ត្រូវ​សាច់ញាតិ​ចាប់​កូន​ប្រុស ពេល​ទទួល​បាន​វិញ ត្រូវ​ទារ​លុយ​ចិញ្ចឹម​១៧​ឆ្នាំ

  • 2022-11-15 02:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​មក​ពី​ប្រទេស​ចិន​ម្នាក់​បាន​ជួបជុំ​ជាមួយ​កូន​ប្រុស​វិញ ក្រោយ​១៧​ឆ្នាំ​ កូន​ត្រូវ​សាច់ញាតិ​លួច​ចាប់​ទៅ តែ​ពេល​នេះ​ពួក​គេ​បែរ​ជា​ទារ​លុយ​ចិញ្ចឹម​កូន​នេះ​ទៅ​វិញ។

កាល​ពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sohu បាន​រាយការណ៍​ថា នារី​ឈ្មោះ Zhang Caihong មក​ពី​ខេត្ត Jiangsu ប្រទេស​ចិន ទើប​តែ​រក​ឃើញ​ថា កូន​ប្រុស​វ័យ​១៧​ឆ្នាំ​របស់​ខ្លួន គឺ​ត្រូវ​ប្អូន​ថ្លៃ​របស់​នាង​លួច​ចាប់​ទៅ​កាល​ពី​១៧​ឆ្នាំ​មុន។ ក្រោយ​ពេល​ហេតុការណ៍​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ព្រោះ​មិន​នឹក​ស្មាន​ថា មាន​ការ​លួច​ចាប់​ក្មួយ​ខ្លួ​ន​ឯង​បែប​នេះ​កើត​ឡើង​នៅ​សម័យ​បច្ចុប្បន្ន។

ដោយ​សារ​ពេល​ពពោះ នាង និង​ប្ដី​បាន​លែងលះ​រួច​ហើយ ដូច​នេះ​នៅ​ពេល​ជិត​សម្រាល​កូន នាង​បាន​ដូរ​ផ្ទះ​ព្រោះ​ខ្លាច​គ្រួសារ​ខាង​ប្ដី​ធ្វើ​បាប។ យ៉ាងណាក្ដី នៅ​ថ្ងៃ​សម្រាល​កូន ប្អូន​ថ្លៃ​នាង​បាន​មក​មើល ហើយ​ប្រាប់​នាង​ថា កូន​ប្រុស​នាង​ពិការ​ជើង​ទាំង​សង​ខាង។ បន្ទាប់​មក​ក៏​បាន​ប្រាប់​នាង​ថា កូន​នាង​ស្លាប់​បាត់​ហើយ។

សំណាង​ល្អ កាល​ពី​ពេល​ថ្មី​ៗ​នេះ នាង​ដឹង​ថា​កូន​ប្រុស​ខ្លួន​នៅ​រស់​ ហើយ​កំពុង​រៀន​នៅ​វិទ្យាល័យ​មួយ។ អ្នក​ទាំង​ពីរ​ចង់​ត្រលប់​មក​រស់​នៅ​ជាមួយ​គ្នា​វិញ តែ​ត្រូវ​បាន​ប្អូន​ថ្លៃ និង​ប្ដី​រ​បស់​នាង​ទារ​ថ្លៃ​ចិញ្ចឹម​កូន​១៧​ឆ្នាំ​កន្លង​មក​នេះ។ តែ​នាង​បាន​បដិសេធ ព្រោះ​ពួក​គេ​បាន​លួច​កូន​នាង​ទៅ​ចិញ្ចឹម​ខុស​ច្បាប់៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម