មិន​អាច​យក​ឡាន និង​ផ្ទះ​មក​វាស់​ភាព​ជោគជ័យ​របស់​អ្នក​វ័យ ៣០​ឆ្នាំ​បាន​ឡើយ

  • 2022-04-09 12:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​អាយុ ៣០​ឆ្នាំ ខ្ញុំ​គ្មាន​ផ្ទះ តែ​ខ្ញុំ​នៅ​ផ្ទះ​ជួល​លំដាប់​ខ្ពស់ គ្មាន​ឡាន តែ​តែង​ជិះ​តាក់ស៊ី​។ ខ្ញុំ​មាន​សុខភាព និង​ការងារ​ដែល​កំពុង​ដំណើរ​ការ​ល្អ។

ខ្ញុំ​មិន​យល់​ស្រប​នឹង​គំនិត​ដែល​លើក​ឡើង​ថា នៅ​អាយុ​៣០​ឆ្នាំ ដាច់​ខាត​ត្រូវ​តែ​ជោគជ័យ​លើ​វិថី​ការងារ​នោះ​ឡើយ។ ខ្ញុំ​គិត​ថា​ វ័យ​ខ្ទង់​៣០​ឆ្នាំ គឺ​ជា​វ័យ​ដើម្បី​ស្វែង​យល់ និង​ដក​ពិសោធន៍ និង​យល់​ពី​ខ្លួន​ឯង​​ឲ្យ​បាន​ច្បាស់ ដើម្បី​ជោគជ័យ​លើ​វិថី​ការងារ​ខាង​មុខ​ឲ្យ​ប្រាកដ។

ខ្ញុំ​​នៅ​​វ័យ ៣០​ឆ្នាំ គ្មាន​ផ្ទះ ក៏​គ្មាន​ឡាន រឹត​តែ​គ្មាន​មិត្ត​ស្រី ហើយ​បើ​កាត់​លុយ​ខ្ចី​ធនាគារ​ចេញ​អស់ ក៏​ប្រហែល​ជា​គ្មាន​សល់​លុយ​ប៉ុន្មាន​ដែរ។ ជំនួស​មក​វិញ ខ្ញុំ​មាន​សុខភាព (ខ្ញុំ​ហាត់​ប្រាណ​មួយ​ថ្ងៃ​២​ម៉ោង) មាន​ពេលវេលា​បំប៉ន​ថែម​ចំណេះ​ដឹង​ ឬ​ក៏​រំលឹក​ចំណេះដឹង​ចាស់​ឡើង​វិញ​ក៏​បាន។ ទន្ទឹម​នឹង​នោះ​ក៏មាន​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​ផង​ដែរ។ ខ្ញុំ​យល់​ស្រប​នឹង​គំនិត​​ថា ចង់​ជោគជ័យ ត្រូវ​តែ​ចេះ​ពុះពារ សន្សំ​សំចៃ។ តែ​បើ​យក​ឡាន និង​ផ្ទះ​វាស់​ភាព​ជោគជ័យ​របស់​មនុស្ស​វ័យ ៣០​ឆ្នាំ​គឺ​មិន​ស័ក្ដិសម​ឡើយ។ ខ្ញុំ​រស់​នៅ​ខុន​ដូ​លំដាប់​ខ្ពស់ និង​ជិះ​ឡាន​តាក់ស៊ី​រាល់​ថ្ងៃ ហើយ​មាន​អារម្មណ៍​ថា​ពេញ​ចិត្ត​នឹង​ជីវិត​មួយ​នេះ។

តាម​ការ​គិត​របស់​ខ្ញុំ វ័យ​ខ្ទង់​៣០ឆ្នាំ គឺ​ជា​ពេល​វេលា​ដ៏​ល្អ​បំផុត សម្រាប់​ការ​បំប៉ន​ចំណេះ​ដឹង ព្រោះ​នេះ​គឺ​ជា​ទ្រព្យ​ដែល​គ្មាន​ថ្ងៃ​បាត់​បង់។ ទន្ទឹម​នឹង​នេះ ខ្ញុំ​ជឿ​ថា អាយុ​៣០​ឆ្នាំ​ហើយ​មិន​ទាន់​មាន​គ្រួសារ ក៏​មិន​មែន​បរាជ័យ​ដូច​គ្នា ព្រោះ​សម្រាប់​មនុស្ស​ប្រុស អាជីព​សម្រេច​បាន​មុន ចាំ​សាង​គ្រួសារ​ក៏​មិន​យឺត​ពេល​ដែរ៕

ប្រភព៖ vnexpress ប្រែសម្រួល៖ Caramel