ទ្វីបអាហ្រ្វិក៖ សង្គ្រាមនៅ អេត្យូពី ត្រូវបានចាត់ទុកថាជាការបោសសម្អាតជនជាតិភាគតិច

  • 2022-04-10 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការស៊ើបអង្កេតរួមគ្នាមួយបានរកឃើញថា ជនជាតិទីហ្គ្រា ត្រូវបានគេកំណត់គោលដៅនៅក្នុងយុទ្ធនាការបោសសម្អាតជនជាតិភាគតិចនៅក្នុងផ្នែកមួយនៃរដ្ឋធានី Tigray ភាគខាងជើងនៃប្រទេសអេត្យូពី ដែលកំពុងតែទទួលរងគ្រោះដោយជម្លោះនៃសង្គ្រាម។

អង្គការលើកលែងទោសអន្តរជាតិ និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានធ្វើការចោទប្រកាន់មន្ត្រី និងកងកម្លាំងសន្តិសុខមកពីប្រទេសជិតខាង Amhara ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅភាគខាងលិចនៃរដ្ឋធានី Tigray ប្រទេសអេត្យូពី ហើយការចោទប្រកាន់នេះផងដែលត្រូវបានបដិសេធច្រានចោលដោយរដ្ឋាភិបាលក្នុងតំបន់របស់ Amhara។

ពាណិជ្ជករជនជាតិទីហ្គ្រាអាយុ ២៣ ឆ្នាំម្នាក់ត្រូវបានប្រាប់អ្នកស៊ើបអង្កេតអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) អំពីរបៀបដែលគាត់ត្រូវបានគេវាយដំ និងទុកអោយស្លាប់នៅតំបន់ Rawyan ដោយកងកម្លាំងពិសេសរបស់ Amhara ដែលបាននិយាយថា «យើងនឹងលុបជនជាតិអ្នកចេញពីទឹកដីនេះ ទឹកដីនេះគឺជារបស់យើង នេះជាលើកចុងក្រោយហើយដែលជនជាតិអ្នកឯងរស់នៅក្នុងតំបន់នោះ​»

ទន្លេ Tekeze ស្ថិតនៅលើព្រំប្រទល់ប្រទេសអេត្យូពី ប្រទេសស៊ូដង់ និងអេរីទ្រាដែលហូរកាត់រដ្ឋធានី Tigray

បន្ទាប់ពីសង្រ្គាមនេះបានចាប់ផ្តើមកងកម្លាំង **Amhara** រួមជាមួយនឹងសម្ព័ន្ធមិត្តរបស់ពួកគេនៅក្នុងកងទ័ពអេត្យូពី បានចូលកាន់កាប់គ្រប់គ្រងយ៉ាងលឿននៅភាគខាងលិចរដ្ឋធានី Tigray។ ភាគខាងលិចនៃរដ្ឋធានី Tigray ភាគច្រើនមិនអាចចូលទៅដល់បានទេសម្រាប់អ្នកសារព័ត៌មាន និងភ្នាក់ងារជំនួយ ចាប់តាំងពីសង្រ្គាមនេះបានផ្ទុះឡើងក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ហើយបណ្តាញទំនាក់ទំនងទាំងអស់ក៏ត្រូវបានបិទ។

អង្គការលើកលែងទោសអន្តរជាតិ និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បាននិយាយថា ភ័ស្តុតាងដែលប្រមូលបានក្នុងរយៈពេលមួយឆ្នាំបង្ហាញថារដ្ឋធានី Tigray ភាគខាងលិចគឺជាទីតាំងនៃអំពើឃាតកម្មដ៏ឃោរឃៅ និងអាក្រក់បំផុតមួយដែលបានប្រព្រឹត្តក្នុងអំឡុងសង្គ្រាមរយៈពេល ១៦ ខែនេះ ហើយត្រូវបានគេមិនអើពើដូចជាអ៊ុយក្រែននោះទេ។

ជម្លោះ​នេះបាន​បង្ខំ​មនុស្ស​រាប់​លាន​នាក់​ឲ្យ​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង ហើយ​ក៏បាន​បន្សល់​ទុក​មនុស្ស​រាប់​សែន​នាក់​នៅ​ក្បែរ​មាត់​ទុរ្ភិក្ស។ សង្គ្រាមនៅតែបន្ត បើទោះបីជាបទឈប់បាញ់មនុស្សធម៌ត្រូវបានប្រកាសតិចជាងពីរសប្តាហ៍មុន។ ទោះជាយ៉ាងណាក៏ដោយ អង្គការលើកលែងទោសនិយាយថារដ្ឋធានី Tigray ភាគខាងលិចនៅតែមិនទទួលបានជំនួយដែលខ្លួនត្រូវការឡើយ។

ក្នុង​អំឡុង​ពេល​ជម្លោះ​ភាគី​ទាំង​ពីរ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​អំពើ​ឃោរឃៅចំពោះមនុស្សជាតិ ជាពិសេសកងកម្លាំងអេត្យូពី និងអេរីទ្រា ត្រូវបានគេចោទប្រកាន់ថា បានធ្វើការសម្លាប់រង្គាលនៅទីក្រុង Aksum និងប្រើប្រាស់អំពើហិង្សាផ្លូវភេទយ៉ាងខ្លាំង ហើយត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម នៅពេលដែលពួកគេបានលុកលុយ Amhara កាលពីឆ្នាំមុន៕

ចុចអានបន្ដ៖ អាហ្វហ្គានីស្ថាន៖ ក្មេងស្រីៗបានយំស្រក់ទឹកភ្នែកដោយសារតែបញ្ហាច្របូកច្របល់នៅសាលាលីបង់

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម