៣ ឃ្លាជួយដាស់តឿនចិត្ត ជីវិតជួបទុក្ខសោកខ្លាំងប៉ុណ្ណាក៏អាចកន្លងផុត

  • 2022-05-02 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើនិយាយអោយសាមញ្ញទៅជីវិតមនុស្សអាចបែងចែកជា ១០ ផ្នែក មាន ៧ ទៅ ៨ ផ្នែកទៅហើយដែលកើតឡើងមិនសមស្របនឹងអ្វីដែលគ្រោងទុក។ អ្វីដែលខុសប្លែកគ្នាខ្លាំងបំផុតននោះគឺការជ្រើសវិធីមកដោះស្រាយនឹងការលំបាកទាំងនោះ។ ៣ ឃ្លានេះជាអ្វីដែលអ្នកគួរតែរំលឹកខ្លួនឯង ពេលមានអារម្មណ៏ថាជីវិតនេះចាក់ស្រេះរកផ្លូវដើរមិនត្រូវនោះ។

១. បណ្ដោយអោយអតីតកាលមកតាមលង ដូចជាបិទផ្លូវអនាគតសម្រាប់ខ្លួនឯងអញ្ចឹង

មិនថាតែរឿងរ៉ាវល្អៗនោះទេ សូម្បីតែរឿងដែលធ្វើអោយអ្នកទប់ទឹកភ្នែកមិនបានពេលរំលឹកដល់ក៏អាចក្លាយជាមេរៀន បទពិសោធន៏ជីវិតសម្រាប់អ្នកបានដែរ។ មិនថាជារឿងស្នេហា ឬក៏ជាបញ្ហាជីវិតធម្មតានោះទេ សុទ្ធតែរៀនសូត្រពីបាន សំខាន់មិនត្រូវអោយខ្លួនឯងផុងខ្លួនទៅជួបបញ្ហាដដែលនោះ ម្ដងហើយម្ដងទៀត។ គេតែងតែនិយាយថា បើអាចបង្វិលពេលវេលាថយក្រោយបាន ច្បាស់ជាជ្រើសរើសទៅលុបកំហុសទាំងនោះចោលមិនខាន។ តែជាក់ស្ដែង ដោយសារតែរឿងហេតុលើកនោះហើយដែលបណ្ដាលអោយអ្នកបានការគិតពិចារណា និង ចិត្តគំនិតដូចជាពេលនេះ។

២. បើហត់ហើយត្រូវសុំជំនួយ មិនមែនគ្រប់យ៉ាងត្រូវតែចេញពីស្នាដៃអ្នករហូតនោះទេ

បើប្រាប់ថាមិនធ្លាប់សោះក៏អត់ជឿដែរ មានចាំបានអត់ពេលដែលខំប្រឹងធ្វើអ្វីមួយតែឯង សម្ងំលំបាកស្ងាត់ៗ ដែលលទ្ធផលចុងក្រោយហត់ទាំងកាយទាំងចិត្តនោះ។ ដូចពាក្យចាស់ពោលថា បើចង់ទៅមុខលឿនអោយធ្វើដំណើរម្នាក់ឯង តែបើចង់ទៅបានឆ្ងាយត្រូវតែធ្វើដំណើរដោយមានគ្នា។ នៅពេលដែលអ្នកអាចទទួលយកគំនិត និង ការចែករំលែករបស់អ្នកដទៃបាននោះ ពេលនេះហើយជាពេលដែលអ្នកអាចសម្រេចការងារធំបាន។

៣. ខ្វល់ខ្វាយច្រើនពេកពីសម្ដីអ្នកដទៃមានតែបង្អាក់ដំណើរជីវិតខ្លួនឯងនោះទេ

របៀបដែលអ្នកអោយតម្លៃលើខ្លួនឯងគឺមានសារៈសំខាន់ណាស់។ មនុស្សដែលចេះគោរព និង អោយតម្លៃខ្លួនឯងនឹងមិនចុះចាញ់ងាយៗនោះទេ ពេលដែលជួបប្រទះនឹងបញ្ហា។ មនុស្សភាគច្រើនមិនអាចដោះស្រាយបញ្ហាចំពោះមុខ ព្រោះប្រកាន់គំនិតថាបញ្ហាដែលខ្លួនជួបនោះគឺស្មុគស្មាញខ្លាំង រីឯសមត្ថភាពខ្លួនតូចទាបមិនអាចនឹងដោះស្រាយវាបាន ខ្វល់ថាអ្នកដទៃគិតថាបើខ្លួនសម្រេចចិត្តមិនបានត្រឹមត្រូវ បង្អាក់ដំណើរជីវិតទាំងមិនដឹងខ្លួន។

អត្ថបទ៖ Iv Madalen

អត្ថបទពេញនិយម