ញាត់​កូន​ជ្រូក​បាន​ជិត​១​ម៉ឺន​ដុល្លារ មិន​ទាន់​បាត់​អី​ផង បាត់​ទាំង​កូន​ជ្រូក បាត់​ទាំង​អ្នក​នៅ​ជាមួយ

  • 2021-12-21 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ហេតុការណ៍​ប្ដីប្រពន្ធ​មួយ​គូ ត្រូវ​អ្នក​នៅ​ជាមួយ​លួច​កូន​ជ្រូក​មាន​លុយ​ជិត​១​ម៉ឺន​ដុល្លារ​បាន​បង្ករ​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​នៅ​ប្រទេស​វៀតណាម។ កាល​ពី​ថ្ងៃ​ទី ១៩ ខែ​ធ្នូ​កន្លង​ទៅ​នេះ ប៉ូលិស​ទីក្រុង Dong Xoai ខេត្ត Binh Phuoc ប្រទេស​វៀតណាម​បាន​ប្រាប់​ទៅ​កាន់​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា ប្ដី​ប្រពន្ធ​មួយ​គូ ស្នាក់​នៅ​អាសយដ្ឋាន​ខាង​លើ​ ត្រូវ​បាន​អ្នក​នៅ​ជាមួយ (ឈ្នួល​)​​ របស់​ខ្លួន​ លួច​លុយ​ជិត​១​ម៉ឺន​ដុល្លារ​ទៅ​បាត់។

តាម​នោះ​ដែរ ប្ដី​ប្រពន្ធ​មួយ​គូ នេះ​បាន​សន្សំ​លុយ​ដោយ​ញាត់​កូន​ជ្រូក​ជាង១​ឆ្នាំ​មក​ហើយ ដោយ​សរុប​ជាង​ទឹក​ប្រាក់​គឺ​ជាង​២០០​លាន​ដុង​ (ជិត​១​ម៉ឺន​ដុល្លារ)។ ខណៈ​សប្បាយ​ចិត្ត និង​មិន​ទាន់​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ជាមួយ​ទឹក​ប្រាក់​ខាង​លើ​នោះ ស្រាប់​តែ​ព្រឹក​ឡើយ ពួក​គេ​ឃើញ​ថា កូន​ជ្រូក​របស់​ខ្លួន​បាន​បាត់​ខ្លួន​ហើយ ទន្ទឹម​នឹង​នោះ អ្នក​នៅ​ជាមួយ​ក៏​បាត់​ខ្លួន​ទៅ​ដូច​គ្នា។ នៅ​ពេល​ឆែក​កាមេរ៉ា​សុវត្ថិភាព ទើប​ពួក​គេ​ឃើញ​ថា អ្នក​នៅ​ជាមួយ​បាន​ច្រក​កូន​ជ្រូក​ចូល​ថង់​ខ្មៅ ហើយ​ជិះ​ទៅ​ទាំង​គ្មាន​ពាក្យ​លា។

តាម​សម្ដី​របស់​ជន​រង​គ្រោះ នៅ​ពេល​ត្រលប់​ទៅ​ផ្ទះ​វិញ មិន​ឃើញ​អ្នក​នៅ​ជាមួយ ពួក​គេ​ក៏​ឆ្ងល់​ដែរ ត្បិត​នាង​មិន​ដែល​ទៅ​ណា​ចោល​ផ្ទះ​ឡើយ។ យ៉ាងណាក្ដី​ នៅ​ពេល​ចូល​បន្ទប់​ខ្លួន ហើយ​ឃើញ​ថា​បាត់​កូន​ជ្រូក ទើប​ពួក​គេ​ភ័យ​តក់​ស្លុត។ កាមេរ៉ា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​នៅ​ជាមួយ​បាន​លួច​កូន​ជ្រូក​ចេញ​ទៅ​តាំង​ពី​ម៉ោង​១១​ព្រឹក​ឯណោះ។ បច្ចុប្បន្ន ប៉ូលិស​កំពុង​តែ​តាមដាន​ដើម្បី​ចាប់​យក​ជន​ល្មើស​មក​វិញ ត្បិត​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ ស្គាល់​អត្តសញ្ញាណ​អ្នក​នៅ​ជាមួយ​ច្បាស់៕

ប្រភព៖ webtretho ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម