រៀបការហើយបានសុខ! ចង់យកចិត្តម្តាយឪពុកក្មេក គួរដឹងនូវតិចនិកទាំងនេះ
- 2022-06-07 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀបការហើយបានសុខ! ចង់យកចិត្តម្តាយឪពុកក្មេក គួរដឹងនូវតិចនិកទាំងនេះ
រៀបការមានគ្រួសារ តាមពិតទៅមិនមែនមនុស្សតែ២នាក់នោះទេ គឺត្រូវខ្វល់ពីសាច់ញាតិទាំងសងខាង ពិសេសឪពុកម្តាយក្មេកតែម្តង។ ដើម្បីឲ្យគ្រួសារកាន់តែមានសុភមង្គល មិនងាយទាស់ទែងគ្នា កញ្ញា សូមបង្ហាញពីតិចនិកយកចិត្តឪពុកម្តាយក្មេកឲ្យស្រលាញ់កូនប្រសារ ដូចកូនបង្កើតរបស់លោកទាំងពីរដែរ។
១. ពេលបុណ្យទាន កុំភ្លេចអំណោយជូនលោកទាំងពីរ
គ្រប់ឪពុកម្តាយ តែងតែចង់ឃើញកូនចេះដឹងគុណ ពិសេសនៅពេលកូនមានគ្រួសាររួចតែម្តង ព្រោះចង់ដឹងថាតើកូនប្រសារចិត្តបាននឹងឪពុកម្តាយក្មេកឬទេ។ ហេតុនេះ បើអ្នកចង់ឲ្យលោកទាំងពីរស្រលាញ់ ដកចិត្តមិនរួច កុំភ្លេចមានអំណោយខ្លះជូនលោកនៅពេលបុណ្យទាន ឬថ្ងៃពិសេសៗដូចជា ទិវាម្តាយ ទិវាឪពុក ឬ ថ្ងៃខួបកំណើតលោកទាំងពីរជាដើម។
២. ចេះជួយការងារផ្ទះ
ប្រសិនបើអ្នកកំពុងរស់នៅក្រោមដំបូលផ្ទះជាមួយឪពុកម្តាយក្មេកដែរ រឿងការងារផ្ទះ មិនត្រូវខ្ជិលដាច់ខាត។ ក្នុងនាមជាកូនប្រសារស្រីល្អ ត្រូវចេះធ្វើការងារផ្ទះ ពិសេសធ្វើម្ហូបមានរសជាតិឆ្ងាញ់ៗ។ ចំណុចទី២នេះសំខាន់ណាស់ បើអ្នកប្រតិបត្តិបាន ប្រៀបដូចមានកូនសោចាក់ចូលបេះដូងរបស់ឪពុកម្តាយក្មេកបានអ៊ីចឹងដែរ។
៣. កុំនិយាយដើមសាច់ញាតិ ឬ ស្វាមី
រឿងនិយាយដើមនេះ បើចៀសបានត្រូវតែចៀស ព្រោះគ្មាននរណាចូលចិត្តឡើយ។ រិះគន់ក្នុងន័យស្ថាបនាផ្សេង តែបើនិយាយដើម ដើម្បីឲ្យគេដឹងពីចំណុចអាក្រក់របស់នរណាម្នាក់ នោះមិនមែនជារឿងល្អនោះទេ។ សម្រាប់គ្រួសារវិញ ឪពុកម្តាយក្មេកស្អប់បំផុតកូនប្រសារដែលចូលចិត្តរំលឹកតែរឿងមិនល្អរបស់ប្តី ដែលត្រូវជាកូនបង្កើតរបស់គាត់ ហើយបើអ្នកមាត់នៅមិនស្ងៀម និយាយដើមពីសាច់ញាតិទៀត កាន់តែធ្វើឲ្យគាត់ទ្រាំមិនបានតែប៉ុណ្ណោះ។
៤. កុំតមាត់ ឬផ្កើននៅពេលម្តាយឪពុកក្មេកប្រៀនប្រដៅ
គេតែងនិយាយថា ចាស់ធ្លាប់ក្មេង តែក្មេងមិនធ្លាប់ចាស់ទេ ហេតុនេះ នៅពេលមានឃើញកំហុសឆ្គងរបស់កូនប្រសារធ្វើអ្វីឆ្គង លោកតែងតែទូន្មាន ឬប្រៀនប្រដៅខ្លះមិនខាន។ បើអ្នកសម្តែងអាកប្បករិយាខឹង តមាត់ និយាយទៅវិញដោយគ្មានសុជីវធម៍ ច្បាស់ណាស់ ជីវិតអាពាហ៍ពិពាហ៍របស់អ្នកនឹងឃើញតែពពកខ្មៅងងឹតប៉ុណ្ណោះ។
៥. ត្រូវចេះសន្សំសំចៃ
ម្តាយឪពុកក្មេកនឹងចាត់ទុកអ្នកប្រៀបដូចកំណប់មហាសាលដែលកូនប្រុសគាត់បានរៀបការជាមួយអ្នក ដោយសារតែអ្នកបានបង្ហាញពីគំនិតចេះសន្សំលុយកាក់ ទុកដាក់សក្តិសមជាភរិយាគ្រប់លក្ខណ៍។ លើសពីនេះ ក៏ធ្វើឲ្យលោកទាំងពីរមិនសូវបារម្ភច្រើន ព្រោះថា អ្នកបង្ហាញពីភាពចាស់ទុំ និងចេះធ្វើឲ្យគ្រួសារលូតលាស់ ដោយមិនចាយវាយខ្ជះខ្ជាយនោះទេ។
សម្រាប់មិត្តអ្នកអានដែលកំពុងតែរៀបថំថ្ងៃពិសេស ឬ មានគម្រោងចង់អោយថ្ងៃពិសេសនោះជាថ្ងៃដែលមិនអាចបំភ្លេចបាននោះ សូមកុំភ្លេច Join Telegram Chanel របស់ The Anchor Wedding Guide ដែលជាសម្បុកពត៌មានដ៏សម្បូរបែប និង គន្លឹះខ្លីៗសម្រាប់ថ្ងៃដ៏គួរអោយចង់ចាំមួយនោះ៕