោគសញ្ញាអ្វីទាំងអស់ នេះបើតាមការលើកឡើងរបស់លោក​ស្រីវេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា ដដែល​។

ការព្យាបាល

លោក​ស្រី​វេជ្ជបណ្ឌិតបានបន្តថា ទាក់ទងនឹងការព្យាបាល​ជំងឺគីសក្នុងស្បូននេះ ពុំអាចព្យាបាលដោយការលេបថ្នាំនោះឡើយ។ វិធីតែមួយគត់ក្នុងការព្យាបាល គឺការវះកាត់យកដុំចេញ។ ក្នុងករណីដែលដុំមានសភាពធំ និងស្ថិតក្នុងទីតាំងមួយដែលមិនអាចធ្វើការវះកាត់បាន វិធីសាស្ត្រមួយទៀតដែលវេជ្ជបណ្ឌិតធ្វើនោះ គឺការវះស្បូនទាំងមូលតែម្តង។

ទាក់ទងនឹងការវះកាត់នេះ គឺទាមទារតែក្នុងករណីដែលស្ត្រីមានការរំខានខ្លាំង ដូចជាមានការធ្លាក់ឈាមច្រើន និងការឈឺចង្កេះខ្លាំង។ ​ក្នុងករណីមានរោគសញ្ញាទាំងពីរនេះ ជាបឋម គ្រូពេទ្យអាចផ្តល់នូវថ្នាំលេបសម្រាប់កាត់បន្ថយការធ្លាក់ឈាម និងបន្ថយការឈឺចាប់។ តែប្រសិនបើ អាការៈនៅតែបន្ត ស្ត្រីត្រូវតែមកទទួលការវះកាត់ជាដាច់ខាត ដើម្បីបញ្ឈប់ផលរំខានទាំងនេះ។

គួរបញ្ជាក់ថា ជំងឺដុំសាច់ក្នុងស្បូន ជាជំងឺដែលសម្បូរ និងជាពិសេសកើតក្នុងចំណោមស្ត្រីជិតអស់រដូវ ដោយសារបម្រែបម្រួលខ្លាំងនៃអ័រម៉ូន។ ដូច្នេះ ស្ត្រីគួរទៅទទួលការពិនិត្យសុខភាពជាប្រចាំ ជាពិសេសមុនពេលយកកូនដើម្បីកាត់បន្ថយហានិភ័យដែលបណ្តាលមកពីជំងឺនេះ។

អត្ថបទដោយ៖ សុលក្ខិណា

អត្ថបទពេញនិយម