អនុវត្តតាមវិធីសាស្ត្រ ៦យ៉ាងនេះជួយលួងខ្លួនឯងពេលសង្សារមានអ្នកថ្មី
- 2022-09-08 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនុវត្តតាមវិធីសាស្ត្រ ៦យ៉ាងនេះជួយលួងខ្លួនឯងពេលសង្សារមានអ្នកថ្មី
នៅក្នុងឆាកជីវិត មានរឿងរាវជាច្រើនដែលបានកើតឡើងមានទាំងសមបំណង និងមិនសមបំណង ពិសេសរឿងគូជីវិត ស្នេហា ហើយបើអ្នកមានសង្សារវិញ គឺជួបបញ្ហានេះច្រើន ។ ពេលខ្លះ រឿងមិនសមបំណងខ្លះ វាហាក់ដូចជាធ្ងន់ធ្ងរណាស់សម្រាប់អ្នក ដូចជាគូសង្សារ មនុស្សជាទីស្រលាញ់របស់អ្នកបែរជាទៅរៀបការជាមួយអ្នកផ្សេងទៀត ដែលមិនមែនជាអ្នក បែកបាក់គ្នា មានអ្នកទីបី។ បើជួបបញ្ហាបែបនេះកើតឡើង តើអ្នកគួរធ្វើយ៉ាងណា?
អនុវត្តវិធីសាស្ត្រខាងក្រោមពី កញ្ញា ចែករំលែក ដំបូន្មានខ្លះៗសម្រាប់ជំនួយក្នុងការលួងខ្លួនឯង ពេលមានបញ្ហាខូចចិត្តកើតឡើងដូចជា៖
១.អ្នកអាចចំណាយពេល១ថ្ងៃ នៅជាមួយខ្លួនឯង តែម្នាក់ឯង រួចយំអោយអស់ចិត្ត្ត ហើយស្អែកថ្ងៃបន្ទាប់ ក្រោកឡើង ភ្ញាក់ពីគេងដោយស្វាហាប់ ធ្វើនូវរឿងរ៉ាវដែលអ្នកត្រូវធ្វើប្រចាំថ្ងៃដូចជា ទៅរៀន ទៅធ្វើការ ហាត់ប្រាណ ធ្វើម្ហូបញុំា ជួបជុំមិត្តភក្ត័ ព្យាយាមធ្វើខ្លួនអ្នកអោយរវល់។ ២.បើមនុស្សដែលជាទីស្រលាញ់របស់អ្នក គេបោះបង់អ្នកទៅរកអ្នកថ្មីហើយ អ្នកមិនត្រូវបោះបង់ខ្លួនឯង ព្រោះតែស្នេហាឡើយ។ មនុស្សយើងកើតមក មានកិច្ចការត្រូវធ្វើជាច្រើន ពួកយើងមានកាតព្វកិច្ចច្រើនជាជាងរស់នៅដើម្បីតែស្នេហាប្រុសស្រី តែត្រូវលើកទឹកចិត្តដើម្បី រស់ជាខ្លួនឯង និងដើម្បីខ្លួនឯងខ្លះ។ ៣.អ្នកមិនគួរសម្រេចចិត្តជ្រើសរើសមនុស្សថ្មី ឬសង្សារថ្មីៗភ្លាមៗ បន្ទាប់ពីអតីតគូស្នេហ៍អ្នកបោះបង់អ្នក ដើម្បីតែបញ្ឈឺអ្នកចាស់ឡើយ។ គួរទុកពេលសម្រាប់ព្យាបាលរបួសចិត្តអោយបានជាសះស្បើយ។ រំលឹកឡើងវិញនៅក្នុងទំនាក់ទំនង ថាមូលហេតុអ្វីខ្លះបានជាឈានដល់ចំនុចនេះ។ ការរៀនសូត្រពីកំហុសឆ្គងដែលមាន នឹងជួយជាបទពិសោធន៍ ក្នុងការទទួលយកអ្នកថ្មីដែលល្អ ដែលប្រសើរឡើង។ ជាទូទៅ បើយើងចង់បានមនុស្សល្អ មនុស្សស្មោះត្រង់ មានភាពចាស់ទុំ គឺយើងត្រូវមានចំនុចទាំងនេះជាមុនសិន ទើបទាក់ទាញមនុស្សប្រភេទនោះអោយមករកយើង។ ៤.ក្នុងរយៈពេលខ្លី អ្នកនឹងអាចនៅខឹងចំពោះគូសង្សាររបស់អ្នក តែពេលវេលានឹងធ្វើអោយអ្នកភ្លេចគេនៅថ្ងៃណាមួយ។ នៅពេលដែលអ្នកចាប់ផ្តើមបាត់ខឹង អ្នកនឹងនឹកឃើញថា គូសង្សារបស់អ្នកសម្រេចចិត្តមិនរៀបការជាមួយអ្នក ប្រហែលជាគេដឹងថា ទោះបីជាគេ និងអ្នករៀបការជាមួយគ្នា អ្នកទាំងពីរនឹងគ្មានសេចក្តីសុខ មានរឿងរកាំរកូស ឬរស់នៅមិនចុះសម្រុងគ្នា ។ គេប្រហែលជាដឹងថា អត្តចរិកអ្នកទាំង២ រស់នៅជាមួយគ្នាមិនបានឡើយ។ ហេតុនេះ បែកគ្នាអោយហើយ ប្រសើរជាងបែកគ្នានាពេលអនាគត។ ៥.ចូរអ្នករស់នៅដោយភាពរីករាយ កុំយកជីវិតរបស់អ្នកទៅប្រៀបធៀប ឬយកចាញ់ឈ្នះជាមួយអតីតគូស្នេហ៍របស់អ្នក។ មនុស្សភាគច្រើន តែងតែមិនអស់ចិត្ត ចូលចិត្តបើកមើល profile Facebook របស់អ្នកចាស់ រួចប្រៀបធៀបខ្លួនឯងចំពោះគេ ថាប្រសើរជាងឬអន់ជាង ។ល។ ការរស់នៅបែបនេះ គ្មានសេចក្តីសុខឡើយ ។ អ្នកនឹងនៅជាប់តែរឿងខឹង រឿងស្អប់ រឿងប្រៀបធៀប អ្នកមិនបានរស់នៅតាមរបៀបអ្នក ឬរស់នៅដោយភាពត្រឹមត្រូវ។ ៦.ថែរក្សាសុខភាព បង្កើនចំនេះដឹងថ្មីៗ រស់នៅដោយរីករាយ ។ អ្នកត្រូវចេះបង្កើតសេចក្តីរីករាយដោយខ្លួនឯង កុំគិតថា រីករាយទាល់តែមាននេះមាននោះ ឬទាល់តែមានអ្នកចាស់ទើបសើចបាន។ សូមបន្តរស់នៅដោយមានសេចក្តីសុខ ហើយថែខ្លួនឲ្យល្អ ស្អាតបាត ចាំពេលវេលាណាមួយដែលអាចមានអ្នកដែលល្អ ចូលមកក្នុងជីវិតអ្នកម្តងទៀត ហើយអ្នកប្រាកដចិត្តថាទទួលគេបាន។