ជំនាញកសាងទំនាក់ទំនង ៦ យ៉ាងដែលជួយធ្វើឲ្យកុមាររស់នៅដោយមានសុភមង្គល
- 2021-12-15 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំនាញកសាងទំនាក់ទំនង ៦ យ៉ាងដែលជួយធ្វើឲ្យកុមាររស់នៅដោយមានសុភមង្គល
បញ្ហាដ៏ធំបំផុតមួយដែលទាក់ទងទៅនឹងការចិញ្ចឹមកូននាពេលបច្ចុប្បន្ននេះគឺការខ្វះខាតពេលវេលាសម្រាប់ពួកគាត់។ ឪពុកម្ដាយជាច្រើនបានខិតខំព្យាយាមឆ្លៀតពេល ដើម្បីបានលេងល្បែងនឹងចំណាយពេលជាមួយកូនៗ និងការកសាងទំនាក់ទំនងនៅក្នុងក្រុមគ្រួសារ។ កូនៗរបស់អ្នកពិតជាត្រូវការឲ្យអ្នកជួយបង្ហាត់បង្រៀនពួកគាត់ ដើម្បីឲ្យពួកគាត់ក្លាយទៅជាមនុស្សល្អប្រសើរម្នាក់ និងទទួលបានភាពសប្បាយរីករាយជាងមុនដែលវាទាក់ទងជាមួយនឹងការកសាងទំនាក់ទំនង។
កុមារត្រូវតែរៀនអំពីវិធីក្នុងការបង្ហាញអារម្មណ៍របស់ពួកគេទៅកាន់អ្នកដទៃ ទាំងកំហឹង និងភាពសប្បាយចិត្ត ពីព្រោះវាអាចអនុញ្ញាតឲ្យពួកគេរៀនអំពីកំហុសឆ្គង រៀនអំពីការបង្កើតមិត្តភាព និងការកសាងទំនាក់ទំនងសង្គមនានាដើម្បីទទួលបានភាពសប្បាយរីករាយគ្រប់ស្ថានភាពទាំងអស់នៃជីវិតរស់នៅ។ ការកសាងទំនាក់ទំនងសង្គមគឺចាំបាច់បំផុតសម្រាប់ភាពវៃឆ្លាតរបស់កូនៗរបស់អ្នក ដើម្បីឲ្យពួកគេក្លាយទៅជាមនុស្សដ៏រឹងមាំម្នាក់នៅពេលពេញវ័យ។
ប្រសិនបើអ្នកមិនទាន់បានដឹងថាត្រូវចាប់ផ្តើមមេរៀនជីវិតទាំងនេះដោយរបៀបណា អ្នកអាចចាប់ផ្តើមជាមួយនឹងជំនាញខាងក្រោមនេះ៖
១. របៀបបង្ហាញការយល់ចិត្ត (គឺជាធាតុផ្សំដ៏សំខាន់បំផុតមួយនៃការកសាងទំនាក់ទំនង) ទំនាក់ទំនងដែលមានផាសុខភាពល្អកើតចេញពីការបង្ហាញអំពីអារម្មណ៍នៃការយល់ចិត្តរបស់គ្នាទៅវិញទៅមក ដូច្នេះវាគឺជាជំនាញកសាងទំនាក់ទំនងដ៏សំខាន់មួយដែលអ្នកអាចបង្រៀនកូនៗរបស់អ្នកបាន។
២. របៀបនៃការសហការ ខណៈពេលដែលអ្នកចង់ឲ្យកូនៗរបស់អ្នកអភិវឌ្ឍជំនាញឯករាជ្យនៅពេលដែលពួកគេពេញវ័យ ពួកគេក៏ត្រូវរៀនអំពីគុណតម្លៃនៃការធ្វើការងារ ឬការសហការជាក្រុមផងដែរ ពីព្រោះជំនាញកសាងទំនាក់ទំនងទាំងនេះនឹងផ្តល់អត្ថប្រយោជន៍ពេញមួយជីវិតសម្រាប់ពួកគេ។
៣. របៀបនៃការសុំទោស (ដែលជាផ្នែកស្នូលនៃការកសាងទំនាក់ទំនង) វាមិនដែលយឺតពេលឡើយក្នុងការបង្រៀនកូនតូចៗរបស់អ្នកពីរបៀបនិយាយថា “ខ្ញុំសុំទោស” និងបង្ហាញពួកគេអំពីរបៀបកែតម្រូវអាកប្បកិរិយា ហើយនៅពេលដែលពួកគេសុំទោស អ្នកត្រូវឆ្លើយតបថា “ខ្ញុំអត់ទោសឲ្យអ្នក” ជាជាង “មិនអីទេ” ពីព្រោះពួកគេអាចរៀនអំពីការមិនធ្វើឲ្យនរណាម្នាក់ឈឺចាប់ ហើយលើសពីនេះទៀត អ្នកកំពុងបង្រៀនពួកគេអំពីគុណតម្លៃដ៏សំខាន់នៃការអភ័យទោសផងដែរ។
៤. របៀបនៃការគិតមុនពេលនិយាយចេញ អ្នកដឹងថាភាពស្មោះត្រង់របស់ក្មេងៗអាចធ្វើឲ្យអ្នកដទៃមានការឈឺចាប់ ខណៈដែលពួកគេមិនមានបំណងឡើយ តែពួកគេតែងតែនិយាយអ្វីដែលមាននៅក្នុងចិត្តចេញមក ដូច្នេះអ្នកត្រូវពង្រឹងគំនិតនៃការ "គិតមុននិយាយ" នៅពេលអ្នកបង្រៀនពួកគាត់។
៥. ការមានទំនួលខុសត្រូវ ជាការពិតណាស់ការបង្រៀនកូនៗឲ្យមានទំនួលខុសត្រូវអាចចាប់ផ្ដើមពីតូចរហូតដល់ពួកគេពេញវ័យ ពីព្រោះមេរៀនជីវិតនីមួយៗនឹងត្រូវបានកែសម្រួលទៅតាមអាយុ និងសមត្ថភាពយល់ដឹងរបស់ពួកគេ ហើយលើសពីនេះទៀតពួកគេនឹងមើលអ្នកក្នុងការធ្វើជាគំរូរបស់ពួកគេ។
៦. របៀបនៃការស៊ូទ្រាំនឹងកំហឹង និងទទួលយកនៃការខកចិត្ត ជាទូទៅកុមារតែងតែចង់ប្រើអំពើហិង្សាដើម្បីដោះស្រាយបញ្ហារបស់ពួកគេ ហើយវាគឺអាស្រ័យទៅលើអាយុរបស់ពួកគេដែរ ក្មេងខ្លះអាចនឹងខាំ ដាល់ វាយ ទះ ឬវាយក្មេងដទៃទៀតឲ្យដួល ដូច្នេះវាចាំបាច់ណាស់ក្នុងការបង្រៀនជំនាញទប់ស្កាត់កំហឹងដល់កុមារនៅពេលណាដែលពួកគេមានអារម្មណ៍តានតឹងឬខឹង ដើម្បីកុំឲ្យកំហឹងធ្វើការគ្របដណ្ដប់លើពួកគេបាន។
ក្មេងៗប្រៀបបានទៅនឹងដីឥដ្ឋដែលមិនទាន់កែច្នៃអញ្ចឹង គឺទាមទារឲ្យមានការស្មូនកែច្នៃឲ្យចេញជារូបរាងអ្វីមួយដ៏ល្អ។ ប៉ុន្តែជាមួយនឹងការបង្ហាត់បង្រៀនជំនាញបង្កើតទំនាក់ទំនងវិជ្ជមាន ពួកគេនឹងអាចរៀនក្លាយទៅជាមនុស្សដ៏ល្អប្រសើរម្នាក់នៅក្នុងសង្គមរស់នៅ ហើយទាំងអស់នេះគឺជាតួនាទីរបស់ឪពុកម្ដាយក្នុងការសម្រេចទិសដៅទាំងនោះឡើងឲ្យបានសម្រេច ដើម្បីឲ្យកូនៗរបស់អ្នកទទួលបានសុភមង្គលក្នុងការរស់នៅ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