បវរកញ្ញា​ចក្រវាល Morocco សង​មកុដ​ទៅ​កាន់​កម្មវិធី​វិញ​ក្រោយ​គ្រង​បាន​៤​ថ្ងៃ

  • 2021-11-15 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បវរកញ្ញា​ចក្រវាល​ថ្មី​នៃ​ប្រទេស Morocco កញ្ញា Fatima Zahra Khayat បាន​ប្រគល់​មកុដ​ឲុ្យ​បវរកញ្ញា​លេខ​២​វិញ​ក្រោយ​ខ្លួន​ជួប​គ្រោះថ្នាក់។

កាល​​ពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា​​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​កម្មវិធី​ប្រលង​បវរកញ្ញាចក្រវាល​ប្រទេស Morocco បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ក្រោយ​ពេល​ពួក​គេ​ប្រកាស​ថា ម្ចាស់​មកុដ​ឆ្នាំ​នេះ​ដែល​ជា​កញ្ញា Fatima Zahra Khayat បាន​សម្រេច​ចិត្ត​ប្រគល់​ពាន​របស់​ខ្លួន​ឲ្យ​អ្នក​ជាប់​លេខ​២​វិញ ដោយ​សារ​នាង​ជួប​គ្រោះ​ថ្នាក់ ត្រូវ​ព្យាបាល​នៅ​មន្ទីរពេទ្យ។ មូលហេតុ​ដែល​នាង​ត្រូវ​ប្រគល់​មកុវ​វិញ​គឺ​មក​ពី នាង​មិន​អាច​តំណាង​ប្រទេស​ខ្លួន​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ ដែល​នឹងប្រព្រឹត្ត​នៅ​ប្រទេស​អ៊ីស្រាអែល​នៅ​ពេល​ខាង​មុខ​នេះ។

អាស្រ័យហេតុនេះ​ហើយ បេក្ខជន​ជាប់​លេខ​២​ កញ្ញា Kawtar Benhalima អាយុ​២២​ឆ្នាំ នឹង​ជំនួស​ម្ចាស់​ពាន​តំណាង​ប្រទេស​ខ្លួន​ឯង​ទៅ​ប្រកួត​នៅ​ឆ្នាំ​នេះ។ មុន​ពេល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ ស្រី​ស្អាត​អាយុ​២៦​ឆ្នាំ បាន​វ៉ាមុខ​បេក្ខនារី​ជាច្រើន​ដទៃ​ទៀត​ដើម្បី​ដណ្ដើម​តំណែងខ្ពស់​បំផុត ហើយ​បាន​សម្ដែង​ការ​រំភើប​ដែល​អាច​តំណាង​ប្រទេស​ខ្លួន​ឯង​ទៅ​ប្រលង។

យោង​តាម​ការ​គ្រោង​ទុក Miss Universe 2021 នឹង​ត្រូវ​ប្រព្រឹត្ត​ឡើង​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ នៅ​ប្រទេស​អ៊ីស្រាអែល​ដោយ​មាន​ការ​ចូលរួម​ពី​បេក្ខភាពី​ជាង​៧០​ប្រទេស​លើ​ពិភពលោក៕

ប្រភព៖ news.zing.vn ប្រែសម្រួល៖ caramel

អត្ថបទពេញនិយម