កំហុសឆ្គង ៥ យ៉ាងនៃភាសាកាយវិការដែលធ្វើឲ្យអ្នកដទៃវាយតម្លៃអ្នកខុស
- 2022-01-05 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហុសឆ្គង ៥ យ៉ាងនៃភាសាកាយវិការដែលធ្វើឲ្យអ្នកដទៃវាយតម្លៃអ្នកខុស
គេតែងតែនិយាយថាមនុស្សមានចំណាប់អារម្មណ៍ទៅលើមនុស្សម្នាក់ទៀតក្នុងរយៈពេល ៣០ វិនាទីដំបូងនៃការជួបគ្នា ហើយភាសាកាយវិការរបស់អ្នកគឺមានសារសំខាន់ជាងការនិយាយផ្ទាល់មាត់ក្នុងការទាញចំណាប់អារម្មណ៍ពីអ្នកដទៃទៅទៀត។
ពេលខ្លះអាកប្បកិរិយាអវិជ្ជមានទាំងអស់ដែលយើងបានធ្វើដោយមិនដឹងខ្លួនក៏អាចប៉ះពាល់ដល់ទស្សនដែលអ្នកដទៃមានចំពោះយើងដែរ។ ដូច្នេះវាជារឿងដែលអ្នកគួរយកចិត្តទុកដាក់ខ្លាំង និងផ្ដោតសំខាន់ទៅលើមនុស្សដែលអ្នកជួបតាំងពីការចាប់ផ្តើមពេលដំបូង ពីព្រោះវាអាចពិបាកក្នុងការកែតម្រូវអារម្មណ៍មិនល្អ ឬការបញ្ច្រាសអារម្មណ៍អាក្រក់របស់អ្នកដទៃនៅពេលក្រោយ។
ទាំងនេះគឺជាអាកប្បកិរិយាភាសាកាយវិការ ៥ យ៉ាងដែលអាចធ្វើឲ្យអ្នកដទៃវាយតម្លៃអ្នកខុស៖
១. ការសម្លឹងមើលនាឡិការបស់អ្នក សកម្មភាពនេះនឹងធ្វើឲ្យអ្នកដទៃមានគំនិតថា អ្នកកំពុងតែធុញទ្រាន់នឹងពួកគេ ហើយវាបញ្ជាក់ថាអ្នកកំពុងតែទន្ទឹងរង់ចាំឲ្យវាចប់ឆាប់ៗ។
២. ការចាប់ដៃបែបទន់ខ្សោយឬមិនប្រាកដប្រជា ការធ្វើបែបនេះវាអាចបង្ហាញថាអ្នកមិនខ្វល់ពីអ្នកដទៃ ជាពិសេសជាមួយនឹងនរណាម្នាក់ដែលទាក់ទងជាមួយការងារ។ ការចាប់ដៃបែបម៉ឹងម៉ាត់ (ប៉ុន្តែមិនខ្លាំង) អាចធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាមានទំនាក់ទំនងរឹងមាំ និងសំខាន់ជាមួយអ្នក។
៣. ការចូលទៅជិតអ្នកដទៃពេក ចន្លោះផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗត្រូវបានកំណត់ចាប់ពី ១ ម៉ែតទៅ ១ ម៉ែតកន្លះពីគ្នា ប្រសិនបើអ្នកបំពានទៅលើលំហនេះជាមួយមនុស្សដែលអ្នកទើបតែជួបជាលើកដំបូង វានឹងធ្វើឲ្យមនុស្សនោះមិនស្រួលចិត្ត ហើយមានអារម្មណ៍មិនល្អចំពោះអ្នកឡើយ។
៤. ការត្រដុសដៃរបស់អ្នកជាមួយគ្នានៅពេលមានកិច្ចប្រជុំ វាជាការបង្ហាញថាអ្នកមិនចាប់អារម្មណ៍ជាមួយនឹងការធ្វើបទបង្ហាញ ឬគំនិតរបស់អ្នកដទៃឡើយ ឬអាចប្រាប់បានថាអ្នកកំពុងតែមានការភិតភ័យ។
៥. ការអង្គុយរបស់អ្នកគឺនៅគែមកៅអី របៀបដែលអ្នកអង្គុយក្នុងអំឡុងពេលកិច្ចប្រជុំ ឬពេលណាត់ជួបនានាអាចបង្ហាញថាអ្នកមិនស្រួលចិត្ត និងមិនមានទំនុកចិត្តចំពោះខ្លួនឯងក្នុងការធ្វើអ្វីមួយ។
អ្នកមិនចង់បង្ហាញការមិនគោរពឲ្យតម្លៃចំពោះអ្នកដទៃទេ ហើយអ្នកក៏មិនចង់ឲ្យអ្នកដទៃបាត់បង់ការគោរពឲ្យតម្លៃចំពោះអ្នកដែរ ហេតុដូច្នេះហើយបានជាសកម្មភាពមួយចំនួនត្រូវបានគេវាយតម្លៃទៅលើផ្លូវអាក្រក់ សូម្បីតែអ្នកធ្វើវាដោយមិនបានដឹងខ្លួនផង។ ហើយមិនត្រឹមតែប៉ុណ្ណោះទេមនុស្សទាំងនោះប្រហែលជាអាចគិតថាវាជាការឆ្លុះបញ្ចាំងពីបុគ្គលិលក្ខណមិនល្អរបស់អ្នកថែមទៀត។ ដូច្នេះសូមព្យាយាមរក្សាការយកចិត្តទុកដាក់ឲ្យបានច្រើនរាល់ពេលមានទំនាក់ទំនងជាមួយនរណាម្នាក់៕
ចុចអានបន្ត៖ វិធីសាស្ត្រ ៤ យ៉ាងដែលជួយធ្វើឲ្យអ្នកអាចគ្រប់គ្រងកំហឹងរបស់អ្នកបាន