ម៉ារីម៉ា​ បដិសេធ​ថត​រឿង​កូរ៉េ ជាមួយ Kim Seon Ho

  • 2022-06-14 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​សម្ដែង​ស្រី​ហ្វីលីពីន Marian Rivera ត្រូវ​បាន​ផលិតករ​អញ្ជើញ​ថត​រឿង​នៅ​ប្រទេស​កូរ៉​ តែ​នាង​មិន​ទទួល​សំណើរ​នេះ។

កាល​ពី​ថ្ងៃ​ទី ១៣ ខែ​មិថុនា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Philstar បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​លំដាប់ A ហ្វីលីពីន Marian Rivera បាន​មាន​ជំនួប​ជាមួយ​អ្នក​កាសែត ដើម្បី​ជជែក​ពី​ជិវិត​របស់​ខ្លួន។ នៅ​ក្នុង​បទ​សម្ភាសន៍​នេះ​ដែរ​ ស្រី​ស្អាត​អាយុ ៣៧​ឆ្នាំ បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​មុន​ នាង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ថត​ភាពយន្ត​កូរ៉េ​មួយ​ដែល​មាន​ចំណង​ជើង​ថា Sad Tropics ជាមួយ​តារា​សម្ដែង​ប្រុស​ជួរ​មុខ​កូរ៉េ Kim Seon Ho។

យ៉ាងណាក្ដី ក្រោយ​ពេល​ចំណាយ​ពេល​គិត​មួយ​រយៈ​ នាង​បាន​បដិសេធ​សំណើរ​ខាង​លើ ទោះ​បីជា​ផលិតករ​បាន​អង្វរ និង​ផ្ដល់​តម្លៃ​ខ្លួន​ឲ្យ​នាង​ខ្ពស់​ក៏​ដោយ។ មូលហេតុ​ចម្បង​នៃ​ការ​មិន​ទទួល​ថត​នេះ​គឺ នាង​ត្រូវ​ចំណាយ​ពេល​នៅ​ប្រទេស​កូរ៉េ​២​ខែ ឃា្លត​ឆ្ងាយ​ពី​កូន​ៗ​តូច​២​នាក់ ដូច​នេះ នាង​សុខចិត្ត​លះបង់​ឱកាស​នេះ​ចោល។

“មាន​ពេល​ខ្លះ នៅ​ក្នុង​ជីវិត​ យើង​ត្រូវ​លះបង់​អ្វី​មួយ​ ដើម្បី​អាទិភាព​មួយ​ផ្សេង​ទៀត​ដែល​ខ្ពស់​ជាង” អ្នក​ម្ដាយ​កូន​២​ឲ្យ​ដឹង។ នាង​ក៏​បន្ថែម​ដែរ​ថា ទោះ​បី​ជា​មាន​អ្នក​ជួយ​មើល​កូន​ក៏​ពិត​មែន តែ​នៅ​ពេល​នាង​បាន​មើល​ឃើញ​កូន​ផ្ទាល់​ទើប​នាង​ទុក​ចិត្ត ដូច​នេះ​ហើយ នាង​នៅ​មិន​ទាន់​ទទួល​គម្រោង​រឿង​ថ្មី​បាន​នៅ​ឡើយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម