ដឹងអោយច្បាស់ថា វាជាការស្រលាញ់ ឬ គ្រាន់តែចូលចិត្តធម្មតាដោយចំនុចទាំងនេះ

  • 2021-10-28 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រហែលមកពីអារម្មណ៏ទាំង ២ នេះមានលក្ខណៈស្រដៀងគ្នាច្រើនហើយ ទើបបានធ្វើអោយមនុស្សមួយចំនួនធំបែងចែកមិនដាច់ថាពេលណាខ្លួនចូលចិត្ត ហើយពេលណាស្រលាញ់នរណាម្នាក់នោះ។ បើសិនជាអ្នកមានបញ្ហានេះមែននោះ នេះជាសញ្ញាដែលជួយអោយអ្នកអាចដឹងបានយ៉ាងច្បាស់ថាគេគ្រាន់តែចូលចិត្តធម្មតា ឬ ជាស្នេហា៖

១. ពេលជួបលើកដំបូង

ទោះទើបតែជួបគ្នាថ្មីៗ មែនពិតតែអារម្មណ៏ដែលមានចំពោះគេវាពិសេសប្រាប់មិនត្រូវ បេះដូងក៏លោតញាប់ខុសពីធម្មតា។ នេះអាចជាសញ្ញាមួយដែលអារម្មណ៏របស់អ្នកចង់ប្រាប់ថា អ្នកទាំងពីរប្រាកដជានឹងមិននៅជាមិត្តធម្មតាយូរនោះទេ។ វានឹងពិបាកបន្តិចដើម្បីដឹងថាគេមានអារម្មណ៏ដូចអ្នកដែរទេ តែអ្វីដែលអ្នកគួរតែចាត់ទុកជាដំណឹងល្អនោះ គឺថាក្រោយពេលបានជួបគ្នាហើយនោះ​គេមានព្យាយាមទាក់ទងមកទៀតដែរទេ។

២. អារម្មណ៏ពេលមាននិយាយគ្នា

ទោះជាមិនចង់ក៏ពេលខ្លះទប់អារម្មណ៏មិនបានដែរ មានដែលចាប់អារម្មណ៏ដែរទេ មិត្តភក្តិអ្នកកំពុងមានស្នេហា ទឹកមុខគេ និង អារម្មណ៏គេប្រែប្រួលយ៉ាងណាខ្លះមុននឹងក្រោយពេលមិត្តប្រុសគេទាក់ទងមក។ បើសិនអ្នកមិនអាចអត់នឹងញញឹមបានពេលគេទាក់ទងមក ឬ ឆាតមកនោះ​ អារម្មណ៏ដែលអ្នកមានអោយគេ វាជ្រាលជ្រៅជាងការចូលចិត្ត និង រាប់អានគ្នាបែបធម្មតា។

៣. ពេលអ្នកឈឺ

បើសិនជាគេគ្រាន់តែចូលចិត្តអ្នកធម្មតាៗទេនោះ គេប្រាកដជាចង់ដឹងពីសុខទុក្ខអ្នក ដោយការឆាតមក ឬ ខលមកសួរ។ តែចំពោះមនុស្សដែលមានចិត្តស្រលាញ់អ្នកវិញ គេច្បាស់ជាហាមចិត្តមិនបានដោយចង់មកសួរសុខទុក្ខផ្ទាល់ ព្រមទាំងទិញថ្នាំ និង ចំនីចំនុកអោយជាដើម។

៤. ចង់ដឹងពីអ្នក

អ្វីដែលអ្នកគួរតែចាប់អារម្មណ៏បំផុតនោះ គឺបើសិនគេចូលចិត្តអ្នកបែបធម្មតាៗ គេក៏ចាប់អារម្មណ៏ចង់ដឹងពីរឿងរ៉ាវផ្ទាល់ខ្លួនអ្នកដែរ ដោយការជជីកសួរ និង សួរនាំពីអ្នកដទៃដែលជិតស្និទ្ធនឹងអ្នក។ ហើយវាខុសគ្នាត្រង់ថា បើសិនជាគេស្រលាញ់អ្នកវិញ ទោះជារឿងតូចតាចក្ដី ក៏គេចាំមិនភ្លេចដែរ សូម្បីតែអ្នកចូលចិត្តញ៉ាំកាហ្វេបែបណា ចូលចិត្តពណ៌អ្វីជាដើម។

៥. បារម្ភពេលបាត់ដំណឹងពីអ្នក

នៅពេលដែលទាក់ទងមកអ្នកមិនបានសោះនោះ អ្នកដែលចូលចិត្តអ្នកនឹងចាប់អារម្មណ៏ចង់ដឹងពីសុខទុក្ខដោយសួរនាំថា បាត់ទៅណា ហេតុអ្វីក៏មិនប្រាប់គេជាដើម។ តែមនុស្សដែលមានអារម្មណ៏ជ្រាលជ្រៅជាងនេះនឹង ចង់ដឹងពីមូលហេតុយ៉ាងពិតប្រាកដ ហើយក៏ចង់ដឹងដែរថាមានអ្វីអាចអោយគេជួយបានឬអត់។

ប្រភព៖ bestie ប្រែសម្រួល៖ ​Iv Madalen

អត្ថបទពេញនិយម
អត្ថបទថ្មី