មូលហេតុទាំង៧ បណ្តាលឲ្យស្បែកមុខមានខ្លាញ់
- 2023-08-26 07:38:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុទាំង៧ បណ្តាលឲ្យស្បែកមុខមានខ្លាញ់
ស្បែកមុខខ្លាញ់បានចោទជាបញ្ហាដល់មនុស្សជាច្រើន ជាពិសេសក្នងស្រទាប់យុវវ័យ ដោយសារវាអាចបង្កទៅជាបញ្ហាជាច្រើន ដូចជាមុខឡើងរលើបៗ ថែមទាំងមានមុនធំៗទៀតផង។
តើគ្នាយើងដែលមានស្បែកមុខខ្លាញ់ មានដឹងអត់ថាស្បែកមុខខ្លាញ់បណ្តាលមកពីអ្វី?
តាមពិតទៅ ស្បែកមុខអ្នកណាក៏មានខ្លាញ់ដែរ។ ខ្លាញ់នោះត្រូវបានផលិតឡើងពីក្រពេញរន្ធញើស ដែលផលិតប្រេងធម្មជាតិដើម្បីរក្សាស្បែកមុខយើងឲ្យមានសំណើម និងមានសុខភាពល្អ។ យ៉ាងណាមិញ ការផលិតប្រេងច្រើនពេក ក៏បណ្តាលឲ្យស្បែកឡើងខ្លាញ់ខ្លាំង។
ខាងក្រោមនេះជាមូលហេតុមួយចំនួន ដែលបណ្តាលឲ្យស្បែកមុខខ្លាញ់៖
កត្តាហ្សែន៖ ស្បែកខ្លាញ់ ក្នុងករណីខ្លះបណ្តាលមកពីហ្សែន។ ដូច្នេះប្រសិនបើអ្នកមានគ្រួសារដែលមានស្បែកមុខខ្លាញ់ អ្នកក៏ទំនងជាមានស្បែកមុខខ្លាញ់ដែរ។
កត្តាអាយុ៖ ជាក់ស្តែង នៅពេលវ័យកាន់តែច្រើន ស្បែករបស់យើងផលិតខ្លាញ់កាន់តែតិច ដោយសារស្បែកអស់សារជាតិប្រូតេអុីនដូចជាខូឡាជែន ដែលជាហេតុនាំឲ្យមុខស្ងួត។ យ៉ាងណាមិញ មនុស្សដែលមានស្បែកខ្លាញ់ នោះគឺពួកគេអាចនឹងមិនបង្ហាញសញ្ញានៃភាពចាស់លឿនដូចអ្នកដែលមានស្បែកស្ងួតឡើយ។
បរិស្ថាននៃការរស់នៅ និងរដូវកាល៖ ស្បែករបស់អ្នកអាចនឹងមានខ្លាញ់ច្រើននៅពេលដែលមានអាកាសធាតុក្តៅសើម។
រន្ធញើសធំ៖ ពេលខ្លះរន្ធញើសអាចរីកធំដោយសារកត្តាអាយុ ការប្រែប្រួលទម្ងន់ និងការឡើងមុន។ រន្ធញើសធំទាំងនេះក៏ជាមូលហេតុនាំឲ្យមានប្រេងច្រើនផងដែរ។
ការប្រើប្រាស់ផលិតផលខុស៖ ការប្រើប្រាស់ផលិតផល ជាទូទៅគឺត្រូវប្រើប្រាស់ឲ្យសមស្របជាមួយនឹងស្បែកមុខ។ នេះបានន័យថាបើអ្នកមិនដឹងពីប្រភេទស្បែកមុខ ផលិតផលនោះក៏អាចមានឥទ្ធិពលមកលើជាតិខ្លាញ់លើផ្ទៃមុខផងដែរ។
ការប្រើប្រាស់ផលិតផលលើសលប់៖ ការលាងសម្អាតមុខ ឬជំរុះកោសិកាស្បែកញឹកពេកអាចធ្វើឲ្យអស់ប្រេងធម្មជាតិលើស្បែកមុខ ជាហេតុធ្វើឲ្យក្រពេញរន្ធញើស ផលិតខ្លាញ់ឡើងមកកាន់តែច្រើន។
ការមិនប្រើប្រាស់ឡេផ្តល់សំណើម៖ អ្នកមិនគួររំលងការប្រើប្រាស់ឡេផ្តល់សំណើមទេ ផ្ទុយទៅវិញគួរជ្រើសរើសឡេផ្តល់សំណើមដែលត្រូវនឹងស្បែកមុខ ទើបមិនធ្វើឲ្យឡើងខ្លាញ់។