Song Ji A ចេញ​មុខ​សូមទោស​ក្រោយ​ត្រូវ​គេ​ចាប់​បាន​បាក់​អាវ Chanel ក្លែង​ក្លាយ

  • 2022-01-19 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​បណ្ដាញ​សង្គម​ល្បី​ឈ្មោះ​​កូរ៉េ Song Ji A បាន​ចេញ​មុខ​សូមទោស​ជា​សាធារណៈ ក្រោយ​ពេលស្រី​ស្អាត​វ័យ​ក្មេង​រូប​នេះ​ត្រូវ​បាន​គេ​ចាប់​បាន​ថា​ស្លៀក​សម្លៀកបំពាក់​ក្លែងក្លាយ។ កាល​ពី​ថ្ងៃ​ទី ១៨ ខែ​មករា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sports Donga បាន​រាយការណ៍​បថា តារា​បណ្ដាញ​សង្គម​ស្រី Song Ji A ដែល​ល្បី​ឈ្មោះ​ខ្លាំង ក្រោយ​ពេល​ចូល​រួម​ក្នុង​កម្មវិធី Single’s Inferno នោះ ត្រូវ​បាន​ទស្សនិកជនរក​ឃើញ​ថា ខោអាវ​លំដាប់​ខ្ពស់​ដែល​នាង​ស្លៀក​នៅ​ក្នុង​កម្មវិធី​មក​ពី​ប្រេន​កំពូល​ៗ​ដូច​ជា Chanel និង Dior តាម​ការ​ពិតគឺ​ជា​ផលិតផល​ក្លែងក្លាយ​នោះ​ទេ។

ក្រៅ​ពី​សម្លៀក​បំពាក់ ស្រី​ស្អាត​អាយុ ២៤​ឆ្នាំ​ក៏​ត្រូវ​គេ​រក​ឃើញ​ថា​ពាក់​គ្រឿងអលង្ការ​ក្លែងក្លាយ​ពី​ប្រេន Vancleef ដូច​គ្នា។ ប្រឈម​មុខ​នឹង​ការ​រិះគន់​ដ៏​ខ្លាំង​ពី​មហាជន នារី​កើតឆ្នាំ ១៩៩៧ បាន​ចេញ​មុខ​សូមទោស​ថា៖ ការ​ចោទ​ប្រកាន់​ដែល​ខ្ញុំ​ពាក់​ខោអាវ​ក្លែងក្លាយ​គឺ​ពិត​ជា​មិន​ខុស​ឡើយ ខោអាវ​មួយ​ចំនួន​ដែល​ខ្ញុំ​មាន គឺ​មិន​មែន​ជា​ខោអាវ​មក​ពី​ប្រេន​ពិត​ឡើយ។ ចាប់​ពី​ពេល​នេះ​តទៅ ខ្ញុំ​នឹង​រស់​នៅ​ប្រកប​ដោយ​ទំនួលខុសត្រូវ​ជាង​នេះ និង​មិន​អោយ​មាន​រឿង​ដូច​នេះ​កើត​ឡើង​ទៀត​ឡើយ”។

មុន​នោះ​ដែរ ក្នុង​ចំណោម​​បេក្ខជនកម្មវិធី​ផ្គូរផ្គង​ស្នេហា Single’s Inferno ទាំង​អស់ Song Ji A គឺ​ជា​អ្នក​មាន​ប្រជាប្រិយភាព​ជាង​គេ ដោយ​មាន​បេក្ខជន​ប្រុស​ដល់​ទៅ​៣​នាក់ ជ្រើស​យក​នាង​ជា​ដៃ​គូ​នៅ​ក្នុ​ងភាគ​បញ្ចប់​។ នៅ​ក្នុង​កម្មវិធី ស្រី​ស្អាត​វ័យ​ក្មេង​រូប​នេះ​តែង​ស្លៀក​ពាក់​សម្លៀក​បំពាក់​មក​ពី​ប្រេន​ល្បី​ៗ តែ​ត្រូវ​គេ​ចាប់​បាន​ថា​ជា​ខោអាវ​ក្លែងក្លាយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម