ប្រៀបធៀបទ្រព្យសម្បត្តិខុសគ្នាដូចមេឃ និងដីរវាង Yang Mi និង Zhao Liying
- 2022-01-12 03:17:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រៀបធៀបទ្រព្យសម្បត្តិខុសគ្នាដូចមេឃ និងដីរវាង Yang Mi និង Zhao Liying
ទោះបីជាមានវ័យស្របាលគ្នាក៏ដោយ តែទ្រព្យសម្បត្តិរបស់កំពូលតារាសម្ដែងស្រីទាំង២ Yang Mi និង Zhao Liying មានភាពខុសគ្នាច្រើន។
នៅក្នុងវិស័យសិល្បៈចិន តារាសម្ដែងស្រីលំដាប់ A ពីរដួងគឺ Yang Mi និង Zhao Liying តែងត្រូវគេដាក់លើជញ្ជីងដើម្បីប្រៀបធៀបគ្នា ត្បិតតាំងពីអាជីពក៏ដូចជាជីវិតស្នេហាគឺមានភាពស្រដៀងគ្នាច្រើន តែទ្រព្យរបស់ស្រីស្អាតកូន១ទាំង២វិញ មានភាពខុសគ្នាយ៉ាងណាដែរ?
Yang Mi ៧០៥លានដុល្លារ
Yang Mi ក្លាយជាតារាជួរមុខក្រោយជោគជ័យនៃរឿងភាគ Palace ក្នុងឆ្នាំ២០១១។ ក្នុងឆ្នាំដដែល តម្លៃខ្លួនរបស់នាងបានហក់ឡើងខ្ពស់សម្រាប់រឿងមួយភាគ។ ក្រោយជោគជ័យផ្ទួនៗ ជាពិសេសគឺក្រោយរឿង និស្ស័យស្នេហ៍ទេវតា៣ជាតិ តម្លៃខ្លួនរបស់នាងបានកើនឡើងដល់ ៥០ម៉ឺនដុល្លារក្នុងមួយភាគ ហើយជាមធ្យម រឿងភាគមួយ Yang Mi រកបានប្រមាណ៣០លានដុល្លារ។ ទោះបីជាបច្ចុប្បន្នប្រទេសចិនកំពុងកាត់បន្ថយតម្លៃខ្លួនតារាក៏ដោយ តែស្រីស្អាតរូបនេះនៅតែទទួលបានចន្លោះពី ៧ ទៅ១០លានដុល្លារសម្រាប់រឿងមួយ។
ឆ្នាំ ២០១៥ Yang Mi ព្រមទាំងអ្នកគ្រប់គ្រង២នាក់បានចេញបើកក្រុមហ៊ុនផ្ទាល់ខ្លួនឈ្មោះថា Jay Walk Studio ដែលធ្វើឲ្យនាងក្រៅពីទទួលបានតម្លៃខ្លួនពីការសម្ដែង ក៏ទទួលបានប្រាក់ចំណេញមួយផ្នែកនៃក្រុមហ៊ុនផងដែរ ដោយមួយឆ្នាំមិនតិចជាង១៥លានដុល្លារនោះទេ។ ក្រៅពីនោះ នាងវិនិយោគច្រើនលើអចលនទ្រព្យដែលមានតាំងពីនៅចិនដីគោក ព្រមទាំងហុងកុងផងដែរ។ តម្លៃអចលនទ្រព្យក្នុងដៃស្រីស្អាតអាយុ ៣៥ឆ្នាំ មានប្រមាណ២០០លានដុល្លារ។ សម្រាប់កុងត្រាពាណិជ្ជកម្មវិញ នាងស៊ីថ្លៃ ៣លានដុល្លារសម្រាប់សុពលភាព ២ឆ្នាំ។ កម្មវិធីកម្សាន្តមួយ ចំនួន១០ភាគ នាងស៊ីថ្លៃពី ៥ទៅ ១០លានដុល្លារ អាស្រ័យតាមទំហំនៃកម្មវិធី។
Zhao Liying ៦១លានដុល្លារ
ប្រៀបធៀបនឹង Yang Mi ស្រីស្អាត Zhao Liying ទទួលបានជោគជ័យក្រោយ ដោយទាល់តែដល់ឆ្នាំ ២០១៥ ដែលរឿងនិស្ស័យស្នេហ៍ដាវទេពចាក់ផ្សាយ ទើបអ្នកម្ដាយកូន១ ក្លាយជាតារាលំដាប់ A។ មុនពេល មានបទបញ្ជាកាត់បន្ថយតម្លៃខ្លួនតារា Liying ទទួលបានតម្លៃខ្លួន ៣០ម៉ឺនដុល្លារសម្រាប់រឿងមួយភាគ។ ក្រោយមានច្បាប់ខាងលើចេញ នាងទទួលបានតម្លៃខ្លួន៥លានដុល្លារសម្រាប់រឿងមួយ។ ដោយសារតែទទួលកុងត្រាពាណិជ្ជកម្មតិច ទើបនាងស៊ីថ្លៃដល់ទៅ ៣.៥លានដុល្លារ សម្រាប់សុពលភាព២ឆ្នាំ។ ជំនួសឲ្យការបើកក្រុមហ៊ុនដូចស្រីស្អាតខាងលើ តារាអាយុ ៣៤ឆ្នាំ និយមវិនិយោគលើក្រុមហ៊ុនអ្នកដទៃជាង ដោយនាងវិនិយោគលើក្រុមហ៊ុនចំនួន១០ ដូចនេះហើយ ប្រាក់ចំណេញក៏តិចជាងគេអ្នកបើកក្រុមហ៊ុនខ្លួនឯងដែរ។ សម្រាប់អចលទ្រព្យវិញ នាងមិនចូលចិត្តវិនិយោគឡើយ ដោយនាងមានតែភូមិគ្រឹះមួយខ្នងនៅក្រុងប៉េកាំងក្រោយលែងលះប្ដីរួច។ ក្រៅពីនេះ Zhao Liying មិនមែនជាមនុស្សចូលចិត្តចូលកម្មវិធីកន្សាន្តដូចនេះ នាងក៏មិនទទួលបានថវិការច្រើនពីផ្នែកនេះដែរ៕