ទារកដែលបានកើតនៅអាយុ ២៣ សប្ដាហ៍ទីបំផុតអាចត្រលប់ទៅផ្ទះបានហើយ

  • 2022-03-18 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទារកដែលកើតនៅអាយុ ២៣ សប្តាហ៍ដែលត្រូវបានគ្រូពេទ្យប្រាប់ថា ឱកាសក្នុងការរស់រានមានជីវិតមានត្រឹម ១៥ ភាគរយ ឥឡូវនេះអាចត្រឡប់ទៅផ្ទះវិញជាលើកដំបូងបានហើយ។

Lucas មានទម្ងន់ត្រឹមតែ ៥៣៩ ក្រាមតែប៉ុណ្ណោះនៅពេលដែលគាត់កើតមកកាលពីថ្ងៃទី ១៦ ខែតុលា នៅមន្ទីរពេទ្យស្ត្រី Liverpool។ ក្មេងប្រុសរូបនេះគាត់បានចំណាយពេលជិតប្រាំខែនឹងបន្ដទៅទៀត បន្ទាប់ពីការតស៊ូដ៏លំបាកក្នុងការរស់រានមានជីវិតពីជំងឺប្រតិកម្មស្បែករាងកាយចំពោះការឆ្លង និងសួតមិនដំណើរការល្អ។ ម្ដាយរបស់គាត់ឈ្មោះ Sarah Chialton បាននិយាយថា «​នេះគឺជាអព្ភូតហេតុដ៏កម្រ» របស់កូនប្រុសគាត់ ហើយគាត់បានថ្លែងអំណរគុណដល់បុគ្គលិកពេទ្យយ៉ាងខ្លាំងចំពោះការជួយសង្គ្រោះជីវិតរបស់កូនប្រុសគាត់។

ស្ត្រីវ័យ ៣០ ឆ្នាំរូបនេះបាននិយាយអំពីពេលដែលនាងបានឈានជើងចូលផ្ទះជាមួយកូនប្រុសរបស់នាងថា «ខ្ញុំមិនអាចរៀបរាប់អំពីអារម្មណ៍របស់នាងខ្ញុំបានទេ» វាគឺពិតជារឿងមិនគួរឲ្យជឿឡើយ និងជារឿងដែលធ្វើឲ្យនាងខ្ញុំសប្បាយចិត្តរកអ្វីមកប្រៀបផ្ទឹមពុំបាន។

នាងបានប្រាប់ថា ការមានផ្ទៃពោះរបស់នាងគឺធម្មតា រហូតដល់នាងកត់សម្គាល់ឃើញមានទឹកភ្លោះចេញមកនៅពេលដែលកូនរបស់នាងទើបតែមានអាយុត្រឹម ២៣ សប្ដាហ៍ប៉ុណ្ណោះ។ នាងបានទៅមន្ទីរពេទ្យ ហើយពិនិត្យឃើញថាស្បូនរបស់នាងបើកទំហំពីរសង់ទីម៉ែត្រ បើទោះបីជានាងមិនមានអារម្មណ៍ឈឺចាប់ ឬកន្ត្រាក់អ្វីក៏ដោយ។

គិលានុបដ្ឋាយិកាម្នាក់នៅក្នុងមន្ទីរពេទ្យបាននិយាយថា “វាជាសញ្ញាមិនល្អឡើយសម្រាប់ទារកដែលកើតនៅអាយុ ២៣ សប្តាហ៍” ពីព្រោះឱកាសក្នុងការរស់រានមានជីវិតតិចណាស់ដែលបានធ្វើឲ្យម្ដាយមានអារម្មណ៍ក្តុកក្តួលជាខ្លាំង។ គ្រូពេទ្យមួយរូបបាននិយាយទៅកាន់ម្ដាយថា “គួរតែត្រៀមចិត្ត ត្រៀមកាយឲ្យហើយទៅ”។

Lucas កើតនៅអាយុ ២៣ សប្តាហ៍នឹងបួនថ្ងៃឥឡូវនេះមានទម្ងន់ ៣.៧ គីឡូក្រាម ហើយកាលពីថ្ងៃអាទិត្យកន្លងទៅនេះម្ដាយអាចនាំកូនតូចរបស់នាងមកផ្ទះជាលើកដំបូងបានហើយ។ នាង​បាន​និយាយ​ថា សម្រាប់ឪពុក​ម្តាយ​ផ្សេង​ទៀត​ដែល​ឆ្លង​កាត់​បទ​ពិសោធន៍​ស្រដៀង​គ្នា​នេះគួរតែរក្សា​ក្តី​សង្ឃឹមជានិច្ចពីព្រោះ «ក្តី​សង្ឃឹម​គឺ​ជា​អ្វី​ដែល​ខ្ញុំ​មាន​តាំង​ពី​ដើម​មក ហើយ​វា​ពិតជាបាន​ដំណើរ​ការមែន»

ចុចអានបន្ដ៖ ចំនួនអ្នកស្លាប់ដោយសារកូវីដ ប្រហែលបីដងខ្ពស់ជាងកំណត់ត្រាដែលធ្លាប់មាន

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den