របៀបឆ្លើយតបទៅនឹង “Fake Friend” យោងតាមយោបល់អ្នកជំនាញ

  • 2022-05-04 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានប្រភេទមនុស្សដែលអ្នកចាត់ទុកជាមិត្តភក្តិមួយចំនួន ជាប្រភេទមនុស្សពិសពុល ពេលធ្វើដូចជានិយាយលេងសើចតែតាមពិតមានបំណង និង ចិត្តមិនទៀងត្រង់នឹងអ្នកនោះទេ។ ជីវិតមនុស្សពិតជាក់ស្ដែងគឺបែបនេះ មានមនុស្សជាច្រើនជាដែលចេញ និង ចូលមកក្នុងជីវិតអ្នក អ្នកខ្លះក៏មានចិត្តល្អ ស្មោះត្រង់នឹងអ្នកណាស់ ឯមិត្តភក្តិខ្លះទៀតអាចនឹងមិនស្រណុកចិត្តនឹងឃើញអ្នកជោគជ័យនោះទេ។ ប្រភេទមនុស្សលាក់សន្តានបែបនេះ តែងតែព្យាយាមប្រើពាក្យសម្ដីដែលមិនមែនក្នុងគោលបំណងជម្រុញ និង លើកទឹកចិត្តអ្នកនោះទេ តែធ្វើអោយអ្នកមានមន្ទិលពីការសម្រេចចិត្ត និង សមត្ថភាពរបស់អ្នកផ្ទាល់។ ទាំងនេះជា ៣ វិធីដែលឆ្លើយតបទៅនឹងមនុស្សប្រភេទនេះយ៉ាងសក្តិសមបំផុត៖

១. ព្យាយមហាត់ពុតលត់ដំខ្លួនឯង

សម្ដីសម្ដៅបែបនោះអាចបង្ហាញថា ពួកគេមិនចង់ឃើញអ្នកបានល្អ ខ្ពង់ខ្ពស់ជាងខ្លួនពួកគេនោះទេ។ នៅពេលដែលមនុស្សប្រភេទនេះមានមន្ទិលលើអ្នក ការសម្រេចចិត្តរបស់អ្នកជាដើមនោះ អ្នកមិនចាំបាច់ត្រូវពន្យល់ពីជំហរ និង ការគិតការយល់ឃើញអ្នកនោះទេ។ ដំណាក់កាលនេះ ជាពេលដែលអ្នកគួរអោយភាពស្ងប់ស្ងាត់ជាចម្លើយរបស់អ្នក។ ជីវិតមនុស្សប្រៀបដូចជាការរត់ប្រណាំ Marathon អញ្ចឹងដែរ បើសិនជាអ្នករត់យឺត ក្រឡេកទៅណាក៏ឃើញមានមនុស្សដែរ តែបើមិនចង់លឺសំលេងចេចចាចទាំងនោះទេ មានតែព្យាយាមបង្កើនល្បឿន បន្តិចម្ដងៗរហូតទាល់តែអ្នកមិនអាចលឺសំលេងទាំងនោះបានទៀត។

២. បន្ថយ ឬ កាត់ផ្តាច់ទំនាក់ទំនងជាមួយពួកគេ

ប្រភេទមនុស្សដែលមើលឃើញថាខ្លួនឯងប្រសើរជាងអ្នកដទៃបែបនេះ គឺទៅណាមិនបានឆ្ងាយនោះទេ។ មនុស្សដែលជោគជ័យពិតប្រាកដជាប្រភេទមនុស្សដែលមិនចេះតែរិះគន់អ្នកដទៃ បៀមឈាមព្រោះដាក់គេនោះទេ។ មានតែមនុស្សដែលខ្លីបញ្ញានោះទេ ដែលសម្បូរពេលទៅតិទានអ្នកដទៃ គិតថាអ្នកដទៃមិនស្មើនឹងខ្លួន។ បើសិនជាអ្នកសង្កេតឃើញថាមានមនុស្សប្រភេទនេះក្បែរខ្លួននោះ​ កុំចំណាយពេលទៅកែប្រែការយល់ឃើញរបស់ពួកគេអី គួរតែព្យាយាមរក្សាគម្លាតពីពួកគេ។

៣. រៀនអោយតម្លៃមនុស្សដែលមានចិត្តល្អនឹងអ្នកយ៉ាងពិតប្រាកដ

ដូចមានពាក្យចាស់ពោលថា មានតែគ្រាអាសន្នទេ ទើបដឹងថាម្នាក់ណាជាមិត្តពិតប្រាកដនោះ។ មនុស្សដែលហែរហមអ្នកពេលសប្បាយរីករាយ អាចនឹងមិនមែនជាប្រភេទមនុស្សដែលបន្តហែរហមអ្នកពេលមានទុក្ខនោះទេ។ បើសិនជាអ្នកសង្កេតឃើញថាពេលមានទុក មិត្តភក្តិដែលធ្លាប់រាប់អានគ្នាប្រែជាឃ្លាតឆ្ងាយ មិនសូវរាប់អានដូចមុន ពេលនេះជាពេលដ៏ល្អបំផុតដើម្បីកាត់ផ្ដាច់ពួកគេចេញពីជីវិតអ្នកអោយដាច់ស្រឡះតែម្ដង។

អត្ថបទ៖ Iv Madalen