Yang Mi លុប​កម្មវីធី​ចោល​ព្រោះ​ហ្វេន​រត់​ជាន់​គ្នា​ដូច​ស្រមោច

  • 2022-09-06 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វត្តមាន​របស់​កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Mi បាន​ធ្វើ​ឲ្យ​ផ្អើល​ទស្សនិកជន​សម្រុក​មក​ផ្សារ​ទំនើប​មួយ​ ធ្វើ​ឲ្យ​ជ្រួល​ច្របល់​សូម្បី​តែ​ប៉ូលីស​ក៏​មិន​អាច​បង្ក្រាប​បាន។

កាល​ពី​ថ្ងៃ​ទី១ ខែ​កញ្ញា​កន្លង​ទៅ​នេះ​ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Yang Mi មាន​គម្រោង​ចូល​រួម​ក្នុង​កម្មវីធី​បង្ហាញ​ម៉ូដ​សំលៀកបំពាក់​របស់​ប្រេន Moco ធ្វើ​ឡើង​នៅ​ខេត្ត Hunan។

យ៉ាងណាក្ដី គម្រោង​នេះ​ត្រូវ​បាន​លុប​ចោល​មុន​ពេល​កម្មវីធី​ចាប់​ផ្ដើម​២​ម៉ោង ព្រោះ​អ្នក​រៀបចំ​កម្មវិធី​គ្រប់គ្រង​ចំនួន​ទស្សនិកជន​លែង​បាន។ ជាក់​ស្ដែង ផ្សារ​ទំនើប​កម្ពស់​៤​ជាន់​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​អ្នក​គាំទ្រ​របស់​អ្នក​ម្ដាយ​កូន​១​ និង​បង្កើត​ជា​ភាព​ចលាចល ព្រោះ​តែ​ចង់​ឃើញ​មុខ​តារា​ស្រីរូប​នេះ។

រូបភាព​ថត​វីដេអូ​របស់​អ្នក​មាន​វត្តមាន​ផ្ទាល់​បង្ហាញ​ឲ្យ​ឃើញ​ថា មនុស្ស​រត់​ដូច​មាន​គ្រោះ​ទឹក​ជំនន់​មក​ដល់​​នៅ​ពេល ស្រី​ស្អាត​អាយុ ៣៥​មក​ដល់។ ទោះ​បី​ជា​កង​កម្លាំង​ប៉ូលីស​បាន​មក​ដល់​ជួយ​រៀបចំ​ហើយ​ក៏​ដោយ តែ​ភាព​ចលាចល​នៅ​តែ​មាន ដែល​តម្រូវ​ឲ្យ​កម្មវិធី​ត្រូវ​លុប​ចោល។

មនុស្ស​រាប់​ពាន់​នាក់​ក្រោយ​ពេល​ឮ​ដំណឹង​ថា តួ​រឿង​និស្ស័យ​ស្នេហ៍​ទេវតា​បី​ជាតិ​មាន​កម្មវិធី​នៅ Hunan បាន​ជិះ​ពី​ផ្លូវ​ឆ្ងាយ​មក​ដើម្បី​ជួប​នាង​ប៉ុន្មាន​នាទី តែ​ទី​បំផុត​ក៏​ត្រូវ​ទៅ​វិញ ព្រោះ​អ្នក​គាំទ្រ​មក​ច្រើន​ពេក៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម