ផ្ទុះ​ការ​តវ៉ា ព្រោះ​ខនសឺត​របស់ BTS ធ្វើ​ឲ្យ​សណ្ឋាគារ​ឡើង​ថ្លៃ ៣០​ដង

  • 2022-08-31 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រុម​អ្នក​គាំទ្រ​របស់​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ​កូរ៉េ BTS បាន​ធ្វើ​ការ​តវ៉ា​ដល់​សាលា​ក្រុង Busan ព្រោះ​តម្លៃ​សណ្ឋាគារ​កើនឡើង​លើសលប់។

កាល​ពី​ថ្ងៃ​ទី ២៩ ខែ​សីហា​មុន​នេះ បណ្ដាញ​ព័ត៌មាន Nate បាន​រាយការណ៍​ថា សណ្ឋគារ និង​សេវា​ផ្សេង​ៗ​នៅ​ទីក្រុង​ Busan ប្រទេស​កូរ៉េ​កំពុង​រង​ការ​តវ៉ា​ជា​ខ្លាំង ដោយ​សារ​ឡើង​ថ្លៃ​យ៉ាង​តិច​១០​ដង​ព្រោះ​ការ​ប្រគុំ​តន្ត្រី​របស់​ក្រុម​ចម្រៀង​ប្រុស​ល្បី​ឈ្មោះ BTS។

តាមនោះ​ដែរ ក្រុម​ចម្រៀង​៧​សមាជិក នឹង​ប្រារព្ធ​កម្មវិធី​សម្ដែង​នៅ​ខែ​តុលា​ខាង​​មុខ​ដើម្បី​ជួយ​​ទីក្រុង Busan ដណ្ដើម​បាន​តំណែង​ម្ចាស់​ផ្ទះ​កម្មវិធី World Expo ក្នុង​ឆ្នាំ ២០៣០។ ទោះ​បី​ជា​សំបុត្រ​ចូល​មើល​គឺ​ឥត​គិត​ថ្លៃ​ក៏​ដោយ តែ​ត្រូវ​ចុះ​ឈ្មោះ​មុន​ទើប​អាច​ចូល​មើល​បាន ដោយ​គ្រោង​មាន​អ្នក​មក​ទស្សនា​សរុប ១១០០០០​នាក់។

ឆ្លៀត​ឱកាស​កំពូល​ក្រុម​ចម្រៀង​មក​សម្ដែង ម្ចាស់​សណ្ឋាគារ និង​ផ្ទះ​សំណាក់​នានា​បាន​ឡើង​ថ្លៃ​ពី​១០​ទៅ ៣០​ដង ដែល​ធ្វើ​ឲ្យ​គេ​តវ៉ា​ជា​ខ្លាំង។ តាម​នោះ​ដែរ សណ្ឋាគារ​នៅ​ជិត​កន្លែង​ខនសឺត​មាន​តម្លៃ​ពី ៥ពាន់ ទៅ​១​ម៉ឺន​ដុល្លារ​១​យប់​ ដែល​កើន​ឡើង​ដល់​ទៅ​៣០​ដង​នៃ​តម្លៃ​ធម្មតា។

រីឯ​ផ្ទះ​សំណាក់​នៅ​ឆ្ងាយ​ពី​កន្លែង​ខនសឺត​១០​គីឡូម៉ែត្រ​មាន​តម្លៃ​៦០០​ដុល្លារ ក្នុង​១​យប់ ឡើង​១០​ដង​ប្រៀប​នឹង​ធម្មតា។ មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ការ​តវ៉ា​ដល់​សាលា​ក្រុង​ Busan ដោយ​សារ​ការ​ឡើង​ថ្លៃ​ហួសហេតុ​នេះ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម