ប៉ាម៉ាក់អាចសាកល្បងប្រើវិធីសាស្រ្តTime-Outs ដើម្បីដោះស្រាយបញ្ហាកូនមិនស្តាប់បង្គាប់

  • 2023-07-13 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប៉ាម៉ាក់អាចសាកល្បងប្រើវិធីសាស្រ្តមួយដើម្បីដោះស្រាយបញ្ហាកូនមិនស្តាប់បង្គាប់ ជាជាងការប្រើរំពាត់វាយកូនជាទីស្រលាញ់របស់អ្នក ។ តិចនិចនោះមានឈ្មោះថា Time-Outs (មានន័យថា ទុកក្មេងឲ្យអង្គុយនៅស្ងៀមមួយភ្លេត ដើម្បីរៀនអំពីកំហុសរបស់គេ)។

របៀបប្រើ ៨តិចនិច Time-Outs ដោះស្រាយបញ្ហាកូនមិនស្តាប់បង្គាប់ ៖

១. ប្រើ Time-Outs នៅពេលដែលក្មេងមានភាពរឹងរូស ឬចចេះខ្លាំង មិនធ្វើតាមបង្គាប់។

២. រកកន្លែងមួយដែលសមរម្យឲ្យគេអង្គុយនៅស្ងៀមមួយភ្លេត ទីតាំងអាចនៅគៀនជណ្តើរ គៀនទូឬទីណាក៏បានឲ្យតែមានសុវត្ថិភាព ហើយប៉ាម៉ាក់អាចមើលឃើញកូនអង្គុយស្ងៀម។

៣. ពេលក្មេងអង្គុយស្ងៀម មិនត្រូវឲ្យគេនិយាយអ្វីទាំងអស់ ហើយប៉ាម៉ាក់ក៏មិនត្រូវលួងលោមគេដែរឬឲ្យក្មេងលេងអ្វីមួយជាការកម្សាន្ត ឬបន្លប់។

៤. រយៈពេលនៃការទុកឲ្យក្មេងអង្គុយនៅស្ងៀម អាស្រ័យលើអាយុរបស់ក្មេង ជាគោលការណ៍ រយៈពេលគួរតែ ១នាទី សម្រាប់អាយុ១ឆ្នាំ។ ឧទាហរណ៍៖ ក្មេងអាយុ១ឆ្នាំ អាចឲ្យគេនៅក្នុង Time-Outs ឲ្យបាន១នាទីឯក្មេងអាយុ៣ឆ្នាំ ត្រូវមាន Time-Outs យ៉ាងតិច ៣នាទី។

៥. ប៉ាម៉ាក់អាចកំណត់នាទីដោយចាប់ផ្តើមរាប់ ចាប់នាទីពីពេលដែលក្មេងនៅស្ងៀម ឧទាហរណ៍៖ បើក្មេងកំពុងតែយំ ឬមិនព្រមធ្វើតាម កុំទាន់គិតនាទី។

៦. ត្រៀមទុកជាមុនក្នុងករណីក្មេងមិនព្រមនៅក្នុង Time-Outs (មិនព្រមអង្គុយនៅស្ងៀម) ឧទាហរណ៍៖ ប៉ាម៉ាក់ត្រូវប្រាប់កូនថា បើគេមិនព្រមធ្វើតាម Time-Outs គេនឹងមិនបានចេញទៅលេងជាមួយ ក្មេងជិតខាងរយៈពេល២៤ម៉ោងទេ។

៧. បើក្មេងនៅតែរឹងរូសមិនធ្វើតាម Time-Outs ប៉ាម៉ាក់មិនបាច់បង្ខំគេទៀតទេ ប៉ុន្តែដាច់ខាតត្រូវធ្វើតាមអ្វីដែលបាននិយាយរួច គឺមិនត្រូវឲ្យក្មេងចេញទៅលេងជាមួយក្មេងជិតខាងរយៈពេល២៤ម៉ោង។

៨. ចុងក្រោយ បើប៉ាម៉ាក់ប្រើវិធីសាស្រ្ត Time-Outs នេះមិនទាន់បានផលលើកទី១ កុំអាលបោះបង់ចោល អាចព្យាយាមសាកល្បងប្រើវាបន្តបន្ទាប់សិន។ បើក្មេងសហការជាមួយអ្នក វិធីនេះនឹងមានប្រយោជន៍ច្រើន ព្រោះវាមិនត្រឹមតែធ្វើឲ្យក្មេងស្តាប់បង្គាប់ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យក្មេងមានភាពអំនត់ មិនចេះតែចង់បានអ្វីតាមតែចិត្តឯងនោះឡើយ៕

ចុចអានបន្ត៖ គន្លឹះងាយៗ ដែលប៉ាម៉ាក់គួររំលឹកនឹងដាស់តឿនកូនៗ ឲ្យមានទំនួលខុសត្រូវក្នុងការរស់នៅ

ប្រភព៖ សៀវភៅអប់រំកុមារតូច

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម