រឿងសំខាន់ៗដែលអ្នកគួរធ្វើ ប្រសិនបើអ្នកមានអារម្មណ៍ថាមនុស្សគ្រប់គ្នាស្អប់អ្នក
- 2022-09-05 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងសំខាន់ៗដែលអ្នកគួរធ្វើ ប្រសិនបើអ្នកមានអារម្មណ៍ថាមនុស្សគ្រប់គ្នាស្អប់អ្នក
ប្រសិនបើអ្នកមិនបានជួបជុំ ឬមិនបានលឺដំណឹងអ្វីសោះពីមិត្តភក្តិរបស់អ្នកនាពេលថ្មីៗនេះ អ្នកប្រហែលជាចាប់ផ្តើមឆ្ងល់ថាតើពួកគេកំពុងតែស្អប់អ្នក ឬក៏លែងចូលចិត្តអ្នកទៀតហើយ។ បន្ទាប់ពីនោះអ្នកមានការព្រួយបារម្ភថាមនុស្សគ្រប់គ្នានឹងស្អប់អ្នក ប៉ុន្តែវាគឺជាអារម្មណ៍ទូទៅនៅពេលដែលអ្នកមានអារម្មណ៍ថាឯកោជាងធម្មតា ឬក៏ទទួលបានការគាំទ្របន្តិចបន្តួចពីមនុស្សទាំងនោះទៅលើហេតុផលផ្សេងណាមួយដែលអ្នកកំពុងតែមាន។ ជាពិសេសវាកើតឡើងនៅពេលដែលអ្នកចូលក្នុងឆាកសង្គមថ្មីៗជាលើកដំបូង ទាំងកន្លែងការងារ សាលារៀន ព្រមទាំងការជួបជុំបង្កើតមិត្តភក្តិថ្មីៗជាដើម។
អ្នកប្រហែលជាបានខិតខំតស៊ូក្នុងការភ្ជាប់ទំនាក់ទំនងជាមួយពួកគេដែរ តែអ្នកបានត្រឹមជួបជាមួយប្រភេទមនុស្សដែលស្អប់ខ្ពើម ឬព្រងើយកន្តើយនឹងអ្នកទៅវិញ ទាំងនេះគឺជាមូលហេតុដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាមនុស្សគ្រប់គ្នាស្អប់ខ្ពើមអ្នក។ ប្រសិនបើអ្នកកំពុងតែមានបញ្ហាជាមួយស្ត្រេសច្រើន អ្នកត្រូវការពួកគេ ប៉ុន្តែអ្នកសម្គាល់ឃើញថាមិត្តភក្តិរបស់អ្នកមិនសូវជារវីរវល់ខ្វាយខ្វល់ជាមួយអ្នកឡើយ ពេលនោះហើយដែលវាអាចធ្វើឲ្យអ្នកធ្លាក់ចូលទៅក្នុងអារម្មណ៍ដែលឃើញថាមនុស្សគ្រប់គ្នាគឺស្អប់អ្នក។
ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នករាល់គ្នាស្អប់អ្នកនាពេលថ្មីៗនេះ អ្នកគួរតែធ្វើរឿងទាំងបួនខាងក្រោមនេះដើម្បីឲ្យអារម្មណ៍អ្នកបានប្រសើរឡើងវិញ៖
ធ្វើការផ្ដោតសំខាន់ទៅលើតម្រូវការផ្ទាល់ខ្លួន៖ ជាជាងការគិតអវិជ្ជមានអំពីការមិនរវីរវល់របស់អ្នកដទៃ ដូចជាការផ្ញើសារទៅកាន់មិត្តភក្តិជាច្រើនដើម្បីចង់បានដំបូន្មាន ប៉ុន្តែអ្នកមិនបានទទួលការឆ្លើយតបទាំងអស់ វាជាហេតុដែលអ្នកជឿថាគ្មានអ្នកណាឆ្លើយតបព្រោះពួកគេទាំងអស់នោះស្អប់មិនចូលចិត្តអ្នក តែកុំខ្វល់អៃ ផ្ដោតការយកចិត្តទុកដាក់ចំពោះខ្លួនឯងវិញ។
រៀនបញ្ឈប់នៃការបង្ខូចទ្រង់ទ្រាយនៃការយល់ដឹងរបស់អ្នក៖ វាសំដៅលើគំរូនៃការគិតមិនសមហេតុផលដែលប៉ះពាល់ដល់ការយល់ឃើញរបស់អ្នកចំពោះការពិត។ អារម្មណ៍ដែលមនុស្សគ្រប់គ្នាស្អប់អ្នកអាចកើតឡើងដោយសារតែការសន្មតនឹងការប៉ាន់ស្មានជ្រុលរបស់អ្នកដែលបង្កជាមហន្តរាយ ហើយអ្នកចាប់ផ្ដើមធ្វើការគិតថាគ្មានអ្នកណាខ្វល់ពីអ្នកឡើយ។
ព្យាយាមផ្តល់ឲ្យខ្លួនឯងនូវចន្លោះខ្លះពីប្រតិកម្មអារម្មណ៍ភ្លាមៗទាំងនោះ៖ នៅពេលអ្នកព្រួយបារម្ភថាមនុស្សគ្រប់គ្នាស្អប់អ្នក អ្នកប្រហែលជាមានអារម្មណ៍តូចចិត្ត ប៉ុន្តែអ្នកគួរសម្លឹងមើលទៅលើការពិតជំនួសវិញ និងកុំធ្វើការសន្មតគិតជ្រុល ឬវាយតម្លៃពួកគេដោយគ្មានហេតុផលច្បាស់លាស់។
រៀនឲ្យតម្លៃខ្លួនឯងជាមុនសិនបើចង់ឲ្យអ្នកដទៃគោរពឲ្យតម្លៃអ្នក៖ ប្រសិនបើអ្នកមិនចូលចិត្តខ្លួនឯងផង តើអ្នកផ្សេងទៀតអាចចូលចិត្តអ្នកបានយ៉ាងដូចម្តេចទៅ? ការស្អប់ខ្លួនឯងមិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍ថាដូចជាមនុស្សផ្សេងឡើយ សូម្បីតែអ្នកដទៃក៏គិតដូច្នោះដែរ ហើយនៅទីបំផុតវាក៏អាចរួមចំណែកដល់ការធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងទុក្ខព្រួយផ្លូវចិត្តផ្សេងៗទៀតបាន។
អ្នកប្រហែលជាដឹងហើយថាមនុស្សគ្រប់គ្នាពិតជាមិនស្អប់អ្នកទេ ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ថាមនុស្សគ្រប់គ្នាមិនរវីវរល់ ឬព្រងើយកន្តើយជាមួយអ្នកនោះ អ្នកគួរតែចាប់ផ្តើមធ្វើការសន្ទនា និងចែករំលែកអារម្មណ៍ពិតរបស់អ្នកប្រាប់ពួកគេទៅភ្លាម។ អ្នកប្រហែលជាមានអារម្មណ៍ថាអ្នកបានធ្វើអ្វីមួយមិនត្រឹមត្រូវហើយ (ឬខុស) ដែលវាពាក់ព័ន្ធទៅនឹងការគិតនៃអារម្មណ៍ថាមនុស្សគ្រប់គ្នាស្អប់អ្នក។ ដូច្នេះគួររៀនបំបែរអារម្មណ៍ខ្លួនឯងដើម្បីជួយគ្រប់គ្រងចិត្តរបស់អ្នក និងបង្វែរការផ្តោតអារម្មណ៍របស់អ្នកចេញពីគំនិតដែលមិនល្អចោល ហើយនៅទីបំផុតអ្នកនឹងឃើញថាមនុស្សគ្រប់គ្នានៅក្នុងជីវិតរបស់អ្នកពិតជាខ្វល់ខ្វាយពីអ្នកដូចអ្វីដែលពួកគេធ្លាប់ធ្វើពីមុនមក៕
ចុចអានបន្ត៖ វិធីទាំង ៣ យ៉ាងនេះអាចជួយបញ្ចៀសអ្នកពីការស្អប់ និងមិនឲ្យតម្លៃចំពោះខ្លួនឯង