តើស្បែកស្ងួតបណ្តាលមកពីអ្វី?
- 2023-08-20 06:17:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើស្បែកស្ងួតបណ្តាលមកពីអ្វី?
មានតែអ្នកដែលមានស្បែកស្ងួតទេទើបយល់ពីអារម្មណ៍មួយនេះ ស្បែកមុខមានអារម្មណ៍ថាតឹងៗ ខ្សោះៗ ជួនរបក ជួនរលាក ជួនរមាស់ ពិសេសពេលនៅក្រៅថ្ងៃក្តៅទៀត មានអារម្មណ៍ថាស្បែកមុខខ្សោះដូចវាលខ្សាច់សាហារ៉ា។
ទាក់ទងនឹងបញ្ហានេះ អ្នកមានស្បែកមុខស្ងួត មានដឹងទេថាហេតុអ្វីបានជាស្បែកមុខស្ងួត?
ស្បែកស្ងួត ជាទូទៅបណ្តាលមកពីស្បែកយើងបាត់បង់ជាតិទឹកលឿនពេក ដែលវាបណ្តាលឲ្យស្បែកស្ងួត។ ក្រៅពីនេះ ក៏បណ្តាលមកពីច្រើនមូលហេតុ មួយចំនួនផ្សេងទៀតដែរ។
កត្តាអាយុ៖ នៅពេលវ័យកាន់តែច្រើន ក្រពេញដែលផលិតប្រេងដើម្បីផ្តល់សំណើមឲ្យស្បែកយើងកាន់តែថយចុះ ជាហេតុធ្វើឲ្យមុខយើងកាន់តែស្ងួត។
ពណ៌ស្បែក៖ ការស្រាវជ្រាវបង្ហាញថា មនុស្សដែលមានស្បែកពណ៌ត្នោត ខ្មៅ ឬ ស ទំនងជាមានស្បែកស្ងួតខ្លាំងជាងមនុស្សដែលមានស្បែកមធ្យម ដូចជាអ្នកដែលមានពូជពង្សមេឌីទែរ៉ាណេ។
ការលេបថ្នាំ៖ ការប្រើប្រាស់ថ្នាំមួយចំនួនសម្រាប់កាត់បន្ថយគ្រោះថ្នាក់នៃជំងឺដាច់សរសៃឈាមខួរក្បាល គាំងបេះដូង និងទឹកនោមផ្អែមជាដើមក៏បង្កឲ្យស្បែកស្ងួតផងដែរ។
សីតុណ្ហភាពខាងក្រៅទាប៖ នៅពេលដែលសីតុណ្ហភាពនៅខាងក្រៅធ្លាក់ចុះត្រជាក់ សំណើមនៅក្នុងខ្យល់កាន់តែតិចជាហេតុធ្វើឲ្យស្បែកស្ងួត។
កង្វះវីតាមីន ឬសារធាតុរ៉ែ៖ ស្បែកត្រូវការសារជាតិចិញ្ចឹម ដើម្បីរក្សាឱ្យមានសុខភាពល្អ។ ប្រសិនបើអ្នកមិនញ៉ាំអាហារមានវីតាមីន D វីតាមីន A ស័ង្កសី ឬជាតិដែកគ្រប់គ្រាន់ទេ ស្បែកអ្នកអាចវិវត្តទៅជាស្ងួតខ្លាំង។
ការជក់បារី៖ បារីមានផ្ទុកសារធាតុគីមី ដែលបង្កគ្រោះថ្នាក់ និងពន្លឿនអាយុស្បែករបស់យើងយ៉ាងឆាប់រហ័ស ជាហេតុធ្វើឲ្យស្បែកកាន់តែស្ងួត។
ក្រៅពីនេះស្បែកស្ងួតក៏អាចបណ្តាលមកពីល័ក្ខខណ្ឌវេជ្ជសាស្ត្រមួយចំនួនដូចជាជំងឺទឹកនោមផ្អែម ជំងឺក្រពេញទីរ៉ូអ៊ីត ឬជំងឺតម្រងនោម ការលាងឈាម ការព្យាបាលជំងឺមហារីក និងជំងឺអេដស៍ជាដើម។