សាកល្បងតិចនិចទាំង ៥ នេះដើម្បីក្លាយជាមនុស្សច្បាស់លាស់ក្នុងការងារ

  • 2023-08-24 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សត្រូវការរបស់មួយទៀតក្នុងការតតាំងនិងជីវិតរស់នៅប្រចាំថ្ងៃ ហើយនោះគឺជាកម្លាំងចិត្ត។ ជាការពិតណាស់ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាពជឿជាក់ និងការផ្តល់កម្លាំងចិត្តពីមជ្ឈដ្ឋាននៅជុំវិញខ្លួន ក្រុមគ្រួសារ មិត្តភក្តិ និងជាពិសេសពីមនុស្សដែលខ្លួនស្រលាញ់ គឺជាធាតុផ្សំដែលមិនអាចខ្វះបានសម្រាប់ការប្រជែងយកជោគជ័យក្នុងជីវិតរបស់មនុស្ស។

ចំណង់របស់មនុស្សមានច្រើនរាប់មិនអស់ និងមានលក្ខណៈខុសគ្នាពីម្នាក់ទៅម្នាក់។ ពិសេស គឺចេញពីអ្វីដែលមាននៅក្នុងមនុស្សខ្លួនឯងផ្ទាល់។ យ៉ាងណាក៏ដោយ កញ្ញាចែករំលែក សាកល្បងរៀនធ្វើជាមនុស្ស ដែលមានភាពច្បាស់លាស់ ចេះកំណត់គោលដៅខ្លួនឯង និងចេះលើកទឹកចិត្តខ្លួនឯង ហើយខាងក្រោមនេះជាវិធីសាមញ្ញ ៥ ដែលអ្នកអាចធ្វើវាបានដោយមិនចាំបាច់ពឹងពាក់ឥទ្ធិពលជំរុញពីខាងក្រៅច្រើន។

១. ទម្លាប់ធ្វើការងារមួយ ឱ្យចប់ បន្ទាប់ពីក្រោកពីដំណេក និងមុនចាកចេញពីផ្ទះ រឿងមួយដែលអ្នកគួរធ្វើឱ្យចប់ មុននិងចាកចេញពីដំណេក ឬពីផ្ទះ គឺរៀបចំបន្ទប់គេង ធ្វើលំហាត់ប្រាណ ឬចំអិនអាហារ រំលឹកពីគោលដៅ សរសេរពីបំណងប្រាថ្នា សាកអានសៀវភៅតាមចំនួនទំព័រដែលអ្នកកំណត់ មុនពេលចេញមកធ្វើការ ។ ល។ សកម្មភាពទាំងនេះមិនត្រូវការពេលវេលាយូរប៉ុន្មានទេ ហើយនៅពេលដែលអ្នកធ្វើវាបានសម្រេច នោះអ្នកនឹងមានអារម្មណ៍ថាអ្នកបានបង្កើតជោគជ័យមួយសម្រាប់ខ្លួនឯងក្នុងថ្ងៃនេះ។ មួយវិញទៀត វាគឺជាកម្លាំងចិត្តដល់អ្នក ហើយវាក៏នឹងជួយឱ្យអ្នកមានថាមពលពេញលេញបានក្នុងមួយថ្ងៃផងដែរ។ ចំណុចនេះស្ដាប់មើលទៅហាក់ដូចជាតិចតួចពេក តែប្រាកដណាស់ថាអ្វីៗទាំងអស់គឺចាប់ផ្តើមពីតូចទៅធំ។ បើអ្នកមិនអាចសម្រេចកិច្ចការតូចមួយផង នោះកិច្ចការធំនឹងកាន់តែពិបាកសម្រាប់អ្នក។

