តិចនិក៧យ៉ាងសំខាន់ៗ ជួយថែទាំសុខភាព​ស្បែក​

  • 2023-07-21 06:27:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្នា​យើងមួយចំនួន តែងសង្កេតឃើញស្បែកមុខរបស់ខ្លួនមានភាពខុសគ្នាពីតំបន់មួយ ទៅតំបន់មួយ ដោយតំបន់ខ្លះស្ងួត និងតំបន់ខ្លះខ្លាញ់ ពិសេសនៅតំបន់ថ្ងាស និងច្រមុះ(T-Zone) ដែលជាទូទៅមានឡើងខ្លាញ់ខ្លាំង ស្របពេលដែលស្បែកនៅតំបន់ផ្សេងមានសភាពស្ងួត។

ភាពខុសគ្នានៃស្បែកនេះហើយ ជាសញ្ញាបង្ហាញថាស្បែកមុខរបស់យើង​ ជាប្រភេទស្បែកចម្រុះ។ តាមពិតទៅគ្មានមូលហេតុជាក់លាក់ណាមួយដែលបង្កឲ្យស្បែកចម្រុះនោះទេ ប៉ុន្តែស្បែកមុខយើងអាចផ្លាស់ប្តូរដោយសារអ័រម៉ូន និងការផ្លាស់ប្តូរនៃអាកាសធាតុ។

ប្រសិនបើអ្នកកំពុងមានប្រភេទស្បែកនេះ ខាងក្រោមជាការថែទាំមួយចំនួនដែលអ្នកអាចយកមកអនុវត្តក្នុងការថែទាំស្បែកមុខប្រចាំថ្ងៃ៖

១. ប្រើប្រាស់ហ្វូមលាងមុខដែលមានសារធាតុ Salicylic Acid៖ អាស៊ីត Salicylic ជួយជំរុញវដ្តធម្មជាតិនៃស្បែកដោយជំរុញឱ្យកោសិកាស្បែកដែលងាប់ជ្រុះលឿនជាងមុន តាមរយៈការបង្អាក់ចំណងរវាងកោសិកាស្បែក ដើម្បីជួយកម្ចាត់ស្បែកដែលងាប់។

២. ធ្វើការលាងសម្អាតមុខ២តង់នៅពេលយប់ ប្រសិនបើអ្នកMake Up៖ ការ​ធ្វើ​បែប​េនេះ​​អាច​ជួយ​កម្ចាត់​ការ​ស្ទះ​រន្ធ​ញើស និង​ភាព​កខ្វក់លើស្បែកមុខ ដែល​នៅសេសសល់ ទោះ​បី​លាង​មុខ​ម្តង​រួច​មក​ហើយ​ក៏ដោយ។

៣. ប្រើ Toner ដើម្បីកម្ចាត់ជាតិខ្លាញ់ដែលលើស មុនក្បាលខ្មៅ និងស្នាមអុជខ្មៅ៖ Toner អាចជួយធ្វើឱ្យតំបន់ស្បែកស្ងួតមានសំណើម និងធ្វើឱ្យមានតុល្យភាពតំបន់ខ្លាញ់ ដូច្នេះពួកវាអាចមានប្រយោជន៍សម្រាប់ស្បែក។ លើសពីនេះ វាក៏ជួយក្នុងការកម្ចាត់ជាតិខ្លាញ់ដែលលើស មុនក្បាលខ្មៅ និងស្នាមអុជខ្មៅផងដែរ។

**៤.**ប្រើប្រាស់ផលិតផលដែលមានសារធាតុ Niacinamide៖ Niacinamide ជួយបង្កើនសំណើម និងធ្វើឱ្យស្បែករបស់យើង​មានតុល្យភាព ដែលអាចការពារស្បែកខ្លាញ់ពីការផលិតប្រេងច្រើនពេក។

៥. កុំរំលងការប្រើប្រាស់ឡេផ្តល់សំណើមដល់ស្បែក៖ ប្រភេទស្បែកនីមួយៗត្រូវការការផ្តល់សំណើម។ វាជាការល្អបំផុតក្នុងការស្វែងរកគ្រឿងផ្សំឲ្យត្រូវនឹងប្រភេទស្បែករបស់យើង។ យើងអាចប្រើ​ក្រែម​ផ្តល់​សំណើម​បន្តិច​បន្តួច​លើ​តំបន់​ដែល​មាន​ជាតិ​ប្រេង ហើយ​លាប​ច្រើននៅតំបន់​កន្លែងដែលមានស្បែក​ស្ងួត។

៦. ធ្វើការជម្រុះកោសិកាស្បែកជាប្រចាំ៖ ស្បែក​ដែល​មាន​សុខភាព​ល្អ ជាស្បែកដែលទទួលបានការជម្រុះ​កោសិកា​ស្បែក​ងាប់ជាប្រចាំ។ យើងគួរប្រើផលិតផលជម្រុះកោសិកាចាស់ៗម្តងក្នុងមួយសប្តាហ៍។​ ប្រសិនបើ​តំបន់​ស្បែកស្ងួត​របស់អ្នក​មានបញ្ហាប្រតិកម្ម យើងគួរធ្វើការជម្រុះកោសិកាតែតំបន់ដែល​ត្រូវការ​ប៉ុណ្ណោះ។

៧. ធ្វើការផ្លាស់ប្តូរទម្លាប់ការថែរក្សាស្បែក៖ ត្រូវប្រាកដថាទម្លាប់របស់យើង​ ស្របទៅនឹងការផ្លាស់ប្តូរនៃស្បែក។ យើង​គួរផ្លាស់ប្តូរផលិតផលទៅតាមបម្រែបម្រួលស្បែករបស់យើង។

ប្រភព៖ healthline ប្រែ​សម្រួល៖ Koun Soleakena