៤ យ៉ាងអំពីការថែរក្សាស្បែកងាយប្រតិកម្ម ស្រីមិនគួរមើលរំលង
- 2023-08-18 06:14:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ យ៉ាងអំពីការថែរក្សាស្បែកងាយប្រតិកម្ម ស្រីមិនគួរមើលរំលង
ស្បែកងាយប្រតិកម្មស្ថិតក្នុងប្រភេទស្បែកដែលពិបាកក្នុងការថែរក្សា ដោយសារតែភាពទន់ខ្សោយនៃរនាំងការពារស្បែក ក្រោយពីជួបប្រទះនឹងការបំផ្លិចបំផ្លាញតាមរយៈការប្រើប្រាស់ផលិតផលខុស បញ្ហារោគសើរស្បែក បញ្ហាអាយុ ឬហ្សែន ឬបញ្ហាស្បែកស្ងួតពេកជាដើម។
ប្រសិនបើអ្នកមានស្បែកដែលងាយប្រតិកម្ម ជំហានដំបូងក្នុងការគ្រប់គ្រងវាឱ្យកាន់តែប្រសើរឡើង គឺការពារវាពីមូលហេតុទាំងឡាយដែលបណ្តាលឲ្យស្បែកអ្នកប្រតិកម្ម តាមរយៈគន្លឹះថែរក្សាស្បែកដែលងាយប្រតិកម្មប្រចាំថ្ងៃ៖
១. ប្រយ័ត្នចំពោះការងូតទឹកក្តៅ៖ ការងូតទឹកក្តៅអាចធ្វើឲ្យរលាកស្បែក និងបណ្តាលឱ្យក្រហម រមាស់ ឬឈានដល់ការរបកដែលស្រដៀងទៅនឹងការរលាកដោយសារពន្លឺព្រះអាទិត្យ។ វាក៏អាចប៉ះពាល់ដល់តុល្យភាពសំណើមធម្មជាតិរបស់ស្បែក ដោយធ្វើឲ្យអស់នូវប្រេងធម្មជាតិ ខ្លាញ់ និងប្រូតេអ៊ីនដែលរក្សាស្បែកឱ្យមានសុខភាពល្អ។
២. ជ្រើសរើសសាប៊ូលាងមុខ ហ្វូមលាងមុខ ឡេផ្តល់សំណើម និងឡេការពារកម្តៅថ្ងៃសម្រាប់ស្បែកងាយប្រតិកម្ម៖ ផលិតផលដែលផលិតឡើងសម្រាប់ស្បែកងាយប្រតិកម្មជាទូទៅត្រូវបានផលិតឡើងដោយគ្រឿងផ្សំដែលមិនស្រាល និងមិនបង្កឲ្យប្រតិកម្មដល់ស្បែក។
៣. លាបក្រែមផ្តល់សំណើមជាប្រចាំ ដើម្បីការពារស្បែកស្ងួត៖ ជាទូទៅការផ្ដល់សំណើមធ្វើឱ្យរបាំងស្បែករបស់អ្នកប្រសើរឡើងវិញ និងការពារអ្នកពីការរលាកដែលបង្កមកពីបរិស្ថានខាងក្រៅ។ ដោយសារអ្នកដែលមានស្បែកងាយប្រតិកម្មមានទំនោរទៅរករបាំងស្បែកដែលងាយរងគ្រោះ ឡេផ្តល់សំណើមត្រឹមត្រូវអាចជួយពង្រឹងរបាំងការពារស្បែក និងធ្វើឲ្យស្បែកទន់ ខណៈពេលដែលផ្តល់ជាតិទឹកជាច្រើនដល់ស្បែក។
៤. ផលិតផលគួរជៀសវាង៖ ជៀសវាងការប្រើប្រាស់ទឹកអប់ និងផលិតផលថែរក្សាសម្ផស្ស និងសាប៊ូបោកខោអាវដែលមានក្លិនក្រអូប (គួរប្រើផលិតផលប្រភេទ Fragrance Free) ផលិតផលដែលមានក្លិនជាទូទៅអាចធ្វើឲ្យស្បែកប្រតិកម្ម។