កម្មករ​បោស​សំរាម​ត្រូវ​បង្ខំ​ឲ្យ​លុត​ជង្គង់​សុំទោស ព្រោះ​ជ្រុល​បោសសំរាម​ប៉ះ​ឡាន​ថ្លៃ

  • 2022-11-16 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្ដី​ប្រពន្ធ​មួយ​គូ​នៅ​ប្រទេស​ចិន​ត្រូវ​បាន​គេ​រិះគន់​ខ្លាំង និង​ស្វែង​រក​ក្រោយ​បង្ខំ​កម្មករ​បោស​សំរាម​ម្នាក់​ឲ្យ​សុំទោស​ព្រោះ​ជ្រុល​បោស​សំរាម​ត្រូវ​ឡាន​ពួក​គេ។

កាល​ពី​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា ហេតុការណ៍​មិន​គួរ​ឲ្យ​ជឿ​មួយ​បាន​កើត​ឡើង​នៅ​​ខេត្ត Zhejiang ប្រទេស​ចិន។ តាម​នោះ​ដែរ ប្ដី​ប្រពន្ធ​មួយ​គូ​មក​ពី​តំបន់​ខាង​លើ​ មិន​អាច​ទទួល​យក​បាន​ក្រោយ​ពេល​កម្មករ​បោស​សំអាត​ផ្លូវ​ម្នាក់​បាន​បោស​ស្លឹក​ប៉ះ​ចំ​ឡាន​របស់​ពួក​គេ។ ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា រថយន្ត​របស់​ប្ដី​ប្រពន្ធ​ខាង​លើ​ គឺ​ទើប​ទិញ​ថ្មី និង​ជា​ប្រេន​លំដាប់​មួយ។

ជាក់​ស្ដែង ក្រោយ​ពេល​ត្រូវ​បោស​សំរាម​ប៉ះឡាន​ខ្លួន ប្ដី​ប្រពន្ធ​នេះ​បាន​គំរាម​កម្មករ​ថា ត្រូវ​លុត​ជង្គង់​សុំទោស​ពួក​គេ បើ​មិន​ដូច​នោះ​ទេ​នឹង​ត្រូវ​វាយ​ដល់ស្លាប់។ សំណាង​ល្អ សកម្មភាព​របស់​ប្ដី​ប្រពន្ធ​គ្មាន​មេត្តា​នេះ ត្រូវ​បាន​គេ​ថត​បាន​ និង​បង្ហោះ​លើ​បណ្ដាញ​សង្គម Douyin ដោយ​មាន​អ្នក​មើល​ដល់ ៨​លាន​នាក់។ ពួក​គេ​រង​ការ​រិះគន់​ជា​ខ្លាំង ដោយ​មតិ​ភាគ​ច្រើន​បា​ន​លើក​សួរ​ថា តើ​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ​គ្មាន​ឪពុក​ម្ដាយ ឬ​យ៉ាង​ម៉េច បាន​អាច​ធ្វើ​បែប​នេះ​បាន។ មហាជន​ក៏​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​ចំពោះ​ករណី​នេះ​ដូច​គ្នា៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម