តម្លៃត្រូវសងនៃការមានសេរីភាពអត់ស្នេហានោះគឺ ភាពឯកាគ្មានទីបញ្ចប់
- 2021-12-23 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃត្រូវសងនៃការមានសេរីភាពអត់ស្នេហានោះគឺ ភាពឯកាគ្មានទីបញ្ចប់
នៅលើលោកនេះ យើងមិនអាចទាមទារឲ្យមានអ្វីគ្រប់យ៉ាងបាននោះឡើយ ដោយប្រសិនបើអ្នកមានអ្វីមួយ អ្នកនឹងត្រូវលះបង់អ្វីមួយជាថ្នូរប្ដូរមកវិញដូចគ្នា។
គ្រប់ពេលតែងតែមានអារម្មណ៍ថាឯកា តែអ្នកមានធ្លាប់សួរខ្លួនឯងទេថា អារម្មណ៍មួយនេះគឺជាអ្វី ហេតុអីបានជាវានៅតែងតាមតោងយើងគ្រប់ពេលវេលាបែបនេះ?
ក្រៅពីស្រមោលរបស់ខ្លួនយើង គ្មានអ្នកណាតាមយើងជារៀងរហូតនោះឡើយ ក្រៅពីភាពឯកា។ ភាពឯកាមិនកើតឡើងតែពេលអ្នកនៅម្នាក់ឯងនោះឡើយ វានៅតែកើតឡើងទោះបីជាអ្នកត្រូវបានហ៊ុមព័ទ្ធដោយមនុស្សជាច្រើនក៏ដោយ។
វាអាចកើតឡើងនៅពេលដែលយើងនៅជុំវិញមនុស្សជាច្រើន តែរកម្នាក់ដែលយល់ពីយើងគ្មាន។ ភាពឯកាពេលខ្លះធ្វើឲ្យខ្លួនយើងនៅក្នុងផ្ទះ តែអារម្មណ៍បណ្ដែតទៅណាបាត់ទៅហើយ។ ពេលខ្លះដកទូរសព្ទចេញមក អូសឡើងអូសចុះ ក៏ដើម្បីបន្លាប់ភាពឯកានេះដែរ។
យ៉ាងណាក្ដី នៅមានមនុស្សមួយចំនួនទៀតដែលស្វែងរកភាពឯកាដោយខ្លួនឯង នោះគឺប្រភេទមនុស្សដែលរត់គេចពីស្នេហាដើម្បីស្វែងរកសេរីភាព។ ពួកគេគិតថា មនោសញ្ចេតនាគឺជាអ្វីម្យ៉ាងដែលចងជើងពួកគេសម្បើមណាស់ ដូចនេះពួកគេមានចេតនារត់គេចពីរឿងមួយនេះ ដែលធ្វើឲ្យគេអចេតនារត់ទៅរកភាពឯកាដោយមិនដឹងខ្លួន។
គេអាចបង្ហោះនៅលើបណ្ដាញសង្គមថា មើលកុន ញ៉ាំអី ទៅណាម្នាក់ឯងគ្មានបញ្ហា ប៉ុន្តែជឿជាក់ថា នឹងមានភាគរយតិចតួច ឬច្រើននឹងកើតមានអារម្មណ៍ឯកា នៅពេលគេធ្វើសកម្មភាពទាំងនេះម្នាក់ឯង ហើយប្រទះឃើញអ្នកមានគូ ធ្វើរឿងទាំងនេះ។
យ៉ាងណាក្ដី នេះគឺជាច្បាប់ធម្មជាតិនៃជីវិតទៅហើយ អ្នកចង់បានអ្វីមួយ អ្នកត្រូវលះបង់អ្វីមួយ ដោយមិនអាចក្ដោបក្រសោបបានទាំងអស់នោះឡើយ។ យើងមិនចង់ឈឺក្បាលរឿងស្នេហា នោះយើងត្រូវទ្រាំនឹងរឿងដែលត្រូវធ្វើអ្វីៗតែម្នាក់ឯង៕