២. ផ្តល់តម្លៃចំពោះអ្វីដែលអ្នកបានធ្វើ ក្រោយពីអ្នកបានបញ្ចប់ការងារតូចមួយតាមចំណុចខាងលើ អ្នកត្រូវប្រាប់ខ្លួនឯងថាការងារនោះគឺមានតម្លៃគ្រប់គ្រាន់សម្រាប់អ្នក ព្រោះវាជាផ្នែកសំខាន់មួយដែលជួយឱ្យជីវិតប្រចាំថ្ងៃរបស់អ្នកមានភាពស្រស់ស្រាយ និងមានគំនិតច្រើនជាមុន។ លោក Steve Jobs បានពោលថា “ការងាររបស់អ្នកនឹងបំពេញផ្នែកដ៏ធំមួយនៃជីវិតរបស់អ្នក ហើយវិធីចម្បងដែលជួយឱ្យអ្នកបានសមបំណងបំផុតគឺត្រូវធ្វើអ្វីដែលអ្នកជឿថាជាកិច្ចការដ៏អស្ចារ្យ និងត្រូវស្រលាញ់អ្វីដែលអ្នកធ្វើ។ កត្តាសំខាន់គឺ កុំបោះបង់។” ហេតុនេះអ្នកគួរមានមោទនភាពចំពោះការងារដែលអ្នកបានធ្វើ និងអាចធ្វើបាន នឹងកុំទាន់គិតលទ្ធផលបរាជ័យ ឬជោគជ័យ ទាំងចំពោះខ្លួនឯង និងអ្នកដទៃ ទោះបីជាវាមានទំហំតូចក្តី។

៣.បញ្ចប់ការងារតាមផែនការ ចំណុចនេះអ្នកនឹងមានអារម្មណ៍ថាទទួលបានកម្លាំងចិត្តកាន់តែច្រើន បើអ្នកសរសរកិច្ចការដែលអ្នកត្រូវធ្វើនៅលើក្រដាស ឬបញ្ជី រួចធ្វើវាទៅតាមកាលកំណត់ បន្ទាប់មកគូសខ្វែងវាចេញម្តងមួយៗ ថាអ្នកបានបញ្ចប់វារួចរាល់។ សកម្មភាពបែបនេះជាសញ្ញាដែលបញ្ជាក់ថាការងារដែលអ្នកធ្លាប់បានគិតទុកនៅក្នុងខួរក្បាល ឥឡូវបានចេញជាលទ្ធផលពិតប្រាកដហើយ។ វានឹងធ្វើឱ្យអ្នកដឹងថាចំនួនការងារប៉ុន្មានដែលអ្នកអាចសម្រេចបានក្នុងមួយថ្ងៃ និងអ្វីដែលអ្នកគួរអនុវត្តធ្វើបន្ថែមទៀត។ តែកុំភ្លេចរៀបចំការងារទាំងនោះទៅតាមលំដាប់លំដោយ ការងារណាសំខាន់ និងបន្ទាន់ជាង។ ជាងនេះទៅទៀត វាក៏ធ្វើឲ្យអ្នកមានទម្លាប់មួយដ៏ល្អ ដែលបង្ហាញថាអ្នកជាមនុស្សច្បាស់លាស់និងការងារ ហើយដឹងច្បាស់ពីតួនាទីរបស់អ្នកក្នុងការធ្វើការ មិនចាំបាច់តែចាំគេដាស់តឿន និងរៀបចំឲ្យធ្វើ។

៤. មានទំនួលខុសត្រូវ ការចេះទទួលស្គាល់នូវអ្វីដែលបានធ្វើគឺជាសមត្ថភាព បង្ហាញពីសេចក្តីក្លាហានរបស់មនុស្ស។ លើសពីនេះ ការមានទំនួលខុសត្រូវចំពោះលទ្ធផលនៃទង្វើដែលបានធ្វើរួច ក៏ជាកម្លាំងជំរុញចិត្តមួយជួយឱ្យការបំពេញការងាររបស់អ្នកពេលក្រោយកាន់តែមានប្រសិទ្ធភាពកើនឡើងផងដែរ។ ម្យ៉ាងវិញទៀត នៅពេលអ្នកសម្រេចទទួលខុសត្រូវលើកិច្ចការណាមួយជាក់លាក់ នោះអ្នកនឹងបានឃើញពីការតាំងចិត្តរបស់អ្នក និងកម្លាំងចិត្តដែលអ្នកមានចំពោះខ្លួនឯង។ ហើយអាចជួសជួល រាល់ការងារដែលមិនល្អ ឲ្យកាន់បានប្រសើរជាងមុន ទាំងកម្លាំងកាយ និងកម្លាំងចិត្តគឺសុទ្ធតែជារបស់ចាំបាច់ក្នុងការដឹកនាំជីវិត។ កម្លាំងកាយបាត់អាចជំនួស ដោយការទទួលទានអាហារ និងការសម្រាកបានគ្រប់គ្រាន់ ប៉ុន្តែកម្លាំងចិត្ត លុះត្រាណាតែបុគ្គលដែលបាក់កម្លាំងចិត្តនោះយល់ដោយខ្លួនឯងពីអ្វីដែលអាចគ្រប់គ្រងបាន និងអ្វីដែលមិនអាចគ្រប់គ្រងបាន ហើយរៀនបោះចោលនូវអ្វីដែលមិនចាំបាច់យកមិនគិត និងរំខានដល់ការសម្រេចអ្វីមួយដែលយើងចង់ធ្វើប្រាកដ។

៥. ចេះស្រលាញ់ខ្លួនឯង មនុស្សមួយចំនួនចូលចិត្តធ្វើល្អ ដាក់ទាន ឬចូលចិត្តលើកទឹកចិត្តដល់អ្នកដទៃ បើទោះបីជាការពិតពួកគេស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ។ ក៏ព្រោះតែនេះជាក្តីស្រលាញ់ដែលពួកគេមានចំពោះមនុស្សគ្រប់គ្នា។ យ៉ាងណា អ្នកមិនគួរធ្វើល្អដាក់អ្នកដទៃ រហូតដល់ភ្លេចខ្លួនឯងនោះទេ។ ចំណុចនេះ គប្បីចេះស្រលាញ់ខ្លួនឯងច្រើនៗ ចេះផ្តល់សេរីភាព កុំរឹតបណ្ដឹងខ្លួនឯងពេក និងរៀនបណ្ដោយរឿងមួយចំនួនឱ្យដំណើរការទៅតាមពេលវេលារបស់វាខខ្លះ។ ឧទាហរណ៍ ថ្ងៃនេះអ្នកតាំងចិត្តថានឹងធ្វើការងារដែលអ្នកបានគ្រោងទុកឱ្យរួចរាល់ចប់សព្វគ្រប់ បើមិនដូច្នេះទេអ្នកនឹងមិនអនុញ្ញាតិឱ្យខ្លួនឯងសម្រាកឡើយ។ ការតាំងចិត្តដ៏ខ្លាំងក្លានឹងតែងតែនាំមកនូវជោគជ័យ។ ប៉ុន្តែអ្នកត្រូវតែយល់ពីសមត្ថភាពខ្លួនឯងផង ព្រោះពេលខ្លះចិត្តរបស់អ្នកនៅពុះកញ្ជ្រោលមិនចង់ឈប់ តែកម្លាំងកាយរបស់អ្នកខ្សត់ខ្សោយទៅហើយ។ ហេតុនេះអ្នកគួរយកពេលសម្រាកបន្តិចរួចចាំបន្តដំណើរទៅមុខទៀតទើបជាការល្អ។ បន្ថែមពីនេះ ការថែទាំសុខភាពប្រៀបាននឹងការស្រលាញ់ខ្លួនឯង អ្នកត្រូវតែយកចិត្តទុកដាក់ចំពោះជីវិតរបស់ខ្លួនឯងឱ្យបានច្រើនតាមដែលអាចធ្វើបាន។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម