អាយុ​ទើប៤០ឆ្នាំ កំពូល​តារា​ចម្រៀង​ហុងកុង​បាន​សរសេរ​បណ្ដាំ​មរតក​បាត់​ទៅ​ហើយ

  • 2022-01-24 04:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​ខ្លាច ខ្លួន​ឯង​ជួប​គ្រោះ​ថ្នាក់​អ្វី​មួយ​ តារា​ចម្រៀង និង​សម្ដែង​ស្រី​លំដាប់ A ហុងកុង Charlene Choi បាន​​ធ្វើ​បណ្ដាំ​មរតក​រួច​ហើយ។

កាល​ពី​ថ្ងៃ​ទី ២៣ ខែ​មករា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌​មាន HK01 បាន​រាយការណ៍​ថា តារា​ចម្រៀង និង​សម្ដែង​ស្រីជួរ​មុខ​ហុងកុង Charlene Choi នៅ​ពេល​ចូលរួម​ក្នុ​ងកម្មវិធី Because I’m a Friend បាន​ប្រាប់​ថា​ខ្លួន​បាន​ធ្វើ​បណ្ដាំ​មរតក​រួច​ហើយ ព្រម​ទាំង​បាន​រើស​រូប​តាំង​ពេល​ស្លាប់​រួច​ហើយ​ដូច​គ្នា។

“ខ្ញុំ​ធ្វើ​បណ្ដាំ​មរតក បែង​ចែក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ឯង​រួច​ហើយ។ សម្រាប់​រូប​ទុក​តាំង​ពេល​ស្លាប់ គឺ​ខ្ញុំ​ផ្លាស់​រៀងរាល់​៥​ឆ្នាំ​ម្ដង។ ក្រៅ​ពី​​នោះ ខ្ញុំ​ក៏​ថត​ជា​វីដេអូ និយាយ​ជជែក​គ្នា​ជាមួយ​ប៉ាម៉ាក់ និង​សង្សារ ដើម្បី​ទុក​ឲ្យ​ពួក​គេ​ កុំ​ឲ្យ​ពួក​គាត់​ពិបាក​ចិត្ត ក្នុង​ករណី​ខ្ញុំ​ត្រូវ​ចាកចេញ​មុន​ពួក​គេ” ស្រី​ស្អាត​វ័យ​៤០​ឆ្នាំ​ឲ្យ​ដឹង។

ចែក​រំលែក​ពី មូលហេតុ​ធ្វើ​បណ្ដាំ​មរតក​ទាំង​វ័យ​ក្មេង តារា​ស្រី​កើត​ឆ្នាំ ១៩៨២ បាន​ប្រាប់​ថា នាង​ធំ​ដឹង​ក្ដី​ក្នុង​គ្រួសារ​ដែល​តែង​បង្រៀន​ឲ្យ​មាន​ផែន​ការ​សម្រាប់​ខ្លួន​ឯង ដូច​នេះ​គ្មាន​អ្វី​ប្រសើរ​ជាង​ធ្វើ​បណ្ដាំ​មរតក​ឲ្យ​ហើយ​នោះ​ទេ។

បណ្ដាញ​ព័ត៌មាន On បាន​ឲ្យ​ដឹង​ថា Charlene Choi គឺ​ជារាជិនី​អចលនទ្រព្យ​នៅ​ហុងកុង ដោយ​នាង​មាន​អគារ​តម្លៃ​១២​លាន​ដុល្លារ ជា​ច្រើន​ខ្នង​នៅ​ទីក្រុង​នេះ។ នៅ​ក្នុង​កម្មវិធី​ខាង​លើ ស្រី​ស្អាត​រូប​នេះ​បាន​បង្ហាញ​ឪពុក​ម្ដាយ​គឺ​ជា​អ្នក​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​របស់​នាង។

បច្ចុប្បន្ន Charlene មាន​មិត្ត​ប្រុស​ឈ្មោះ Anthony Shek ដែល​ជា​មហាសេដ្ឋី​កាស៊ីណូ និង​អចលនទ្រព្យ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ឡើង​ដល់​ពាន់​លាន​ដុល្លារ។ ទោះ​ស្រលាញ់​គ្នា​៣​ឆ្នាំ​ហើយ​ក៏​ដោយ តែ​អ្នក​ទាំង​២​មិន​ទាន់​មាន​គម្រោង​រៀបការ​នោះ​ទេ៕

អត្ថបទ៖ Caramel

អត្ថបទពេញនិយម