អ្នក​នៅ​ជាមួយ​រៀន​គាស់​ទូដែក​អនឡាញ លួច​បាន​១០​ម៉ឺន​ដុល្លារ ចាយ​៣​ថ្ងៃ​អស់

  • 2022-11-11 02:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រួសារ​មួយ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​បើក​ទូដែក​ហើយ​ឃើញ​ថា លុយ និង​មាស​របស់​ខ្លួន​បាន​បាត់​អស់។

កាល​ពី​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា​​កន្លង​ទៅ​នេះ​បណ្ដាញ​ព័ត៌មាន Vnexpress បាន​រាយការណ៍​ថា គ្រួសារ​មាន​ជីវភាព​ធូរធារ​មួយ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម បាន​ដឹង​ថា​ខ្លួន​បាន​បាត់​លុយ​ក្នុង​ទូដែក​អស់ នៅ​ពេល​ត្រូវ​យក​ទៅ​ដាក់​ធនាគារ។ តាម​នោះ​ដែរ លោក​ស្រី Huong អាយុ​៥៤​ឆ្នាំ ជា​មេ​ផ្ទះ មាន​ប្ដី​ជា​អ្នក​ជំនួញ ដោយ​លោក​ស្រី​នៅ​ផ្ទះ​ម្នាក់​ឯង ទើប​រក​អ្នក​នៅ​ជាមួយ​ម្នាក់​ដើម្បី​ធ្វើ​កិច្ចការ​ផ្ទះ។ នៅ​ជាមួយ​មាន​អាយុ​៤២​ឆ្នាំ ឈ្មោះ Hoang Thi Hai Ly។ ក្រោយ​រយៈ​ពេល​សាក​ការងារ ម្ចាស់​ផ្ទះ​ពេញ​ចិត្ត​នឹង​អត្តចរិត​របស់​អ្នក​នៅ​ជាមួយ​នេះ ទើប​ចាត់​ទុក​ដូច​អ្នក​ក្នុង​គ្រួសារ​ដោយ​គ្មាន​ការ​ប្រកាន់​អ្វី​ឡើយ។

យ៉ាងណាក្ដី កាល​ពី​ថ្ងៃ​ទី ២៩ ខែ​តុលានៅ​ពេល​ត្រូវ​ដក​លុយ​ដើម្បី​ទៅ​ដាក់​ធនាគារ​នោះ ម្ចាស់​ផ្ទះ​បាន​រក​ឃើញ​ថា​ លុយ និង​មាស​នៅ​ក្នុង​ទូដែក​របស់​ខ្លួន​បាន​បាត់​អស់ តម្លៃ​សរុប​ជិត​១០​ម៉ឺន​ដុល្លារ ។

នៅ​ពេល​ប្ដឹង​ប៉ូលិស ហើយ​ស៊ើប​អង្កេត និង​ពិនិត្យ​កាមេរ៉ា ទើប​រក​ឃើញ​ថា​ អ្នក​នៅ​ជាមួយ​ខាង​លើ​គឺ​ជា​អ្នក​គាស់​ទូដែក​ម្ចាស់​ផ្ទះ។ នៅ​ប៉ូលិស នាង​បាន​សារភាព​ថា​បាន​រៀន​គាស់​ទូ​លើ​អ៊ីនធឺណិត។ ហើយ​លុយ​ដែល​គាស់​បាន​នេះ គឺ​នាង​ចាយ​គ្មាន​សល់​នោះ​ទេ គឺ​លេង​ល្បែង​អនឡាញអស់​ក្នុង​រយៈ​ពេល​២​ថ្ងៃ។ អ្នក​នៅ​ជាមួយ​រូប​នេះ​ត្រូវ​បាន​ឃាត់​ខ្លួន​បណ្ដោះអាសន្ន​ដើម្បី​រង់ចាំ​ការកាត់ទោស៕

ប្រភព៖ 24.com.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម