តារាបណ្ដាញសង្គមចិន បញ្ចប់ជីវិតព្រោះត្រូវគេចំអកថាមិនរឹងមាំចំជាប្រុស
- 2021-12-08 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាបណ្ដាញសង្គមចិន បញ្ចប់ជីវិតព្រោះត្រូវគេចំអកថាមិនរឹងមាំចំជាប្រុស
មុនពេលលាចាកចេញទៅ ប្រុសស្អាតបណ្ដាញសង្គមចិនបានបន្សល់សំបុត្រចុងក្រោយដែលប្រវែងដល់ទៅ ៥០០០អក្សរ។ កាលពីថ្ងៃទី៦ ខែធ្នូកន្លងទៅនេះ បណ្ដាញព័ត៌មាន Sina បានរាយការណ៍ថា តារាប្រុសបណ្ដាញសង្គមចិន Lu Dao Shen បានទទួលមរណភាពហើយ ដោយប៉ូលិសបានរកឃើញសពរបស់លោកនៅឆ្នេរសមុទ្រមួយនៅខេត្ត Zhejiang។
ការស៊ើបសង្កេតបឋមបានរកឃើញថា នេះជាការសម្លាប់ខ្លួនដោយពុំមានអំពើងហិង្សាអ្វីទាំងអស់។ មុនពេលបាត់ខ្លួននេះដែរ លោកបានបន្សល់ការចែករំលែកមួយលើបណ្ដាញសង្គមដែលមានប្រវែងដល់ទៅ ៥០០០អក្សរ។ ក្រោយឃើញដូចនេះ ក្រុមអ្នកគាំទ្ររបស់លោកបានប្ដឹងប៉ូលិសមុន ដើម្បីបង្ការស្ថានភាពអាក្រក់កើតឡើង តែគួរឲ្យសោកស្ដាយ លោកបានលាចាកលោកហើយ។
នៅក្នុងសាររបស់ខ្លួន បុរសវ័យ ២៦ឆ្នាំ បានសរសេរយ៉ាងច្បាស់ៗថា តាំងពីតូចមក លោកស្គាល់តែអារម្មណ៍ត្រូវគេបោះបង់ ពាក្យជេរស្ដី និងការគំរាមកំហែង។ “ខ្ញុំមានអារម្មណ៍ថាខ្លួនជាផលិតផលហួសដឺឡេដែលគ្មានអ្នកណាត្រូវការ” Dao Shen រៀបរាប់។
លោកក៏បានបញ្ជាក់ផងដែរថា ដើមទងនៃការរើសអើងនេះគឺមកពីលោកមិនរឹងមាំដូចមនុស្សប្រុស។ “មនុស្សគ្រប់គ្នាគិតថា មនុស្សប្រុសទាល់តែរឹងមាំ រពឹស វាយគ្នា ហើយជេរគ្នាជាដើម។ ពួកគេគិតថាអ្នកស្ងៀមស្ងាត់ អៀនប្រៀន ដូចជាខ្ញុំគឺអន់។ នៅសាលាគេហៅខ្ញុំថាញិញ៉ក់។ ដោយសារតែខ្ញុំរាងតូច គេថាខ្ញុំធ្វើខ្លួនដូចជាមនុស្សស្រី” លោកបន្ថែម។ ក្រោយពេលការស្លាប់របស់ បុរសខាងលើកើតឡើង មនុស្សជាច្រើនបានរិះគន់លើគំនិតដែលមនុស្សប្រុសទាល់តែរឹងមាំ ទើបគ្រប់លក្ខណៈជាខ្លាំង។ ក្រោយពេលបញ្ចប់ការសិក្សាផ្នែកភាពយន្តមក Lu Dao Shen ក៏ចាប់ថែមជំនាញថតរូប ដោយលោកបានថតឲ្យតារាជាច្រើន និងបានសហការនឹងទស្សនាវដ្ដីល្បីឈ្មោះ Vogue ទៀតផង៕