៨ វិធីដ៏មានប្រសិទ្ធិភាពខ្ពស់ ដើម្បីយកឈ្នះលើការភ័យខ្លាចនៃការនិយាយជាសាធារណៈ
- 2022-06-09 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨ វិធីដ៏មានប្រសិទ្ធិភាពខ្ពស់ ដើម្បីយកឈ្នះលើការភ័យខ្លាចនៃការនិយាយជាសាធារណៈ
នៅពេលដែលលើកឡើងអំពីការនិយាយជាសាធារណៈ វាអាចជារឿងមួយដែលធ្វើឲ្យមនុស្សមួយចំនួនមានការភ័យខ្លាចបំផុត អ្នកខ្លះអាចមិនខ្លាច ឬខ្លះទៀតខ្លាចតិច និងច្រើនគឺវាអាស្រ័យទៅលើបុគ្គលនោះ។ វាអាចជារឿងពិបាកក្នុងការឈរនៅចំពោះមុខមនុស្សមួយក្រុមធំ ឬមនុស្សរាប់សិបនាក់ មិនថាអ្នកស្គាល់ពួកគេឬអត់ ពេលខ្លះអ្នកនឹងមានការភ័ចខ្លាចចូលមកខ្លះៗ។
មិនថានៅកន្លែងការងារ ឬកាលៈទេសៈណាក៏ដោយ នៅក្នុងឆាកជីវិតរស់នៅអ្នកនឹងត្រូវតែប្រឈមមុខក្នុងការជួបមនុស្សជាច្រើន ហើយធ្វើការថ្លែងសុន្ទរកថាទៅកាន់ពួកគេ។ តើអ្នកមានវិធីអ្វីខ្លះដើម្បីយកឈ្នះការភ័យខ្លាចនៅពេលដែលមានការនិយាយជាសាធារណៈ? និងមានយុទ្ធសាស្ត្រអ្វីខ្លះទៀតដើម្បីទទួលបានភាពជឿជាក់ទៅលើជំនាញនិយាយជាសាធារណៈ?
អ្នកជំនាញបានពន្យល់ពីវិធីសាស្ត្រល្អៗទាំងប្រាំបីយ៉ាងដើម្បីធ្វើឲ្យអ្នកមានទំនុកចិត្តលើជំនាញនៃការនិយាយជាសាធារណៈរបស់អ្នកបាន៖
១. ការរៀបចំយ៉ាងហ្មត់ចត់ ធ្វើឲ្យប្រសើរឡើងនូវជំនាញនិយាយជាសាធារណៈរបស់អ្នក ពីព្រោះអ្នកនឹងមិនសូវមានការភ័យខ្លាចទេ ប្រសិនបើអ្នកបានគ្រោងទុកនូវអ្វីដែលអ្នកនឹងនិយាយនោះ។
២. ដឹងថាអ្វីជាគោលបំណងរបស់អ្នក ជំនាញនៃការនិយាយជាសាធារណៈកាន់តែអាចគ្រប់គ្រងបានល្អប្រសើរនៅពេលដែលអ្នកចំណាយពេលគិត និងរៀបចំផែនការឲ្យបានហ្មត់ចត់ ហើយរឿងដំបូងដែលអ្នកត្រូវគិតនោះគឺអ្វីជាគោលបំណងដែលអ្នកចង់និយាយ។
៣. ជ្រើសរើសប្រធានបទដែលអ្នកចូលចិត្តនិយាយ ប្រសិនបើអ្នកមានជម្រើសក្នុងការជ្រើសរើសប្រធានបទមួយ ជ្រើសរើសអ្វីដែលអ្នកចូលចិត្តដែលអាចពិភាក្សាដោយចំណេះដឹង វាធ្វើឲ្យមានភាពងាយស្រួល ហើយទស្សនិកជននឹងទទួលបាននូវភាពរីករាយជាមួយសុន្ទរកថាជាសាធារណៈរបស់អ្នក។
