វិធីដើម្បីដឹងថា តើអ្នកពិតជាត្រូវការអ្នករៀបចំផែនការអាពាហ៍ពិពាហ៍ ឬអត់

  • 2022-06-14 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលដែលយើងនិយាយអំពីគម្រោងនៃការរៀបចំមង្គលការ ជឿជាក់ថាគ្រប់គូស្នេហ៍ទាំងអស់ប្រាកដជាត្រូវការជំនួយ មិនថាតិចឬច្រើន ពីអ្នករៀបចំគម្រោងអាពាហ៍ពីពាហ៍ និងពីសាច់ញាតិខាងកូនប្រមុំកូនកំលោះក៏ដោយ អ្នកប្រាកដជាត្រូវការ ប៉ុន្តែតើអ្នកសម្រេចចិត្តយ៉ាងណាថា វិធីសាស្ត្រមួយណាដែលស័ក្តិសមនឹងអ្នក?

សំនួរមួយចំនួនដែលដៃគូស្នេហាតែងតែធ្វើការសួរជាលើដំបូងនោះគឺ វាពិតជាលំបាកខ្លាំងមែនឬ ក្នុងការរៀបចំផែនការមង្គលការដោយខ្លួនឯង? និងពិតជាត្រូវការអ្នករៀបចំផែនការអាពាហ៍ពិពាហ៍មកជួយ? វាអាស្រ័យទៅលើគូស្នេហ៍ទាំងអស់ដែលពួកគេស្ថិតនៅក្នុងកាលៈទេសៈណាមួយផ្សេងគ្នា។

ប៉ុន្មានចំណុចខាងក្រោមនេះពិតជាអាចណែនាំអ្នកក្នុងការកំណត់ថា តើអ្នកពិតជាត្រូវការអ្នករៀបចំផែនការអាពាហ៍ពិពាហ៍ចាំបាច់ឬអត់៖

១. អ្នកធ្វើការងារពេញម៉ោង៖ ប្រសិនបើអ្នកនឹងដៃគូរបស់អ្នកកំពុងតែធ្វើការពេញម៉ោងមិនអាចឈប់សម្រាកយូរថ្ងៃនោះ វាពិតជាពិបាកណាស់ក្នុងការរៀបចំដោយខ្លួនឯង ដែលវាជាសញ្ញាប្រាប់ថា អ្នកពិតជាត្រូវការអ្នករៀបចំផែនការអាពាហ៍ពិពាហ៍។

២. អ្នកកំពុងតែមានបញ្ហាថវិកា៖ ជាទូទៅនៅពេលដែលអ្នកពុំសូវមានថវិកាច្រើន អ្នកទំនោលជាធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯងដើម្បីសន្សំសំចៃ ផ្ទុយទៅវិញវាជាការគិតខុស។ អ្នករៀបចំផែនការអាពាហ៍ពិពាហ៍អាចមានសមត្ថភាពក្នុងការជួយអ្នកបាន ទាំងចរចាតម្លៃពីទំនាក់ទំនងខាងក្នុងរបស់ពួកគេ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្នែកហិរញ្ញវត្ថុ។

៣. ពេលវាលាខើចខ្លាំង៖ មិនថាមង្គលការរបស់អ្នកនឹងត្រូវរៀបចំឡើងដោយសារតែវាជាខែល្អសម្រាប់អ្នកទាំងពីរ ជាថ្ងៃខួបមួយឆ្នាំនៃទំនាក់ទំនងរបស់អ្នក ឬស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ប្រសិនបើអ្នកមានពេលតិចជាងពីរទៅបីខែ អ្នកប្រាកដជាត្រូវការជំនួយជាចាំបាច់ ដើម្បីរៀបចំផែនការអាពាហ៍ពិពាហ៍នោះឲ្យដំណើរការទៅយ៉ាងរលូន។

៤. ពីធីមង្គលការរបស់ត្រូវរៀបចំនៅខាងក្រៅ៖ ប្រសិនបើអ្នកគម្រោងរៀបចំពីធីមង្គលការនៅភោជនីយដ្ឋាន នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ឬនៅតំបន់លល្បីៗរបស់ប្រទេសជាតិ (ដូចជានៅប្រាសាទអង្គរវត្ត ឆ្នេរសមុទ្រជាដើម) ច្បាស់ណាស់ថាអ្នកពិតជាត្រូវការអ្នករៀបចំ ដើម្បីធ្វើការរៀបចំរឿងទាំងអស់នោះសម្រាប់អ្នក។

ប្រសិនបើអ្នកមើលឃើញថា ការរៀបចំផែនការអាពាហ៍ពិពាហ៍ដោយខ្លួនឯង បានកំពុងធ្វើឲ្យអ្នកមានភាពតានតឹងច្រើន និងមានការអូសបន្លាយូរ អ្នកប្រហែលជាត្រូវការជំនួយបន្ថែម ដើម្បីអាចជួយសម្រាលបន្ទុករបស់អ្នក។ ត្រូវចាំថា ភាពតានតឹង ការឈ្លោះប្រកែក និងភាពរកាំរកូសមុនពេលរៀបការគឺជារឿងធម្មតា ដែលតែងតែកើតមានឡើង មិនថាអ្នកជួលអ្នករៀបចំគម្រោង ឬធ្វើដោយខ្លួនឯងក៏ដោយ។

ទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែពិចារណាជួលអ្នករៀបចំផែនការ សម្រាប់គោលដៅជាក់លាក់មួយចំនួន ដើម្បីជួយកាត់បន្ថយភាពរកាំរកូស និងការប៉ះទង្គិចគ្នាមុនពេលរៀបការ តែផ្ដល់មកវិញនូវពេលវេលាដ៏រីករាយ និងសុភមង្គលទៅថ្ងៃអនាគត។ សម្រាប់គូស្នេហ៍ទាំងអស់ដែលចង់បានព័ត៌មានលម្អិត និងកាន់តែច្បាស់ជាងនេះទៅទៀត សូមកុំភ្លេច Join Telegram Channel របស់ The Anchor Wedding Guide ដើម្បីជាជំនួយសម្រាប់ថ្ងៃពិសេសរបស់អ្នក៕

ចុចអានបន្ដ៖ រៀបការហើយបានសុខ! ចង់យកចិត្តម្តាយឪពុកក្មេក គួរដឹងនូវតិចនិកទាំងនេះ

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម