កូនតូចមិនឡើងគីឡូ ម៉ាក់ៗប៉ាៗគួរដឹងរឿងទាំងនេះ

  • 2023-08-05 03:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម៉ាក់ៗណាខ្លះធ្លាប់ប្រៀបធៀបថ្ពាល់ និងមាឌកូនតូចរបស់ខ្លួនជាមួយនឹងក្មេងតូចផ្សេងទៀត ដែលម៉ាក់ៗធ្លាប់ជួប? ហើយម៉ាក់ៗធ្លាប់សួរខ្លួនឯងទេ ថាតើកូនតូចខ្លួនរាល់ថ្ងៃទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ដែរឬទេ បានជាតូចបែបនេះ? ឬតើគួរធ្វើយ៉ាងម៉េចដើម្បីឲ្យកូនឡើងគីឡូ មានសាច់ទ្រលុកទ្រលន់ដូចកូនគេ?

ឪពុកម្តាយជាច្រើនគិតពីរឿងនេះ យ៉ាងណាមិញ ក្នុងរយៈពេលពីរបីថ្ងៃដំបូងបន្ទាប់ពីទារកកើត ពួកគេនឹងស្រកទម្ងន់ខ្លះ។

ពិសេស ទារកដែលបៅទឹកដោះគោ អាចបាត់បង់ប្រហែល ៣ ទៅ ៤ ភាគរយនៃទម្ងន់កំណើតរបស់ពួកគេក្នុងរយៈពេលពីរបីថ្ងៃដំបូងនៃជីវិត។ ចំណែកទារកដែលបំបៅទឹកដោះម្តាយអាចបាត់បង់ពី ៦ ទៅ ៧ ភាគរយ។

ត្រឹមរយៈពេល ២សប្តាហ៍ ទារកភាគច្រើននឹងឡើងទម្ងន់ឡើងវិញ។ ហើយនៅត្រឹមអាយុ ១ខួប ម៉ាក់ៗប៉ាៗប្រហែលជាសម្គាល់ឃើញថាកូនឡើងទម្ងន់បីដងទៅហើយ។

តើកូនម៉ាក់ៗប៉ាៗត្រូវការឡើងទម្ងន់ទេ? ប្រសិនបើម៉ាក់ៗមានអារម្មណ៍ថា កូនមិនឡើងទម្ងន់ទេ ជំហានដំបូង គឺត្រូវស្វែងរកការណែនាំពីគ្រូពេទ្យកុមារ ដើម្បីផ្តល់ប្រឹក្សាអំពីការបំបៅដោះកូន។

គ្រូពេទ្យជំនាញអាចប្រឹក្សាជាមួយម៉ាក់ៗប៉ាៗ ដើម្បីកំណត់តារាងការលូតលាស់របស់កូន ធៀបនឹងតារាងការលូតលាស់ជាមធ្យមនៃក្មេងដទៃទៀត។

ស្តង់ដារនៃការឡើងទម្ងន់របស់កុមារ និងការបំបៅកូនក្នុងឆ្នាំដំបូង

ពី ០ ទៅ ៣ ខែ ការរំពឹងទុកនៃការលូតលាស់៖ ចាប់ពីកំណើតដល់ ៣ខែ អ្នកអាចរំពឹងថាកូននឹងលូតលាស់ពី ១,៥ ទៅ ២,៥ សង់ទីម៉ែត្រ ក្នុងមួយខែ។ ពួកគេអាចឡើងពី ១៤០ ទៅ ២០០ ក្រាម ក្នុងមួយសប្តាហ៍។ ការរំពឹងទុកនៃការបំបៅ៖ ប្រសិនបើអ្នកកំពុងបំបៅកូនដោយទឹកដោះម្តាយ អ្នកត្រូវបំបៅទឹកដោះឲ្យពួកគេជារៀងរាល់ ២ ទៅ ៣ ម៉ោងម្តង។

ប្រសិនបើអ្នកកំពុងបំបៅកូនដោយទឹកដោះគោ សូមគណនារូបមន្តទារកពី ៣០ ទៅ ៦០ ក្រាម ជារៀងរាល់ ២ ទៅ ៣ម៉ោងសម្រាប់ពីរបីថ្ងៃដំបូង។ ពេលវេលារវាងការបំបៅនឹងកាន់តែយូរ (ពី ៣ ទៅ ៤ ម៉ោងម្ដង) នៅពេលដែលពោះរបស់កូនអ្នកលូតលាស់ និងអាចកាន់កំប៉ុងទឹកដោះគោដោយខ្លួនឯងបាននៅពេលបំបៅម្តងៗ។

ពី ៣ ទៅ ៧ ខែ

ការរំពឹងទុកនៃការលូតលាស់៖ នៅពេលដែលកូនជិតចូល ៣ខែ ការឡើងទម្ងន់របស់ពួកគេនឹងថយចុះបន្តិច។ ពួកគេអាចឡើងប្រហែល ១១០ក្រាម ក្នុងមួយសប្តាហ៍ ហើយនៅអាយុ ៥ ខែ (ឬឆាប់ជាងនេះ) ពួកគេអាចនឹងឡើងទម្ងន់ទ្វេដង។

ការរំពឹងទុកនៃការផ្តល់អាហារ៖ ទារកខ្លះអាចចាប់ផ្តើមចូលចិត្តអាហាររឹងនៅអាយុប្រហែល ៤ខែ ប៉ុន្តែការអនុវត្តល្អបំផុតគឺត្រូវរង់ចាំរហូតដល់ពួកគេមានអាយុ ៦ខែ សឹមចាប់ផ្តើមផ្តល់ប្រភេទអាហាររឹងបន្តិចម្តងៗ។

ពី ៧ ទៅ ១២ ខែ

ការរំពឹងទុកនៃការលូតលាស់៖ ក្នុងពេលនេះ កូនអ្នកអាចឡើងទម្ងន់ពី ៨៥ ទៅ ១៤០ក្រាម ក្នុងមួយសប្តាហ៍។ ត្រឹមកូនអ្នកមានអាយុ ១ខួប ពួកគេអាចនឹងមានទម្ងន់គុណនឹង បីដងនៃទម្ងន់កំណើតបាត់ទៅហើយ។

ការរំពឹងទុកនៃការផ្តល់អាហារ៖ ដល់ពេលនេះ ម៉ាក់ៗប៉ាៗ លែងសូវរវល់ជាមួយកូនខ្លាំងដូចមុនទៀតហើយ ពីព្រោះពួកគេចាប់ផ្តើមចេះកាន់អាហារញ៉ាំដោយខ្លួនឯងខ្លះៗហើយ។ ពេលនេះម៉ាក់ប៉ា អាចឲ្យពួកគេរៀងកាន់អាហារទន់ញ៉ាំដោយខ្លួនឯង ដោយប្រាកដថាយើងតាមសង្កេតមើលពួកគេជានិច្ច ដើម្បីការពារពួកគេពីការឈ្លក់ ឬខក់។

ប្រភព៖ healthline អត្ថបទដោយ៖ សុលក្ខិណា

អត្ថបទពេញនិយម