ធ្វើអីខ្លាចនេះ ខ្លាចនោះ ដោយសារតែទម្លាប់គិតរឿងសុញ៥យ៉ាងនេះ
- 2023-08-15 08:00:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើអីខ្លាចនេះ ខ្លាចនោះ ដោយសារតែទម្លាប់គិតរឿងសុញ៥យ៉ាងនេះ
ទម្លាប់គិតបែបនេះ តែងតែបំផ្លាញទំនុកចិត្តមកលើខ្លួនឯង ហើយគ្មានថ្ងៃដើរទៅមុខលឿនដូចគេទេ។
១. ប្រាប់ខ្លួនឯងថា ខ្ញុំមិនអាចធ្វើបាន
ការប្រាប់ខ្លួនឯងនូវពាក្យមួយឃ្លានេះ ទោះបីជារឿងតូចឬស្រួលកម្រិតណាក៏ប្រែជាធំហើយស្មុគស្មាញដែរ។ ហេតុនេះ កុំទម្លាប់គិតអ្វីអវិជ្ជមាន ទាំងមិនទាន់បានថ្លឹងថ្លែង ឬពិចារណាឲ្យបានវែងឆ្ងាយ។
២. តែងតែប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ
ជាការពិតពេលខ្លះ ការប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃវាមិនអាក្រក់ទាំងអស់ទេ តែមិនត្រូវដាក់សម្ពាធខ្លួនឯងខ្លាំងពេកដែរ ព្រោះវានឹងក្លាយជារឿងអយុត្តិធម៍។ កង្វះការឲ្យតម្លៃខ្លួនឯង អ្នកនឹងមើលឃើញតែរឿងមិនល្អក្នុងពិភពលោកនេះ។ ទាញយកជាប្រយោជន៍នៃការប្រៀបធៀបអ្នកដទៃមកធ្វើជាគំរូដើម្បីពង្រឹងខ្លួនឯងឲ្យទៅរកការសប្បាយរីករាយ និងជីវិតល្អប្រសើរ។
៣. នៅវិលវល់ជាមួយអតីតកាល មិនព្រមចាកចេញ មិនព្រមទទួលស្គាល់ មិនអភ័យទោសឲ្យខ្លួនឯង
ម្សិលមិញបានកន្លងផុតហើយ តែអ្នកនៅសល់ថ្ងៃនេះ ថ្ងៃស្អែក ខានស្អែក និងថ្ងៃបន្តបន្ទាប់ទៀត។ ដូច្នេះ ហេតុអីអ្នកមិនព្រមផ្តល់ឱកាសឲ្យខ្លួនឯង? អតីតកាលបានត្រឹមផ្តល់ឲ្យអ្នកនូវបទពិសោធន៍និងមេរៀន ការចងចាំ តែមិនត្រូវនៅវិលវល់មិនលែងនោះទេ។ កុំរវល់តែនឹកគិតពីរឿងអតីត ព្រោះថ្ងៃនេះទើបជារឿងសំខាន់ ហើយស្អែកក៏សំខាន់ដូចគ្នាដែរ។ បច្ចុប្បន្ននិងអនាគតទើបសំខាន់ជាងអតីតកាល។
៤. ខ្វល់ពីសម្តីរបស់អ្នកដទៃច្រើនពេក
មនុស្សមួយចំនួនចាប់អារម្មណ៍រឿងរបស់អ្នកដោយសារតែគេច្រណែន ដែលឃើញអ្នកល្អជាង។ ដូច្នេះបើអ្នកយកចិត្តទុកដាក់ពេក អ្នកអាចនឹងមិនដើរទៅមុខលឿននោះឡើយ។
៥. កំណត់ការអភិវឌ្ឍន៍ខ្លួនឯង មិនហ៊ានសាកល្បងអ្វីថ្មីៗ
ការមិនហ៊ានប្រឈមនឹងរឿងលំបាក ជ្រើសយកតែរឿងសាមញ្ញ ឬការងារដែលខ្លួនពូកែ បានធ្វើឲ្យក្លាយជាទម្លាប់រហូតមិនអាចអភិវឌ្ឍន៍ខ្លួនបាន។ ការសាកល្បងរឿងថ្មីមិនគួរឲ្យខ្លាចនោះទេ ព្រោះផែនដីនៅតែវិល ដូច្នេះអ្នកមិនអាចបញ្ឈប់ខ្លួនឯងត្រឹមនេះបានដូចគ្នា។ ទោះបីពេលខ្លះល្បឿននៃការឆ្ពោះទៅមុខរបស់មនុស្សមានភាពខុសគ្នា តែក៏គួររៀនអភិវឌ្ឍខ្លួនទៅមុខឲ្យល្អជាងកាលពីមុន។ មនុស្សដែលខ្លាចហើយកំណត់ចំណេះដឹងរបស់ខ្លួនឯងនឹងធ្វើឲ្យខ្លួនឯងលំបាកនៅថ្ងៃណាមួយ៕