៥ សញ្ញាបញ្ជាក់ថាមនុស្សនោះកំពុងតែមានវិប្បដិសារីចំពោះទង្វើអតីតកាលរបស់ពួកគេ

  • 2022-09-06 15:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជារឿយៗនៅពេលដែលមាននរណាម្នាក់មានអារម្មណ៍ថាពួកគេកំពុងតែមានវិប្បដិសារីចំពោះរឿងដែលពួកគេបានធ្វើកាលពីមុនមក ពួកគេនឹងធ្វើការបង្ហាញវាចេញ។ ប៉ុន្តែតើអ្នកអាចសម្គាល់ដឹងបានយ៉ាងដូចម្ដេចថា មនុស្សម្នាក់កំពុងតែមាននឹងពោរពេញទៅដោយវិប្បដិសារីនៅក្នុងខ្លួននោះ? ហើយតើអ្នកដឹងដោយរបៀបណារវាងកំហុស និងវិប្បដិសារី?

តាមរយៈអ្នកចិត្តសាស្ត្រជាច្រើនបាននិយាយថា ការបង្ហាញអំពីវិប្បដិសារីគឺវាដើរទន្ទឹមគ្នាជាមួយនឹងកំហុសដែលមនុស្សម្នាក់នោះបានប្រព្រឹត្តិ។ នៅពេលដែលអ្នកមានកំហុស អ្នកនឹងមានអារម្មណ៍មិនល្អចំពោះអ្វីដែលអ្នកបានធ្វើ និងជះឥទ្ធិពលទៅលើអ្នកផ្សេងផងដែរ។ អារម្មណ៍នៃវិប្បដិសារី និងការសោកស្ដាយគឺជារឹសគុលនៃអារម្មណ៍អំពីកំហុស ហើយនៅពេលដែលអ្នកមានអារម្មណ៍ថាមានកំហុស អ្នកនឹងគិតអំពីភាពសោកស្ដាយរបស់អ្នក ថាអ្នកគួរតែបានធ្វើវាឲ្យបានត្រឹមត្រូវ។

ខាងក្រោមនេះគឺជាអាកប្បកិរិយាទាំងប្រាំយ៉ាងដែលអាចបញ្ជាក់បានថានរណាម្នាក់មានវិប្បដិសារីចំពោះទង្វើអតីតកាលរបស់ពួកគេ៖

  • ពួកគេទទួលស្គាល់កំហុសរបស់ពួកគេ៖ ប្រសិនបើមាននរណាម្នាក់បានធ្វើខុស ពួកគេគួរតែទទួលស្គាល់កំហុស ហើយបុគ្គលនោះមិនព្យាយាមយកត្រូវតែខ្លួនឯងឡើយ។ ជាទូទៅពួកគេនឹងនិយាយថា “ខ្ញុំសុំទោសដែលខ្ញុំធ្វើបាបអ្នក” ឬក៏ “ខ្ញុំខុសហើយ សូមអភ័យទោសឲ្យខ្ញុំផង”។ នៅពេលដែលនរណាម្នាក់ទទួលស្គាល់កំហុសរបស់ពួកគេ ពួកគេបង្ហាញអំពីកម្រិតនៃតម្លាភាព និងបន្ទាបខ្លួនដោយសារទង្វើខុសរបស់ពួកគេ ហើយពួកគេចង់ធ្វើឲ្យវាត្រូវវិញ។

  • ពួកគេចៀសវាងការធ្វើខុសដដែលៗ៖ ប្រសិនបើនរណាម្នាក់មានវិប្បដិសារីពិតប្រាកដនោះ ក្រៅពីការទទួលស្គាល់កំហុសរបស់ខ្លួន និងសុំទោស ពួកគេនឹងព្យាយាមមិនធ្វើកំហុសដដែលៗឡើយ។ គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ប៉ុន្តែមនុស្សអាចធ្វើការផ្លាស់ប្តូរបានប្រសិនបើពួកគេចង់ធ្វើនោះ។

  • ពួកគេចង់ដោះស្រាយបញ្ហាដែលបានធ្វើ៖ ប្រសិនបើមានអ្វីមួយដែលអាចជួសជុលបាន ពួកគេនឹងធ្វើវាឡើង ហើយការដោះស្រាយបញ្ហាគួរតែជាគំនិតរបស់អ្នកដែលបានធ្វើខុស ពីព្រោះវាបង្ហាញពីការសោកស្ដាយពិតប្រាកដរបស់ពួកគេ។ ដូច្នេះអ្នកកុំបង្អាក់ឬចំអកការខិតខំព្យាយាមរបស់ពួកគេក្នុងការកែតម្រូវបញ្ហា វាជារឿងល្អហើយដែលពួកគេបានធ្វើវាឡើង។

  • ពួកគេបង្ហាញការយល់ចិត្ត៖ នៅពេលដែលនរណាម្នាក់ពោរពេញទៅដោយវិប្បដិសារី ពួកគេមានអារម្មណ៍យល់ចិត្តចំពោះអ្នកដទៃ។ ពួកគេមានអារម្មណ៍សោកស្ដាយចំពោះការឈឺចាប់របស់អ្នកដទៃដែលពួកគេបានធ្វើ ហើយការយល់ចិត្តរួមបញ្ចូលទាំងការយកចិត្តទុកដាក់ និងមានវត្តមាននៅពេលដែលមនុស្សនោះត្រូវការ។

  • ពួកគេខ្វល់ខ្វាយអំពីអារម្មណ៍របស់អ្នក៖ ប្រសិនបើគេនោះផ្ញើសារមកអ្នកដើម្បីសួរសុខទុក្ខ ទិញភេសជ្ជដែលអ្នកចូលចិត្តដល់កន្លែងធ្វើការ និងការសួរនាំមិត្តភក្តិរបស់អ្នកដើម្បីដឹងថាអ្នកមិនអីនោះ ពួកគេកំពុងតែចង់បង្ហាញអំពីអារម្មណ៍សោកស្ដាយដែលបានធ្វើដាក់អ្នក។

មនុស្សគ្រប់គ្នាតែងតែធ្លាប់បានធ្វើខុស ប៉ុន្តែពេលខ្លះកំហុសដែលបានធ្វើបាបអ្នកដទៃអាចនឹងបង្កឲ្យអ្នកមានវិប្បដិសារីបាន។ វាពិបាកណាស់ក្នុងការដឹងថាតើនរណាម្នាក់មានវិប្បដិសារីចំពោះការឈឺចាប់ដែលពួកគេបានបង្កឡើង ពីព្រោះអ្នកមិនអាចប្រាប់បានដោយគ្រាន់តែការសម្លឹងមើលទៅលើពួកគេទេនោះទេ។ ប៉ុន្តែចំពោះអាកប្បកិរិយាទាំងប្រាំខាងលើនេះអាចបង្ហាញបានយ៉ាងច្បាស់ថា នៅក្នុងខ្លួនរបស់ពួកគេគឺពោរពេញទៅដោយវិប្បដិសារី។ ពួកគេនឹងខិតខំព្យាយាមដោះស្រាយបញ្ហាដែលពួកគេបានបង្កើតឡើង ហើយផ្ដល់មកវិញនូវការសុំទោសពិតប្រាកដដល់អ្នក។ ការទទួលស្គាល់កំហុស ការសុំទោស និងការព្យាយាមចៀសវាងមិនធ្វើរឿងខុសដដែលៗម្ដងទៀត គឺជាចំណុចដែលបង្ហាញថាពួកគេកំពុងតែមានវិប្បដិសារីអំពីទង្វើអតីតកាលរបស់ពួកគេ៕

ចុចអានបន្ត៖ វិធីទាំង ៣ យ៉ាងនេះអាចជួយបញ្ចៀសអ្នកពីការស្អប់ និងមិនឲ្យតម្លៃចំពោះខ្លួនឯង

អត្ថបទ៖ Chrel Den