ពិបាកនឹងពេញចិត្តជីវិតខ្លួនឯងណាស់ បើអ្នកចេះតែមានអារម្មណ៏បែបនេះញឹកញាប់
- 2022-04-09 13:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិបាកនឹងពេញចិត្តជីវិតខ្លួនឯងណាស់ បើអ្នកចេះតែមានអារម្មណ៏បែបនេះញឹកញាប់
មានដែលចាប់អារម្មណ៏អត់ថា ចិត្តនេះតែខ្វល់ខ្វាយបារម្ភច្រើន ទោះជាគ្រប់យ៉ាងនៅក្នុងជីវិតនេះមិនមានអ្វីចោទជាបញ្ហាក្តី? មានមនុស្សច្រើនណាស់តែងមិនអាចទទួលយករឿងល្អដែលកើតឡើងនៅក្នុងជីវិតបាន បែជាយល់ថាសំណាងល្អរបស់ពួកគេច្បាស់ជាមានរឿងអាក្រក់មកតាមក្រោយជាមិនខាន។ អ្នកអាចនឹងមានអារម្មណ៏បែបនេះព្រោះតែអ្វីដែលអ្នកចង់ធ្វើនោះប្រថុយប្រថានខ្លាំងគួរអោយបារម្ភនោះទេ តែអ្នកមានកូនចិត្តភ័យខ្លាចថា នៅពេលដែលអ្នករីករាយ សប្បាយចិត្តបន្តិច រឿងអាក្រក់អាចនឹងកើតឡើងមិនខាន។ មនុស្សដែលតែស្វែងរកហេតុផលដើម្បីធ្វើអោយខ្លួនឯងមិនសប្បាយចិត្តបែបនេះ ត្រូវបានគេចាត់ទុកថាអ្នកដែលមានជម្ងឺ Cherophobia ។
មនុស្សភាគច្រើនដែលមានបញ្ហាផ្លូវអារម្មណ៏បែបនេះ មិនប្រាកដថាពួកគេពិបាកចិត្តគ្រប់ពេលនោះទេ តែពួកគេតែងតែព្យាយាមគេចវេសពីសកម្មភាពទាំងឡាយណាដែលអាចអោយពួកគេសប្បាយចិត្តបាន។ យោងតាមគេហទំព័រ Healthline ទាំងនេះជារោគសញ្ញាដែលអ្នកគួរតែចាប់អារម្មណ៏សង្កេតបំផុត៖
ភ័យព្រួយជាមុនពេលដែលត្រូវបានមិត្តភក្តិបបួលទៅក្រៅ។
បដិសេធឱកាសដែលអាចនាំឱ្យមានការផ្លាស់ប្តូរជីវិតដោយសារខ្លាចមានរឿងអាក្រក់កើតឡើង។
តែងតែគេចវេសពីរឿងដែលធ្វើអោយសប្បាយចិត្តបាន។
គិតថាពេលសប្បាយចិត្ត រឿងអាក្រក់នឹងកើតឡើងតាមក្រោយមិនខាន។
គិតថាក្ដីសុខ សុភមង្គលនឹងធ្វើអោយអ្នកក្លាយជាមនុស្សមិនល្អ
ជឿជាក់ថាការបង្ហាញសុភមង្គលគឺមិនល្អសម្រាប់អ្នកឬមិត្តភក្តិឬក្រុមគ្រួសារ។
គិតថាព្យាយាមស្វែងរកសេចក្ដីសុខ គឺជាការខ្ជះខ្ជាយពេលវេលា។
ដោះស្រាយបញ្ហានេះគឺកើតចេញពីការផ្លាស់ប្ដូរការគិតរបស់អ្នក ជាពិសេសបើអ្នកគិតថា វាជារបៀបដែលអ្នកការពារខ្លួន ព្រោះតែរឿងមិនល្អដែលកើតឡើងមកលើអ្នកកន្លងមក។ វានឹងត្រូវការពេលវេលា ដើម្បីដោះស្រាយបញ្ហាមួយនេះ ប៉ុន្តែជាមួយនឹងការព្យាបាល អ្នកនឹងអាចឆ្លងផុតវាបាន ទទួលបានសុភមង្គលនិងចាប់ផ្តើមរស់យ៉ាងរីករាយដូចមនុស្សទូទៅមិនខាន។