៩ រឿងដែលនារីចង់បានស្បែកស ច្រើនតែយល់ខុស ពិសេសញ៉ាំខូឡាជែន

  • 2022-08-11 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាមពិត​ញ៉ាំ​ខូឡាជែន​មិន​អាច​ជួយ​ឲ្យ​ស្បែក​ស​នោះ​ទេ ​ហើយ​នៅ​មាន​កត្តា​ច្រើន​ទៀត​ដែល​នារី​ជា​ច្រើន​យល់​ច្រលំ​។

១. ពាក់អាវដៃវែងរាល់ថ្ងៃគឺគ្រប់គ្រាន់ហើយ

នារី​ជា​ច្រើន​យល់​ថា ឲ្យ​តែ​ពេល​ចេញ​ក្រៅ​ពាក់​អាវ​ដៃ​វែង ខោ​ជើង​វែង ពាក់​មួក​កុំ​ឲ្យ​ត្រូវ​កម្តៅ​គឺ​ជួយ​ស្បែក​មិន​ខ្មៅ​បាន​ហើយ។ ​យ៉ាង​ណា​ក្តី ​ការ​គិត​នេះ​មិន​ត្រឹម​​ត្រូវ​ទេ ព្រោះ​ថា​បរិវេណ​ស្បែក​ដូច​ជា ក មុខ ម្រាម​ដៃ ជា​ដើម​នៅ​តែ​ត្រូវ​កម្តៅ​ថ្ងៃ ​ហើយ​អ្នក គួរ​តែ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ដើម្បី​ជួយ​ស្បែក​ទប់​ទល់​នឹង​ពន្លឺ UV ​ព្រះ​អាទិត្យ។

​២. ​មិនបាច់​ខ្វល់​ពី​កម្តៅ​ព្រះ​អាទិត្យ​ទេ ព្រោះ​លាប​ឡេការពារ​កម្តៅ​ថ្ងៃ​រួច​ហើយ

តាម​ពិត​ទៅ ​ការ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ គឺ​ជា​វិធី​មួយ​ដើម្បី​ជួយ​ស្បែក​ទប់​ទល់​ពី​ការ​ខ្លោច​ខ្មៅ​នៃ​ UV ​ព្រះ​អាទិត្យ ​តែ​មិន​មាន​​ន័យ​ថា ត្រឹម​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ចៀស​ផុត100% ​ពី​​កម្តៅ​ដែល​ចាំង​មក​លើ​ស្បែក​នោះ​ទេ។ ​ហេតុ​នេះ ​អ្នក​​​ត្រូវ​ជ្រក​​ក្រោម​​ម្លប់ ​ឬ​កន្លែង​​ណា​ដែល​អាច​បិទ​បាំង​កម្តៅ​ថ្ងៃ​បាន ​ទើប​ធ្វើ​ឲ្យ​ស្បែក​មិន​ត្រូវ​ខូច​បំផ្លាញ​ដោយ​កាំ​រស្មី uV ​បាន​។

៣. ​ស្រ្កាប់​ស្បែក​ញឹក​ញាប់​ដើម្បី​ទទួល​បាន​ស្បែក​ ស

វិធីសាស្រ្ត​ដ៏ពេញនិយម​បំ​ផុត​របស់​នារី​សម័យ​នេះ​គឺ​ស្រ្កាប់​ស្បែក ព្រោះ​វា​ជម្រុះ​កោសិកា​ចាស់ ជួយ​ស្បែក​ទន់ និង​ភ្លឺ​ថ្លា។ ​ហេតុ​នេះ ​ធ្វើ​ឲ្យ​គេ​យល់​ច្រលំ​ថា បើ​កាន់​តែ​ស្រ្កាប់ ​ច្បាស់​ជា​កាន់​តែ​ស​មិន​ខាន។ ​តែ​តាម​ពិត​មិន​អ៊ី​ចឹងទេ ​ព្រោះ​នឹង​ធ្វើ​ឲ្យ​ស្បែក​ងាយ​រង​ការ​ឈឺ​ចាប់​ពេល​ត្រូវ​កម្តៅ​ព្រះអាទិត្យ ​ឬ​ស្បែក​ទៅ​ងាយ​រង​ប្រតិកម្ម ក្រហម​រលាក​ជា​ដើម។ ​ហេតុ​នេះ គប្បី​ស្រ្កាប់​ត្រឹម ២-៣ ​ក្នុង​មួយ​សប្តាហ៍​បាន​ហើយ ​។

៤. ​ក្រោយ​ងូត​ទឹក​រួច ​មិន​បាច់​លាប​ឡេ​ចិញ្ចឹម​ស្បែក​ទេ

នារីជា​ច្រើន​ក្រោយ​ងូត​ទឹក​រួច ​តែង​​អង្គុយ​ចុច​ទូរសព្ទ​ដោយ​ភ្លេច​គិត​ថា ​ស្បែក​ក្រោយ​ងូត​​ទឹក​​​ក្តៅ​រួច​ ឬ​ងូត​ទឹកយូរ​​នឹង​បាត់​បង់​សំណើម។ ​ហេតុ​នេះ ៣នាទី​ក្រោយ​ងូត​ទឹក​រួច ជា​ពេល​វេលា​ល្អ​បំ​ផុត​ដើម្បី​លាប​ឡេ​ចិញ្ចឹម​ស្បែក ទាំង​​រាង​កាយ​និង​មុខ ព្រោះ​អំឡុង​ពេល​នេះ ​ស្បែក​នឹង​ទទួល​បាន​ការ​ជ្រាប​ចូល​ល្អ​បំ​ផុត។

៥. ​ប្រើ​ឡេ​ធ្វើ​ឲ្យ​ស្បែក​ស​លឿន

​​លាប​ឡេ​ស​លឿន​រយៈ​ពេល​៧​ថ្ងៃ​ឃើញ​ប្រសិទ្ធភាព ​ត្រូវ​បាន​នារី​ជា​ច្រើន​ចាប់​អារម្មណ៍ ​។ ​ថ្វី​ដ្បិត​វា​ស​ក៏​ពិត​មែន ​តែ​អាស្រ័យ​លើ​ប្រភេទស្បែក និងរបៀប​ថែទាំ​ស្បែក​របស់​អ្នក​ដែរ។ ​យ៉ាង​ណា​ក្តី ​លទ្ធផល​កាន់​តែ​លឿន គ្រោះ​ថ្នាក់​អាច​នឹង​កើត​មាន​ច្រើន​ដែរ ​ហេតុ​នេះ បើ​ចង់​បាន​ស្បែក​ស គួរ​ជ្រើ​ស​រើស​វិធី​ដែល​ប្រើ​ទៅ​ឃើញ​លទ្ធផល​​ក្នុង​រយៈ​ពេល ៥-៦ ​ ខែ ​​ហើយ​ព្យាយាម​លាប​ឡេ​ការពារកម្តៅ​ថ្ងៃ​ផង។

​៦. ​គ្រាន់​តែ​គេង​និង​ញ៉ាំ មិន​ជួយ​ឲ្យ​ស្បែក​ស​​ទេ

ដោយសារ​តែ​គិត​បែ​បនេះ​ធ្វើ​ឲ្យ​នារី​ជា​ច្រើន​មិន​សូវ​ចូល​គេង​មុន​ពាក់​កណ្តាលអាធ្រាត្រ ហើយ​ញ៉ាំ​អាហារ​គ្មាន​ជីវជាតិ។ ​ក្រុម​អាហារ​ទាំង​៥ ដែល​មាន​ទាំង​បន្លែ​ផ្លែ​ឈើ ​​ជួយ​ឲ្យ​ស្បែក​កាន់​តែ​ស្អាត ​រួម​ទាំង​ការ​ផឹក​ទឹក​គ្រប់​គ្រាន់​​ប្រ​ហែល 1.5 ​លីត្រ​ក្នុង​មួយ​ថ្ងៃ ​នឹង​ធ្វើ​ឲ្យ​ស្បែក​ស្អាត​ពី​ខាង​ក្នុង​ដែរ។ ​ទន្ទឹម​នឹង​នេះ ​ការ​សម្រាក​បាន​គ្រប់​គ្រាន់​ក៏​ជួយ​ឲ្យ​អ័រម៉ូន​និង​រាងកាយ​ធ្វើការ​បាន​ល្អ​​ថែម​ទៀត។