៤. សរសេរសុន្ទរកថារបស់អ្នកទុកជាមុន នៅពេលអ្នកបង្កើតទម្លាប់សរសេរបទបង្ហាញរបស់អ្នក វានឹងជួយបង្កើនជំនាញនិយាយជាសាធារណៈរបស់អ្នក ហើយវាក៏ជាឧបករណ៍ដ៏អស្ចារ្យមួយដែលអាចសម្រាលការភ័យខ្លាចរបស់អ្នកបាននៅពេលអ្នកកំពុងនិយាយ។
៥. ហាត់សមនៅមុខកញ្ចក់ដើម្បីមើលជំនាញនិយាយជាសាធារណៈរបស់អ្នក ប្រសិនបើអ្នកមានការភ័យខ្លាចក្នុងការធ្វើវានៅចំពោះមុខសាធារណៈជន សូមព្យាយាមហាត់សមនៅមុខកញ្ចក់ វានឹងធ្វើឲ្យអ្នកកាន់តែមានទំនុកចិត្តនៅថ្ងៃដែលអ្នកធ្វើសុន្ទរកថានោះ។
៦. និយាយឲ្យច្បាស់នឹងផ្ដោតទៅលើទស្សនិកជនជាចម្បង កុំសម្លឹងមើលក្រសែភ្នែកឲ្យសោះ គ្រាន់តែផ្តោតផ្នែកខាងលើក្បាលរបស់ពួកគេទាំងអស់គ្នា ហើយម្នាក់ៗនឹងមានអារម្មណ៍ថាអ្នកកំពុងនិយាយទៅកាន់ពួកគេដោយផ្ទាល់។
៧. ត្រូវចាំថាញញឹមនឹងបង្ហាញចិត្តរំភើប ជំនាញនៃការនិយាយជាសាធារណៈល្អគឺត្រូវភ្ជាប់ទំនាក់ទំនងជាមួយអ្នកស្តាប់ដោយអារម្មណ៍ ហើយអ្នកធ្វើបែបនោះដោយការញញឹម និងសាទរបង្ហាញទស្សនិកជននូវភាពបើកចំហ និងចំណង់ចំណូលចិត្តរបស់អ្នកចំពោះអ្វីដែលអ្នកកំពុងតែនិយាយ។
៨. ប្រើការលេងសើចនៅពេលដែលសមរម្យ ការនិយាយកំប្លែងក៏អាចបញ្ចៀសពីការភ័យខ្លាចនៃការនិយាយជាសាធារណៈរបស់អ្នកបានដែរ វានឹងបន្ធូរបន្ថយភាពតានតឹងរបស់អ្នក ប្រសិនបើអ្នកធ្វើវាប្រកបដោយភាពត្រឹមត្រូវ ហើយទស្សនិកជននឹងកាន់តែចូលចិត្តអ្នក។
ពេលខ្លះក្នុងជីវិតនៅរបស់អ្នក អ្នកត្រូវតែមានការនិយាយនៅមុខទស្សនិកជន ឬក្រុមមនុស្សជាច្រើន មិនថាសម្រាប់ការងារ ឬឱកាសពិសេសណាមួយនៅក្នុងក្រុមគ្រួសាររបស់អ្នកឡើយ វាអាចធ្វើឲ្យអ្នកមានការភ័យខ្លាចបន្ដិចបន្ដួច ដូច្នេះអ្នកអាចមកសាកល្បងប្រើគន្លឹះទាំងអស់ខាងលើនេះ និងគន្លឹះដ៏មានតម្លៃផ្សេងៗទៀតជាច្រើន ដើម្បីជួយពង្រឹងអារម្មណ៍របស់អ្នកឲ្យមានភាពងាយស្រួលជាងមុនក្នុងការនិយាយជាសាធារណៈនៅពេលណាមួយ៕
ចុចអានបន្ត៖ វិធីដោះស្រាយកុំឲ្យស្ត្រេស បើអ្នកទទួលរងសម្ពាធខ្លាំងពេកនៅកន្លែងធ្វើការ