៧. ​ចាក់​សេរ៉ូម ​ឬ​ថ្នាំ​សាច់​ស្អាត​ជួយ​ស្បែក​ស​លឿន​និង​មាន​សុវត្ថិភាព

វិធី​នេះ​ពិត​ជា​មាន​ប្រសិទ្ធភាព​បំ​ផុត​​ព្រោះ​ចាក់​ថ្នាំ​ចូល​ទៅ​ផ្ទាល់​ដល់​សសៃ​​វ៉ែន។ ​យ៉ាង​ណា​ក្តី ​វា​មាន​គុណសម្បត្តិ​និង​គុណ​វិបត្តិ​ផង​ដែរ ក្នុង​នោះ​គុណ​សម្បត្តិ​គឺ​ថា ​ជួយ​​ស្បែក​ឲ្យ​មើល​ទៅ​ភ្លឺ​ថ្លា​ជាង​មុន ​កាត់​បន្ថយ​ស្នាម​ជ្រួញ ​អុជ​ខ្មៅ ​ស្នាម​ក្រហម​ពី​ការ​ឡើង​មុន និង​បង្កើន​​ប្រព័ន្ធ​ភាព​ស៊ាំ​ថែម​ទៀត។ តែ​គុណ​វិបត្តិ​គឺ​ថា ​បើ​អ្នក​មាន​បញ្ហា​អាឡែហ្សី វា​នឹង​ក្លាយ​ជា​ហានិភ័យ​​ ហើយ​សម្រាប់​អ្នក​ចាក់​ថ្នាំ​សាច់​ស្អាត​ គប្បី​មាន​វិធី​ថែ​ទាំ​ស្បែក​ខ្លាំង​ជាង​អ្នក​មិន​បាន​ចាក់ ​ដោយ​សារ​ស្បែក​ងាយ​ប្រតិកម្ម​នឹង​ពន្លឺ​ព្រះ​អាទិត្យ​ហេតុ​នេះ​ គេ​ត្រូវ​ការ​លាប​ឡេការពារ​កម្តៅ​ថ្ងៃ​​ជា​ប្រចាំ។ ​សរុប​មក សុវត្ថិភាព​ឬអត់​គឺ​អាស្រ័យ​លើ​​ការ​ថែ​ទាំ​របស់​មនុស្ស​ដែល​ទៅ​ចាក់​ រួម​ទាំង​គ្លីនិក​នោះ​ថា​អាច​ជឿ​ទុក​ចិត្ត​បាន​កម្រិត​ណា ហើយ​បើ​ចង់​កាន់​តែ​សុវត្ថិ​ភាព​ទៀត​នោះ ​គប្បី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ​កាន់​តែ​ល្អ​​ថែម​ទៀត។

៨. ញ៉ាំ​ខូឡាជែន

តាម​ពិត ញ៉ាំ​ខូឡាជែន​មិន​បាន​ជួយ​ឲ្យ​ស្បែក​ស​នោះ​ទេ ​ព្រោះ​ពេល​ជ្រាប​ចូល​ស្បែក​វា​នឹង​បាត់​បង់។ ​តែ​អាច​ជួយ​ជួស​ជុល​ផ្នែក​ដែល​បាត់​បង់ ជួយ​ស្បែក​មិន​យារ​ធ្លាក់ ​​​ស្បែក​ស្អាត​ស្មើ​គ្នា​ប៉ុណ្ណោះ ។ ​ហេតុ​នេះ​ឈប់​យល់​ច្រលំ​ពី​ការ​ឃោសនា​របស់​ប្រេន​មួយ​ចំនួន​ទៀត​ទៅ​ ​។

៩. ផ្តោត​​លើ​ការ​ញ៉ាំ​វីតាមីន C

​វា​គ្រាន់​តែ​ជួយ​ស្បែក​របស់​អ្នក​ភ្លឺ​ថ្លា ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ប្រយ័ត្ន​ដែរ​ព្រោះ​ការ​ញ៉ាំ​វីតាមីន C ​ច្រើ​ន​មិន​ល្អ​​ឡើយ នឹង​នាំ​ឲ្យ​មាន​គ្រួស​ក្នុង​តម្រង​នោម។ ​ហេតុ​នេះ គួរ​​ញ៉ាំ​កុំ​​ឲ្យ​លើស 1000 mg ​ក្នុង​មួយ​ថ្ងៃ​ ​៕

ប្រភព៖ sistacafe ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម